ពលរដ្ឋ​ស្រុក​មេមត់​ស្នើ​អាជ្ញាធរ​ឲ្យ​ឈប់​ជួល​ដី​សហគមន៍​ជំនុំពល​ធារាសាស្ត្រ​ឲ្យ​ឈ្មួញ

ប្រជាពលរដ្ឋ​នៅ​ភូមិ​ជំនុំពល ឃុំ​ជាំតាម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រមូល​ស្នាម​មេដៃ​ជាង ១០០​នាក់ ដាក់​ទៅ​អាជ្ញាធរ​ឃុំ ដើម្បី​ស្នើ​ឲ្យ​ដក​ហូត​ដី​សហគមន៍​ដែល​បាន​ជួល​ទៅ​ឲ្យ​បុគ្គល​ឯកជន​កាល​ពី​ពេល​កន្លង​ទៅ មក​រក្សា​ទុក​ជា​សម្បត្តិ​រួម​វិញ។ ការ​ស្នើ​នេះ ដោយសារ​ប្រជាពលរដ្ឋ​យល់​ថា ការ​ជួល​ដី​សហគមន៍​ទៅ​ឲ្យ​ឯកជន គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ និង​អាច​ឈាន​ដល់​ការ​បាត់បង់​នៅ​ពេល​ខាង​មុខ។

អាជ្ញាធរ​ភូមិ​ឲ្យ​ដឹង​ថា ពួក​គេ​បាន​បញ្ជូន​សំណើ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ​ទៅ​កាន់​អាជ្ញាធរ​ឃុំ​បន្ត ដើម្បី​ស្នើសុំ​ដក​ហូត​ដី​សហគមន៍​មួយ​ឈ្មោះ សហគមន៍​ជំនុំពល​ធារាសាស្ត្រ ដែល​បាន​ជួល​ទៅ​ឲ្យ​ពលរដ្ឋ​មួយ​គ្រួសារ​កាល​ពី​ឆ្នាំ​២០១១។

ប្រធាន​ភូមិ​ជំនុំពល លោក គាន ស៊ីនាន មាន​ប្រសាសន៍​ថា ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ ស្រប​ពេល​ពួក​គាត់​ពិបាក​ធ្វើ​ដំណើរ ពីព្រោះ​ដី​នោះ​ជា​កន្លែង​បម្រុង​សម្រាប់​ជួសជុល​ទំនប់ និង​សម្រាប់​បើកបរ​ត្រាក់ទ័រ ដើម្បី​ជៀសវាង​ខូច​ខ្នង​ទំនប់​ធារាសាស្ត្រ។ លោក​បន្ត​ថា ពេល​ថ្មីៗ​នេះ​លេច​ឮ​ដំណឹង​មក​ថា អ្នក​ជួល​ដី​សហគមន៍ បាន​យក​ដី​នោះ​ទៅ​លក់​បន្ត​ឲ្យ​បុគ្គល​ផ្សេង​ទៀត​ទៅ​វិញ៖ «មាន​ន័យ​ថា ខ្ញុំ​បាន​ដាក់​ឈ្នួល​ឲ្យ​គេ ហើយ​មាន​អ្នក​លក់​អ្នក​អី​ផ្សេង»

ដី​សហគមន៍​ជំនុំពល​ធារាសាស្ត្រ ស្ថិត​នៅ​ឃុំ​ជាំតាម៉ៅ គឺ​មាន​ទំហំ​ប្រមាណ​កន្លះ​ហិកតារ ត្រូវ​បាន​គេ​ជួល​ទៅ​ឲ្យ លោក លិញ អ៊ីហុង ដែល​រស់នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​ធ្វើ​ជា​កន្លែង​កម្សាន្ត​កាល​ពី​ឆ្នាំ​២០១១។ ក្នុង​លិខិត​ជួល​ដី​កាល​ណោះ គឺ​មាន​មេ​ភូមិ​ជំនុំពល លោក គាន ស៊ីនាន ជា​តំណាង​ឲ្យ​សមាជិក​សហគមន៍​ទាំងអស់ ដោយ​ជួល​ក្នុង​តម្លៃ ៨០​ម៉ឺន​រៀល​ក្នុង​មួយ​ឆ្នាំ ហើយ​ជួល​រយៈពេល ៣០​ឆ្នាំ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក លិញ អ៊ីហុង ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៩ ធ្នូ។

យ៉ាង​ណា ប្រជាពលរដ្ឋ​ភូមិ​ជំនុំពល លោក ហួត ហួន បញ្ជាក់​ថា ពួក​គាត់​ទាមទារ​ចង់​បាន​ដី​សហគមន៍​មក​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​វិញ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ ម្យ៉ាង​ប្រាក់​ដែល​បាន​ពី​ការ​ជួល​ដី​សហគមន៍​កន្លង​មក គឺ​មិន​មាន​ភាព​ច្បាស់លាស់។ ប្រភព​ដដែល​បន្ថែម​ទៀត​ថា រយៈពេល​ជួល​ដី​នោះ គឺ​យូរ​ពេក ដែល​អាច​ធ្វើ​ឲ្យ​បាត់បង់​ដី​សហគមន៍​នៅ​ពេល​ខាង​មុខ ពីព្រោះ​ដី​នោះ​បច្ចុប្បន្ន​មិន​បាន​ដំណើរ​ការ​ដាក់​ជា​កន្លែង​កម្សាន្ត​អ្វី​ឡើយ ក្រៅ​តែ​ពី​ហ៊ុមព័ទ្ធ​របង និង​សាងសង់​រោង​មួយ​នៅ​ក្នុង​តំបន់​នោះ ទើប​បណ្ដាល​ឲ្យ​អ្នក​ភូមិ​ពិបាក​ធ្វើ​ដំណើរ៖ «បច្ចុប្បន្ន មិន​សូវ​ស្ថិតស្ថេរ​រឿង​ថវិកា​ហ្នឹង។ អ៊ីចឹង​សមាជិក​សហគមន៍​ចង់​បាន​ដី​ហ្នឹង​មក​គ្រប់គ្រង​វិញ»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ជាំតាម៉ៅ លោក ពៅ ផូរ មាន​ប្រសាសន៍​ថា ខាង​លោក​បាន​ទទួល​យក​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​ជជែក​ជាមួយ​អ្នក​ជួល​ដី​នោះ​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា លោក​មិន​បាន​ដឹង​ពី​ការ​លក់​ដូរ​ដី​តំបន់​នោះ​ឡើយ ព្រោះ​ខាង​លោក​មិន​ដែល​បាន​ទទួល​លិខិត​ណា​មួយ​បញ្ជាក់​ថា តំបន់​នោះ​ត្រូវ​បាន​គេ​លក់។ ចំណែក​ការ​ជួល​ដី​សហគមន៍​កន្លង​មក ខាង​លោក​គ្រាន់​តែ​ជា​អ្នក​ទទួល​ស្គាល់​លើ​លិខិត​កិច្ចសន្យា​ជួល ប៉ុន្តែ​រឿង​ថវិកា និង​រឿង​ផ្សេង​ទៀត លោក​ក៏​មិន​បាន​ដឹង​ដូច​គ្នា​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី លោក​ថា​នឹង​យក​បញ្ហា​នេះ ទៅ​ជជែក​ជាមួយ លោក លិញ អ៊ីហុង តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​ឯកភាព​មិន​មែន​ខ្ញុំ​មិន​ឯកភាព​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ជួប​សម្ដី​ផ្ទាល់​ជាមួយ​អ្នក​ជួល ជាមួយ​នឹង​មេ​ភូមិ​ហ្នឹង»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ គឺ​អាច​ទៅ​រួច ឲ្យ​តែ​ដី​តំបន់​នោះ​ពិត​ជា​ដី​សហគមន៍​ដែល​បាន​បម្រើ​ប្រយោជន៍​ឲ្យ​មនុស្ស​ទូទៅ ហើយ​អាជ្ញាធរ​អាច​រំលាយ​កិច្ច​សន្យា​ជួល​ដី​កាល​ពី​ពេល​កន្លង​ទៅ​បាន​ទៀត​ផង៖ «យោង​តាម​ច្បាប់​ភូមិបាល​ស្ដីពី​កម្មសិទ្ធិ​សាធារណៈ​របស់​រដ្ឋ មិន​មាន​អាជ្ញាយុកាល វា​មិន​មែន​ជា​កម្មវត្ថុ​លក់​ដូរ ជួល​ទិញ ឬ​ធ្វើ​អំណោយ​ទេ»

លោក​បញ្ជាក់​ថា ប្រសិន​បើ​ដី​សហគមន៍​ត្រូវ​បាន​គេ​យក​ទៅ​លក់​បន្ត​វិញ គឺ​ជា​រឿង​មួយ​ខុស​ច្បាប់ ហើយ​អ្នក​លក់ និង​អ្នក​ទិញ ត្រូវ​មាន​ទោស​ដូច​គ្នា។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​លក់​ទិញ​ដី​ទាំង​នោះ រឹតតែ​មាន​ទោស​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។