ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​ព្រមព្រៀង​បើក​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​ជា​ថ្មី

នៅ​ថ្ងៃ​ពុធ ទី៩ ធ្នូ ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្តើម​បើក​ឡើង​វិញ​នូវ​កិច្ចចរចា​សន្តិភាព​រវាង​គ្នា​នា​ថ្ងៃ​ខាង​មុខ។ ដំណឹង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ជិតខាង​ទាំង​ពីរ​ដែល​ធ្លាប់​បាន​ធ្វើ​សង្រ្គាម​នឹង​ចំនួន ៣លើក​នា​ពេល​កន្លង​មក។ គួរ​ជម្រាប​ជូន​ថា កិច្ចចរចា​សន្តិភាព​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​ធ្លាប់​បាន​ធ្វើ​ជា​ហូរហែ តែ​ត្រូវ​បាន​ផ្អាក​ជា​ច្រើន​ដង ហើយ​ភាព​តានតឹង​ក៏​បាន​ផ្ទុះ​ជា​ថ្មី ពិសេស​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។