ស្ត្រី​រងគ្រោះ​បីកូន​ស្រី​តូច​អាយុ​៥​ខែ​តាមរក​លោកសង្ឃ​កំហូច​បោក​យក​ខ្លួនប្រាណ​នាង​បានកូន មួយ​ហើយ​រត់គេចខ្លួន​មិន​ទទួលខុសត្រូវ​

​ខេត្តកំពង់ឆ្នាំង​៖ លោកសង្ឃ​មួយអង្គ បាន​រង​ការចោទប្រកាន់ ពី​ស្ត្រី​ម្នា​ក់ថា បាន​លួងលោម​បាន​ខ្លួនប្រាណ​នាង និង​កូន​មួយ​ហើយ​រត់​គេចខ្លួនបាត់​ពី​វត្ត មក​សម្ងំ​លាក់ខ្លួន នៅ​វត្ត​មួយ នៅក្នុង​ឃុំ បន្ទាយ​ព្រាល ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​រសៀល​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ ខណៈដែល​ស្ត្រី​ម្នាក់​បាន​បីកូន​ស្រី​តូច​មួយ​អាយុ​៥​ខែ ធ្វើដំណើរ​ជាមួយ​ម្តាយ មកប្តឹង​នគរបាល ប៉ុ​ស្ត៍​៥ អោយជួយ​តាមរក​លោកសង្ឃ​មួយ​អង្គជា​ឪពុក​កូនស្រី​តូច ដែល​រត់គេច​ពី​ខេត្តបាត់ដំបង​មក​លាក់ខ្លួន​នៅក្នុង​វត្ត​នាគ​ទី​វ័​ន្ត ហៅ​វត្ត​ស្ទឹង នៅក្នុង​ឃុំ​បន្ទាយ​ព្រាល​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ ឆ្នាំង​។ ​ ​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បន្ទាយ​ព្រាល​បានអោយដឹងថា​៖ ស្ត្រី​រងគ្រោះ​ចាញ់បោក​លោក សង្ឃ​នោះ មានឈ្មោះ ភឿ​ត ចាន់​រី អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​វត្ត​រការ ឃុំ​ឪម៉ាល់ ស្រុក​សង្កែ ខេត្តបាត់ដំបង​ហើយ​ព្រះសង្ឃ​កំហូច​នោះ​ព្រះនាម រិ​ន ព្រះជន្ម​២៨​ឆ្នាំ បួស​គង់នៅ​ក្នុង​វត្ត​រការ​។

ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​អោយដឹងថា​៖ មុនពេល​នាង​បាន​ជ្រុលខ្លួន ស្រឡាញ់​លោកសង្ឃ​ ​ខាងលើនេះ ដោយសារ​លោកសង្ឃ​នេះ បានមក​លេង​ផ្ទះ​នាង​ជា​ញឹកញាប់ និង​បាន​សុំ​ស្រ​ឡា​ ​ញ់​នាង ដោយបាន​អះអាងថា និង​សឹក​យក​នាង​ជា​ប្រពន្ធ ហើយ​ការ​ជ្រុលខ្លួន​នេះ បានកើត​ឡើង ពេលដែល​ម្តាយ​នាង​មិន​នៅផ្ទះ​ធ្វើស្រែ​បាត់​នៅ​ចុងឆ្នាំ​២០១៤ ។ ក្រោយមក​នាង​មាន​ផ្ទៃពោះ នាង ក៏បាន​ទូរស័ព្ទ​ប្រាប់​ទៅ​លោកសង្ឃ​ខាងលើនេះ ស្រាប់តែ​លោ​កស​ង្ឈ​នេះ​បានអោយ​នាង​ទម្លាក់​កូន​ចោល ដោយ​ខ្លាច​មាន​បញ្ហា ហើយ​លោក​ក៏បាន​រត់គេចខ្លួន​បាត់​ពី​វត្ត​រកា​ខេត្តបាត់ដំបង មក​សម្ងំ​លាក់ខ្លួន​នៅក្នុង​វត្ត​ស្ទឹង ឃុំ​បន្ទាយ​ព្រាល​រហូតមក​។

​ម្តាយ​ស្ត្រី​រងគ្រោះ ដែល​បានធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយ​កូនស្រី​និង​ចៅ​តូច បានអោយ ដឹងថា​៖ ក្រោយពេល​កើតហេតុ​ដោយមាន​ការសង្ស័យ នៅពេល​ឃើញ​កូនស្រី​របស់គាត់​ចេះតែ​អង្គុយ យំ​មាន​មុខក្រៀម​ខ្លាំងពេក​គាត់​ក៍បាន​សួរនាំ ទើប​ធ្លាយ​រឿង​នាង​មាន​ផ្ទៃពោះ​៤​ខែ​កន្លះ​ទៅ ហើយ​ជាមួយ​លោ​សង្ឃ​នោះ ខណៈដែល​រឿងហេតុ​នេះ​បាន​កើតឡើង​តាំងពី​ចុងឆ្នាំ​២០១៤ មកម្ល៉េះ​។

កន្លងមក​នាង​ជា​ម្តាយ និង​កូនស្រី​បានមក​តាមរក​លោកសង្ឃ​នេះ ម្តង​ជា​២​ដង រួចមកហើយ ដើម្បីអោយ​លោ​កស​ង្ឈ​នេះ​ទទួលខុសត្រូវ ប៉ុន្តែ​ពេល​មក​ម្តងណា ក៍​មិនដែល​ជួប​លោកសង្ឃ​នេះឡើយ​គឺ​សង្ឃ​កំហូច​អង្គ​នេះ តែងតែ​គេច​មុខ​រហូត ហើយ​ម្តងនេះ​លោកសង្ឃ​នេះ​បាន​ទូរស័ព្ទ​ហៅ​អោយ​នាង និង​ម្តាយ យក​កូនស្រី​មកជួប​នៅ​វត្ត​ស្ទឹង​នេះ តែ​អ្វីដែល​នាង​ដាច់ចិត្ត​ប្តឹង​សមត្ថកិច្ច​អោយជួយ​ស្វែងរក​នៅពេលនេះ​ព្រោះតែ​លោកសង្ឃ​នេះ​បាន​គេចខ្លួន​បាត់ទៅហើយ តាំងពី​មុនពេល​នាង និង​ម្តាយ​នាង​បាន​មកដល់​។ រឿង​ខាងលើនេះ ពួកនាង​ស្នើសុំ​ដល់​សមត្ថកិច្ច និង​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ជួយ​ស្រាវជ្រាវ​រក​លោកសង្ឃ​នេះ អោយមក ទទួលខុសត្រូវ​ចំពោះ​រឿង​ខាងលើនេះ​ជូន​ពួកនាង​ផង​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ ព្រះចៅអធិការ​វត្ត​ស្ទឹង​នេះ មិនដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​នោះឡើយ ទោះ​ជាមាន​អ្នកណា​មក​ស្នាក់​នៅក្នុង​វត្ត ក៍​មិនដែល​រាយការណ៍​អោយដឹង​ដែរ​។​ចំណែក​នៅក្នុង​វត្ត​ស្ទឹង​នេះ​ព្រះសង្ឃ​គង់នៅ​សុទ្ធតែជា​ព្រះសង្ឃ​មក​មូលដ្ឋាន​ពី​ខាងក្រៅ មិនមែនជា​កូនចៅ​អ្នកស្រុក​ក្នុងភូមិ​ឡើយ​៕ រិ​ទ្ធិ ជ័យ

KA-10-12-2015-05 KA-10-12-2015-06​ ​