នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​នៅ​ខេត្តពោធិ៍សាត់ ដោយសារ​បញ្ហា​ផលប្រយោជន៍​

​កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ រថយន្តយោធា​ធុន​ធំ​១​គ្រឿង​ដែល​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ ត្រូវបាន​បង្ក្រាប​ពេល​កំពុង​បើកបរ​នៅលើ​ផ្លូវជាតិ​លេខ​៥​នៃ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​រថយន្តយោធា​ដឹកឈើ​ប្រណីត​នោះ ដឹកនាំ​ដោយ​លោក​ស័ក្តិ​៥ ទូច យុ​ទ្ធា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​នៅក្នុង​ខេត្តពោធិ៍សាត់​។ មន្ត្រីរាជការ​ក្នុង​ខេត្តពោធិ៍សាត់ បាន​សម្តែង​នូវ​ការសង្ស័យថា ទំនងជា​ម្ចាស់​រថយន្ត​ដឹកឈើ​នោះ មិន​ផ្តល់​ផលប្រយោជន៍​ឲ្យ​លោក ទូច យុ​ទ្ធា ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​តែម្តង​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ បាន​រិះគន់ថា​លោក ទូច យុ​ទ្ធា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឈរជើង​ក្នុង​ខេត្តពោធិ៍សាត់ មិនដែល​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ ផ្ទុយទៅវិញ​លោក ទូច យុ​ទ្ធា បាន​ប្រើប្រាស់​លិខិត​បេសកកម្ម​និង​តួនាទី​របស់ខ្លួន​ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ និង​ទំនិញគេចពន្ធ​យ៉ាង​ក្រអឺតក្រទម​។ លើស​នេះ​ទៅទៀត​ការដែល​លោក ទូច យុ​ទ្ធា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ទៀតផង​។

សូមបញ្ជាក់ថា រថយន្តយោធា​ធុន​ធំ​ដឹកឈើ​ប្រណីត ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បង្ក្រាប​នៅ​ចំណុច​ភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ម៉ា​កដុង​ហ្វេ​ង ពាក់​ស្លា​លេខ​ខេមរភូមិន្ទ​៣-៤៧៧៦ ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​៤៥​ដុំ ស្មើនឹង​៧,៦​ម៉ែត្រគូប ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ បាន​លើកឡើងថា ប្រហែល​មកពី​ម្ចាស់​ឈើ​មិន​ព្រម​បង់លុយ​តាម​ការកំណត់​របស់លោក ទូច យុ​ទ្ធា ទើប​ត្រូវគេ​បង្ក្រាប​យក​ស្នាដៃ​បែបនេះ​។ ប្រសិនបើ​ម្ចាស់​ឈើ​បង់លុយ​ឲ្យ​លោក ទូច យុ​ទ្ធា ដែលជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​នៅក្នុង​ខេត្តពោធិ៍សាត់ គឺ​រថយន្ត​ដឹកឈើ​នោះ​អាចធ្វើ​ដំណើរ​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព​៕

12308305_949053765161185_8911784940207513747_n 12316191_949053751827853_4885433158507617780_n 12348127_949053738494521_6903813495117790559_n