​សមត្ថកិច្ច​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​

បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​ប្រើ​ម៉ូតូ និង​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ​ធ្វើ​សកម្មភាព​ដឹកឈើ ចេញពី​បណ្តា​ស្រុក​នានា​នៃ​ខេត្តរតនគិរី​ដូចជា​ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង ហើយ​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំការកៅស៊ូ​ក្រុមហ៊ុន​ហេង​ប្រា​ឌ័​រ និង​ក្រុមហ៊ុន​ហ៊​ង​អា​ញ់​ម៉ាង​យ៉ាង​ខេ​អណ្តូង​មាស ចូលមក​ទីរួមស្រុក​អណ្តូង​មាស កាត់​តាម​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក សឹក​រង​ស្រុក និង​សាលាស្រុក​អណ្តូង​មាស​ផងដែរ តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​អណ្តូង​មាស​មិនមាន​វិធានការ​ទប់ស្កាត់ ឬ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ​។​

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តរតនគិរី បាន​រាយការណ៍​ដោយ​ផ្អែកលើ​អ្នករកស៊ី​ដឹកឈើ​តាម​ម៉ូតូ​នោះ​បង្ហើប​ថា ពេល​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុមហ៊ុន​ដី​សម្បទាន​ខាងលើ​គឺមាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​សមត្ថកិច្ច​ជំនាញ​មកពី​ច្រើន​អង្គភាព​ទៀត​ចាំ​ទារលុយ​ពី​រថយន្ត​ដឹកឈើ​ប្រណីត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាននិងកំពុង​កាក់កប​ខ្លាំងណាស់​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​។​

ខេត្តរតនគិរី​នេះ​គេ​តែងតែ​សង្កេតឃើញថា បើ​សម​ត្ត​កិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​គឺ​បង្ក្រាប​បានតែ​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ណា​ដែល​មិនបាន​បង់លុយ​ឲ្យ ឬ​រថយន្ត​ខូច​ដូចជា​បែក​កង់ ឬ​ក្រឡាប់​ទៅមុខ​លែងរួច ឬ​ម៉ូតូ​ណា​ដែល​មិនបាន​បង់លុយ ឬ​បង់​មិន​គ្រប់​ចំនួន​កំណត់ឱ្យ​ប៉ុណ្ណោះ នេះ​ជាការ​បញ្ជា​របស់​សកម្ម​ជន​ព្រៃឈើ​នៅ​ខេត្តរតនគិរី​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា​នៅ​ស្រុក​អណ្តូង​មាស​មាន​សកម្មភាព​ដឹកជញ្ជូន​ប្រណីត​ផុសផុល​ជាងគេ​។​

​គួរ​បញ្ជាក់ថា ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ជា​ស្រុក​ដែល​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​យួន ហើយ​ជា​តំបន់​ដាច់ស្រយាល​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត និង​ស្ថានភាព​ផ្លូវ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៀតផង ដូច្នេះ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​មានឱកាស​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ​។ តែ​ប្រជាពលរដ្ឋ​ស្រុក​អណ្តូង​មាស​បានបញ្ជាក់​ថាបើ​សមត្ថកិច្ច​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គឺ​នៅតែ​អាច​ធ្វើបាន​ព្រោះ​គ្មាន​ឧបសគ្គ​អ្វី​ធ្ងន់ធ្ងរ​នោះទេ​៕

11391213_838278536226119_1586907141422110548_n 11392978_838278572892782_2138883035526553876_n