​លោក កឹម សុខា បញ្ជាក់ថា សិទ្ធិមនុស្ស​គឺជា​ស៊ីម៉ងត៍​សម្រាប់​ផ្សារភ្ជាប់​ការផ្សះផ្សា​ជាតិ​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​មានប្រសាសន៍​នៅថ្ងៃនេះ​ថា សិទ្ធិមនុស្ស​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ជា​ស៊ីម៉ងត៍​សម្រាប់​ផ្សារភ្ជាប់​ការផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ។ ការលើកឡើង​របស់លោក កឹម សុខា បានធ្វើ​ឡើង​នៅក្នុង​ឱកាសលោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​សិទ្ឋិ​មនុស្ស​១០​ធ្នូ រៀបចំឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្តាល ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃទី​១០ ធ្នូ ២០១៥​។​

គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​អាសនៈ​សភា​បានរៀបចំ​កម្មវិធី​នេះ​នៅ​ស្នាក់ការ​កណ្ដាល​របស់​គ​ណ​បក្ស​នៅ​សង្កាត់​ចាក់អង្រែលើ​ដោយមាន​ប្រធានបទ សិទ្ធិ​នយោបាយ​។ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា ថ្លែង​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៧​នៅ​ទីស្នាក់ការ​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​លោក​នឹង​ជួបពិភាក្សា​ពី​ដំណោះស្រាយ​នយោបាយ​ជាមួយ​លោក ស ខេង ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគច្រើន​នៅក្នុង​រដ្ឋសភា​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​របៀបវារៈ​ស្តីពី​បញ្ហានយោបាយ​បច្ចុប្បន្ន​ភាគី​ទាំងពីរ​ក៏​នឹង​ពិភាក្សាគ្នា​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​ផងដែរ​ដែល​លោក​ចាត់ទុកថា​ច្បាប់​នេះ​មាន​សារៈសំខាន់​ចំពោះ​សិទ្ធិសេរីភាព និង​ផលប្រយោជន៍​របស់​កម្ម​ករ និយោជិត ព្រមទាំង​សហជីព​ដែល​ត្រូវតែមាន​ការជជែក​គ្នា​ឲ្យ​បាន​ល្អិតល្អន់​។​

គួរ​បញ្ជាក់ថា មុននឹង​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ជួបប្រជុំគ្នា​ជាថ្មី​ស្របតាម​វប្បធម៌​សន្ទនា​នៅ​ល្ងាច​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានបញ្ជាក់​កាលពីពេល​កន្លងមក​ថា​លោក​នឹង​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព សមត្ថភាព​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ខ្មែរ​ជឿទុកចិត្ត​គ្នា​។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់ថា​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន សុខដុមរមនា​ទាំងអស់គ្នា ទាល់​តែមាន​ឯកភាព​ជាតិ ដើម្បី​ឯកភាព​ជាតិ​ទាល់តែ​គ្រប់ភាគី​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​មាន​ជំនឿ​ទុកចិត្ត​គ្នា ហើយ​ភាគី​នីមួយៗ​កុំ​ធ្វើ​ឲ្យ​ភាគី​ផ្សេង​ឈឺចាប់​ឬ ភ័យខ្លាច​៕

11218919_1243072872376676_4568316687167125475_n 12345403_1243072969043333_5440257980041435096_n