ភ្នំពេញ​ក្រោន ជឿជាក់​ក្នុង​ការ​លើក​ពាន ខណៈ​បឹង​កេត រំពឹង​ឈ្នះ​​បាន​លេខ​៣

ការ​ប្រកួត​កាត់​សេចក្តីជើង​ទី​២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ក្របខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៥ រវាង​​ក្រុម​ភ្នំពេញ​ក្រោន និង​ណាហ្គាវើល នឹង​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាចម៉ោង​៦ ​ថ្ងៃ​សៅរ៍ ស្អែក​នេះ ខណៈ​​ក្រុម​បឹង​កេតអង្គរ ​ត្រូវ​ប្រកួត​កាត់​សេចក្តី​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​​ជាមួយ​ក្រុមខេមបូឌាន​ថាយហ្គឺរ​ នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​សុក្រ​នេះ។​

ppcrown-001 នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ កាល​ពី​ថ្ងៃ​ទី​២១ និង​ទី​២១ ខែវិច្ឆិកា កន្លង​មក ក្រុម​ភ្នំពេញ​ក្រោន និង​បឹង​កេតអង្គរ មាន​ឈ្នះ​៣ពិន្ទុ​ដូចគ្នា ដោយ​កាល​នោះ ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​លើ​ក្រុម​ណាហ្គាវើល ២-០ ខណៈ​បឹង​កេត បានវាយ​បក​​ឈ្នះ​ក្រុម​ខេមបូឌាន​ថាយ​ហ្គឺរ ៤-៣ ទាំង​លំបាក ហើយ​លទ្ធ​ផល​នោះ ​បាន​ធ្វើ​ឲ្យ​ក្រុម​ទាំង​២ មាន​ប្រៀប​លើ​គូ​ប្រកួតរៀងៗ​ខ្លួន។
ជាមួយ​ការ​ឈ្នះ ២-០ លើ​ណាហ្គាវើល​នេះ បាន​ធ្វើ​ឲ្យ​លោក Sam Schweingruber គ្រូ​បង្វឹក​​ក្រុម​ភ្នំពេញ​ក្រោន មាន​ការ​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ក្រុម​របស់​លោក នឹង​​អាច​ការពារ​តំណែង​ជើងឯក​លីក​កំពូល​កម្ពុជានៅ​ឆ្នាំ​នេះ​​បាន​១០០​ភាគ​រយ​។
លោក​បាន​និយាយ​ថា៖​«ក្រុម​ខ្ញុំ មាន​ទាំង​ស្មារតី និង​ឆន្ទៈ​ក្នុង​ការ​ប្រកួត ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ថា ​​យើង​នឹង​អាច​ឈ្នះ​​ក្នុង​​ប្រកួត​ជើង​ទី​២នេះ ហើយ​យើង​នឹង​មិន​លេង​ទប់ ដើម្បី​រក្សា​បាន​ត្រឹម​លទ្ធ​ផល​ស្មើ​នោះ​ទេ គឺ​យើង​នឹង​វាយ​លុក​ដូ​ច​ការ​ប្រកួត​លើក​មុន​អ៊ីចឹងដែរ ព្រោះ​ក្រុម​យើង​នៅ​តែ​មាន​សមត្ថភាព ​ព្រម​ទាំង​មាន​គម្រោង​ និង​ការ​រៀបចំ​ត្រឹម​ត្រូវ ដើម្បី​លើក​ពាន​នៅ​ឆ្នាំ​នេះ»។
យ៉ាង​ណា​ក៏​ដោយ លោក ប្រាក់ ចាន់ណា គ្រូ​បង្វឹក​ណាហ្គាវើល នៅ​មិន​ទាន់​អស់​សង្ឃឹម​​ការ​វាយ​បក​ក្រុម​ភ្នំពេញ​ក្រោន​នៅ​ឡើយ​ទេ។ លោក​បាន​និយាយ​ថា៖​«​ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​បង្វឹក ខ្ញុំ​នៅ​តែ​មាន​ការ​ជឿ​ជាក់។ វា​ជា​ការ​ពិត​ដែល​ការ​ប្រកួត​នេះ យើង​នឹង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង ប៉ុន្តែ​យើង​នៅ​មិន​ទាន់​អស់​សង្ឃឹម​នោះ​ទេ គឺ​យើង​នឹង​ធ្វើ​ការ​វាយ​លុក​ដើម្បី​រក​គ្រាប់​បាល់​តាម​ស្មើ។ បើ​ទោះ​បី​ជាការ​វាយ​លុក​ខ្លាំង អាច​នឹង​ធ្វើ​ឲ្យ​យើង​​មាន​ចន្លេះ​ប្រហោង​សម្រាប់​គេ​វាយ​បក​យើង​វិញ ប៉ុន្តែ​យើង​អត់​មាន​ជម្រើស​នោះ​ទេ គឺ​យើង​គ្មាន​ពេល​លេង​​​ទប់​ស្អីទៀត​នោះ​ទេ»។

ppcrown-002
ដោយ​ឡែក ការ​វិល​មក​ជួប​គ្នា​រវាង​ក្រុម​ខេមបូឌាន​ថាយ​ហ្គឺរ និង​ក្រុម​បឹង​កេតអង្គរ នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ វា​នៅ​តែ​ជា​ការ​ប្រកួត​ដ៏​តាន​ដឹង​ដដែល ព្រោះ​ខេមបូឌាន​ថាយហ្គឺរ ដែល​បាន​សម្រាក និង​ហ្វឹក​ហាត់​បាន​យ៉ាង​ពេញ​ទំហឹង​នោះ នឹង​មិន​បណ្តោយ​ឲ្យ​បឹង​កេត យក​ឈ្នះ​លើ​ពួក​គេ​ដោយ​ងាយ​ស្រួល​នោះ​ឡើយ។
ប៉ុន្តែ​បឹង​កេតអង្គរ ដែល​ទើប​កត់​ត្រា​នូវ​ជ័យ​ជម្នះ​ជា​ប្រវត្តិសាស្រ្ត​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championships 2015 តាម​រយៈ​ការ​ឈ្នះ​ទាំង​៣​ប្រកួត​ជាប់ៗ​គ្នា​លើ​​ក្រុម​លីក​កំពូល​របស់​ឡាវ មីយ៉ាន់ម៉ា និង​លីក​កំពូល​របស់​វៀតណាម​នោះ នៅ​តែ​មាន​ការ​ជឿ​ជាក់​ថា ពួក​គេ​នឹង​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ ពី​ក្រុម​ខេមបូឌាន​ថាយហ្គឺរ​បាន។
លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​បឹង​កេតអង្គរ ធ្លាប់​បាន​ថ្លែង​បន្ទាប់​ពី​ក្រុម​របស់​លោក​បាន​ឈ្នះ​ក្រុម​លីក​កំពូល​របស់​វៀតណាម​ថា៖​«ការ​ដណ្តើម​យក​លេខ​៣ និង​លេខ​៤ ក្នុង​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក គឺយើង​មិន​ទាន់​បំពេញ​បាន​១០០ភាគ​រយ​នៅ​ឡើយ​ទេ ហើយ​យើង​ក៏​មិន​អាច​មើល​ស្រាល​​ក្រុម​ខេមបូឌាន​ថាយហ្គឺរថា ទន់​ខ្សោយ​នោះ​​ដែរ ព្រោះការ​ប្រកួត​ជើង​ទី​១ យើង​ឈ្នះ​គេ​តែ​១​គ្រាប់​ទេ។ ហេតុ​នេះ យើង​ត្រូវ​តែ​ផ្តោត​ខ្លាំងលើ​បញ្ហា​នៅ​ចំពោះ​មុខ គឺ​យើង​​ត្រូវ​​ដណ្តើម​យក​លេខ​៣​ឲ្យ​បាន ឯ​រឿង​ផ្សេងៗទៀត យើង​នឹង​គិត​នៅ​ពេល​ការ​ប្រកួត​ជើង​ទី២​នេះ​បាន​បញ្ចប់»៕

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情