ជំនួញ​ឈើ​ល្មើសច្បាប់​នាំចេញ​ទៅ​វៀតណាម​ជ្រក​ក្រោម​អំណាច «​ឧកញ៉ា​» កំពុង​ឆ្លងកាត់ និង​ដឹកជញ្ជូន​ចេញពី​ខេត្តក្រចេះ យ៉ាង​អនាធិបតេយ្យ​គ្មាន​ការទប់ស្កាត់

​ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​ពី​ស្រុក​សំបូរ​បាន​និយាយថា សកម្មភាព​នៃ​ការ​ចរាចរណ៍ និង​ជួញដូរ​ឈើ​ប្រណីត​នៅតែ​បន្ត​កើតមានឡើង​ពី​សំណាក់​មេ​ឈ្មួញ​ធំ​ដោយ​មានការ​ឃុ​ប​ឃឹ​ត​ពី​អ្នកមានអំណាច​បាន​ឈរជើង​ចាំ ប្រមូល​ទី​ញ​ឈើ​ដោយ​ប្រើប្រាស់​នូវ​មធ្យោបាយ​គ្រប់​រូបភាព ក្នុង​តំបន់​មួយចំនួន​នៅក្នុងទឹកដី​ស្រុក​សំបូរ ដើម្បី​ប្រមូល​ដឹក​តាម​រថយន្ត​យី​ឌុប​ឆ្ពោះទៅ​ប្រទេស​វៀតណាម ដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មិន​អើពើ​នឹង​បង្ក្រាប​ឡើយបានធ្វើឲ្យសកម្មភាពជំនួញឈើក្រោមឥទ្ធិពលឧកញ៉ាៗមួយចំនួនប្រព្រឹត្តឡើងយ៉ាងអនាធិប្បតេយ្យ​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ គឺ​ក្រុម​ឈ្មួញដុះស្លែនៅចខេត្តក្រចេះនេះ​ដែលមាន​បទពិសោធ​រក​ស៊ី​ឈើ​បានធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ឃុំ​រលួស​ស្រែ​ជិះ ដឹកជញ្ជូន​តាម​រថយន្ត​កែឆ្នៃ មក​គរ​ស្តុក​នៅក្បែរ​ទីតាំង​ក្រុមហ៊ុន​មួយ​នៅ​ចំណុច​ឃុំ​អូរ​គ្រៀង​ និង​បន្ត​ដឹក​តាម​រថយន្ត​យី​ឌុប​ធំៗ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ដោយ​រលូន​ដោយសារ​តែមាន​ការបើក​ដៃ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​រលួស និង​សង្កាត់​អូរ​គ្រៀង ជួយ​ជ្រោមជ្រែង​សម្របសម្រួល​ដោយទទួលបានលាភសក្ការៈយ៉ាងក្រាសក្រៃជាប្រចាំពីជំនួញឈើនោះ​។​

​ប្រភព​បន្តថា ក្រៅពី​តំបន់​ឃុំ​រលួស​ស្រែ​ជិះ ឈើ​មួយចំនួនទៀត​គឺ​ក្រុម​ឈ្មួញ​ដឹក​តាម​ទូក​មកពី​តំបន់​ដង​ទន្លេ​មេគ្គង​លើ មក​សាង​លើកដាក់​រថយន្ត​តូចៗ​នៅ​ចំណុច​ឃុំ​កោះ​ខ្ញែរ ដើម្បីប្រមូល​ទៅ​ដាក់​រថយន្ត​យី​ឌុប ដោយមានការឃុបឃិតពីឧកញ៉ាថៃឲ្យចូល​បន្លំ​ជាមួយ​ក្បួន​រថយន្ត​ដឹកឈើ​របស់គាត់ (​ឧក​ញ្ញា ថៃ) ក្នុង​គោលដៅ​ឆ្ពោះ​ប្រទេស​វៀតណាម​ដោយ​សុវត្ថិភាពគ្មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធណា​ម្នាក់​ហ៊ានធ្វើការ​បង្ក្រាប​នោះឡើយ​ ព្រោះមុនចេញដំណើរ មេការរបស់លោកឧកញ៉ាថៃឈ្មោះធីបានរត់ការបង់​លុយ​ជូនសមត្ថកិច្ចខាងបង្ក្រាបគ្មានរំលងឡើយ។​

​ប្រភព​ន្ត​ថា​ មានមេ​ឈ្មួញ​ទាំងពី​នាក់​មានឈ្មោះ​ចែ​នី ដែលជា​ថៅកែ​ស្ថានីយ៍​ប្រេងឥន្ធនៈ ស្ពាន​ទេរ រស់នៅ​ភូមិ​រកា​កណ្ដាល សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ គឺជា​ឈ្មួញ​មាន​ប្រវត្តិ​រកស៊ី​ឈើ​ដុះ​ស្លែ ដែល​ធ្វើ​សកម្មភាព ដោយ​សហការ​ជាមួយ​មេ​ឈ្មួញ​ម្នាក់ទៀត​ឈ្មោះ ធី ដែល​ត្រូវបាន​គេ​ដឹងថា ជា​មេការ​របស់លោក ឧកញ៉ា ថៃ បាន​សហការគ្នា ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ ឆ្លងកាត់​ក្រុមហ៊ុន​ឆាយ​ណា​ដាយ​ណា​មិ​ក ទៅ​លក់​នៅ​វៀតណាម គ្មាន​ការបង្ក្រាប​អ្វី​ឡើយ ដែល​គេ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ជា​អ្នក​ចេញមុខ​សម្រួល និង​បិទបាំង​។​

​ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ​ឈ្មោះ ចែ​នី គឺ​សុំ​ជ្រកកោន បន្លំក្នុង​ក្បួន​រថយន្ត​របស់លោក ឧកញ៉ា​ថៃ ដែលមាន​ឈ្មោះ​ធី ជា​មេការ​របស់លោក ឧក​ញ្ញ​ថៃ ជា​អ្នករត់​ការនាំ​រថយន្ត​ដឹកឈើ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ហើយ​មេការ​ម្នាក់នេះ​ជា​រត់កា​បង់លុយ​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ជ្រុង​ជ្រោយ​ជាប្រចាំ​ទើប​គ្មាន​ការបង្ក្រាប​។​

​សូមបញ្ជាក់​មួយរយៈ​ពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មាន​រថយន្ត​យី​ឌុប​មាន​ច្រើនណាស់ ក្នុង​មួយ​យប់ៗ ដែល​ធ្វើការ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង និង​តំបន់​មួយចំនួន​នៅក្នុង​ស្រុក​សំបូរ​នេះ ឆ្លងកាត់​ទី​រួម​ខេត្តក្រចេះ​នាំ​ឆ្ពោះទៅ​ប្រទេស​វៀតណាម យ៉ាង​គ​ក្រើ​កដោយ​គេ​ដឹងថា​ការដឹកជញ្ជូន​បាន​ប្រើប្រាស់​រូបភាព​បន្លំ​ឯកសារ ច្បាប់​អនុញ្ញាត ដោយសារ​មានការ​ត្រូវរ៉ូវ​នឹង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដោយ​ច្បាប់​អនុញ្ញាត​ដឹក​ចំណុះ​រថយន្ត​៣​គ្រឿង តែ​ដឹក​រហូតដល់​ទៅ​ជាង​១០​គ្រឿង​ឯណោះ ហើយសុទ្ធតែផ្ទុកលើសៗចំណុះនៃចំនួនឈើអនុញ្ញាត។

ជាក់ស្តែង​កាលពី​យប់​ម៉ិ​ញ​មាន​រថយន្ត​យី​ឌុប​ដឹកឈើ ដឹក​ចេញ​មកពី​ខេត្តស្ទឹងត្រែង​ចំនួន ១៥​គ្រឿង តែ​ត្រូវបាន​គេ​ដឹងថា មានច្បាប់​ដឹកជញ្ជូន​តែ​៣​គ្រឿង​ប៉ុណ្ណោះ​អាចធ្វើ​ដំណើរ​ទៅ បាន​ដោយ​សុ​វត្ថ​ភាព គ្មាន​សមត្ថកិច្ច​ជំនាញ​ណាមួយ​ចេញមុខ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​អ្វី​ឡើយ ដែល​ធ្វើ​ឲ្យ​គេ​ដាក់​ការសង្ស័យថា មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​បង្ក្រាបបទល្មើសព្រៃឈើកំពុង​ឃុបឃិត​គ្នា​ប្រមូល​លាភ​សក្ការៈ​រៀងៗខ្លួន៕ នាគតូច

KA-11-09-2015-25 KA-11-09-2015-26 KA-11-09-2015-27

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情