បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង កើតឡើង​យ៉ាង​ពេញបន្ទុក​សមត្ថកិច្ច​រក្សា​ភាព​ស្ងប់​ស្កាត់​

បទល្មើស​កាប់​ឈើ​អារច្រៀក​និង​ដឹកជញ្ជូន​ចេញពី​ស្រុក​សៀម​ប៉ាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ស្រុក​សេ​សាន ចូលមក​ក្រុង​ស្ទឹងត្រែង នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ចំណែក​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង ក៏​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែរ ហើយ​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ត្រូវ​ប្រឈម​នឹង​សេចក្តី​វិនាស​ចៀស​មិន​ផុត​ឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេសេសាន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ក្រុម​ឈ្មួញ​កំពុង​ប្រមូល​ទិញ​ប្រណីត​ពី​តំបន់​ឧទ្យាន​ជាតិ​វីៈ​ជ័យ រួច​ដឹកជញ្ជូន​តាម​រថយន្ត​ឬ​តាម​ទូក​កាណូត​យ៉ាង​អនាធិបតេយ្យ​មក​ឡើង​នៅ​កំពង់ចម្លង​មាត់ទន្លេ​ក្នុងភូមិ​បា​ចុង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។ ឈើ​ប្រណីត​ទាំងនោះ​ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅកាន់​ទីតាំង​ស្តុក​ឈើ​និង​រោង​សិប្បកម្ម​ជាច្រើន​កន្លែង​ក្នុងភូមិ​គីឡូ​២ សង្កាត់​រា​ជានុ​គរ ក្រុង​ស្ទឹងត្រែង ទើប​ដឹកជញ្ជូន​បន្ត​តាម​រថយន្ត​ទំនើបៗ​និង​រថយន្ត​ធំៗ​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​។ បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​គគ្រឹកគគ្រេង​នោះ ត្រូវបាន​គេ​ដឹងថា​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​។

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា លោក ឈាង តុលា បានដឹង​យ៉ាងច្បាស់​រាល់​សកម្មភាព​កាប់​ឈើ​នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ដឹកជញ្ជូន​ចូល​ទី​រួម​ខេត្ត ហើយ​ដឹក​បន្តទៅ​ខេត្ត​ត្បូងឃ្មុំ​។ ប៉ុន្តែ​លោក ឈាង តុលា មិនដែល​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ម្តងណា​ឡើយ ព្រោះ​ខ្លាច​បាត់បង់​ប្រភព​ចំណូល​របស់ខ្លួន អាចនិយាយបាន​ថា​លោក ឈាង តុលា កំពុង​ក្ដោប​ក្ដាប់​ចំណូល​ពីបទ​ល្មើស​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​រលូន​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ឈើ​ប្រណីត​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​នៃ​ស្រុក​សេ​សាន និង​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ នៅ​ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​លោក ឈាង តុលា ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​គ្មាន​ញញើត​អ្វី​ឡើយ​៕

dwe-36 dwe-213 dwe-120

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情