ឈ្មោះ សាន ច​យ មេការ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា បន្ត​ប្រមូល​ទិញ​ឈើ​នៅ​ខេត្តស្ទឹងត្រែង យ៉ាង​គគ្រឹកគគ្រេង​

សេចក្តីរាយការណ៍​ពី​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ ឈ្មោះ សាន ច​យ ដែលជា​មេការ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​ប្រណីត​ស្តុក​ទុក​ក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ជា​អ្នកប្រមូល​ទិញ​ឈើ​ធំជាងគេ​នៅក្នុង​ខេត្តស្ទឹងត្រែង ដោយមាន​មេការ​ឈ្មោះ សាន ច​យ ចាំ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​ឈើ​ខុសច្បាប់​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម មិន​ហ៊ាន​ប៉ះពាល់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ព្រោះ​ដឹងថា​ឧកញ៉ា​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ដូច​ភ្នំ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ក្នុងព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​នៅ​ស្រុក​សេ​សាន កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស​ដោយសារ​ស្នាដៃ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​មេការ​ឈ្មោះ សាន ច​យ ចៀស​មិន​ផុត​ឡើយ​។ ឈ្មោះ សាន ច​យ ពេលខ្លះ​ចូលទៅ​ទិញ​ឈើ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តរតនគិរី ហើយ​ដឹកជញ្ជូន​ចូលមក​ខេត្តស្ទឹងត្រែង តាម​រថយន្ត​ធំៗ​ធ្វើ​ឲ្យ​បាក់​ស្ពាន​និង​ខូច​ផ្លូវ​ជា​បន្តបន្ទាប់ ហើយ​ពុំមាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​តាមច្បាប់​ទេ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ចាំតែ​ទទួលផល​ប្រយោជន៍​បន្តិច​បន្តួច​ពី​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ប៉ុណ្ណោះ​ព្រោះ​បើ​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ​រូបនេះ ប្រាកដជា​បាត់បង់​តួនាទី​ឬ​របូត​ស័ក្តិ​ពីលើ​ស្មា​ជាមិនខាន​។

​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សេ​សាន បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស​របស់​សហគម​ន៍​ស្ទើរតែ​វិនាស​ហិនហោច​អស់​ទៅហើយ ដោយសារ​ស្នាដៃ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដ៏​មាន​ឥទ្ធិពល​និង​មាន​ខ្នងបង្អែក​ចាំ​ការពារ​គ្រប់ពេលវេលា​។ សូម្បីតែ​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​ក៏​ប្រឈម​នឹង​ការ​កាប់រំលំ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ដើម​ភាគតិច​។ ឈើ​ដែល​មេការ​ឈ្មោះ សាន ច​យ និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ប្រមូល​ទិញ​បាន​ត្រូវបាន​គេ​ដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ​៧៨​អា​ឆ្លងកាត់​ចំណុច​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ឈើ​ប្រណីត​ក្នុងព្រៃ​ការពារ ព្រៃ​ដែន​ជម្រក​សត្វ ព្រៃ​សហគមន៍ និង​ឧទ្យាន​ជាតិ​វីរ​ជ័យ កំពុង​ប្រឈម​នឹង​មហន្តរាយ​ព្រោះ​មេ​ឈ្មួញ លឹម ប៊ុណ្ណា និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​បំផ្លាញ​តាម​អំពើ​ចិត្ត​៕

11836741_1622435108004736_2414095505271056508_n KA-30-10-2015-14 Pic29​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情