ទិវា​សិទ្ធិមនុស្ស​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សន្តិវិធី ​​​ខណៈ​​​​​​​រដ្ឋាភិបាល​​និយាយ​ពី​ខ្មែរ​ក្រហម

ពលរដ្ឋ​​​បាន​ជម្នះ​បម្រាមពី​សាលា​ក្រុង​ និង​បាន​ដើរ​ក្បួន​​​កាត់​ក្រុង​ភ្នំពេញ​កាលពី​ម្សិល​​​មិញ ដើម្បី​ប្រារព្ធ​​ទិវា​សិទ្ធិមនុស្ស​​អន្តរ​​​ជាតិ​ ដែល​បាន​​កន្លង​ផុត​ដោយ​គ្មានអំពើ​ហិង្សា​ ខណៈ​ដែល​អាជ្ញាធរ​​បាន​​បង្វែរ​ផ្លូវ​អ្នក​​​ដើរ​​​ហែ​​ជុំវិញ​ទីក្រុង។

ក្រុម​សកម្មជន​​ ព្រះសង្ឃ​ និង​និស្សិត​​មាន​ចំនួន​រាប់​រយ​នាក់​​បាន​ចេញ​ដំណើរ​​ពី​ព្រឹទ្ធ​​​សភា​​នៅ​ទិស​ខាង​ត្បូង ពី​​​ផ្សារ​ដើមគ​​នៅ​​ទិស​ខាង​លិច និង​ស្ពាន​ជ្រោយចង្វា​​នៅ​ទិស​ខាង​ជើង​ ដោយ​មក​​ជួបជុំគ្នា​លើក​ទី១​នៅ​​ការិយា​​​ល័យ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​ដាក់​ញត្តិ​​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការ​​​​ដណ្ដើម​​​​ យក​ដីធ្លី។

សកម្មជន​​​ និង​​​សមត្ថកិច្ច​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នានៅ​​​​​​ជាប់​​​ក្រសួង​​​យុត្តិធម៌​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​​​បិទ​​​​​​ផ្លូវ​​​មិន​​​ឲ្យ​​​មនុស្ស​​​មួយក្រុម​​​ហែ​​​ក្បួន​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ដើម្បីប្រារព្ធទិវា​​​សិទិ្ធ​​​មនុស្ស​​​អន្តរ​​​ជាតិ​​​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

សកម្មជន​​​ និង​​​សមត្ថកិច្ច​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នានៅ​​​​​​ជាប់​​​ក្រសួង​​​យុត្តិធម៌​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​​​បិទ​​​​​​ផ្លូវ​​​មិន​​​ឲ្យ​​​មនុស្ស​​​មួយក្រុម​​​ហែ​​​ក្បួន​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ដើម្បីប្រារព្ធទិវា​​​សិទិ្ធ​​​មនុស្ស​​​អន្តរ​​​ជាតិ​​​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ព្រះតេជគុណ ចៅ​ គីន ​ព្រះជន្ម​២៨​វស្សា​ បាន​មាន​សង្ឃដីកា​នៅ​ខាង​ក្រៅ​​បរិវេណ​​ CDC ថា “យើង​មក​ទី​នេះ​ដើម្បី​ទាមទារ​សិទ្ធិ​របស់​យើង​ ដោយ​សារ​តែ​ភាព​អយុត្តិធម៌ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​​ដែល​យើង​ឃើញ​ ក្នុង​នោះ​មាន​ទាំង​បញ្ហា​​រំលោភ​យក​ដីធ្លី​ផង។ លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​នៅ​ក្មេង​ខ្ចី​នៅ​ឡើយនិង​ទន់​ខ្សោយ​​ ដូច្នេះ​យើង​ត្រូវ​តែ​តស៊ូ​​ និង​ពុះពារ​ដើម្បី​លទ្ធិប្រជាធិប​​​តេយ្យ”។

ក្រុម​អ្នក​​​ដើរ​​​ហែក្បួន​​​​​បន្ទាប់​មក​បាន​ដើរ​ទៅ​​​ទិស​ខាង​ត្បូង​​​ឆ្ពោះ​ទៅ​​ក្រសួង​យុត្តិធម៌ ប៉ុន្តែ​មិន​បាន​ទៅ​ដល់​គោល​ដៅទេ ដោយ​សារ ​កម្លាំង​ប៉ូលិស​ដែល​ប្រដាប់​ដោយ​ឧបករណ៍​ប្រឆាំង​កុបកម្ម។ ប្រហែល​១​​​ម៉ោង​បន្ទាប់​មក ​ក្រុម​ទី​​​២​​​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៤០​មក​ ពី​ទិស​ខាង​លិច​ ​ព័ទ្ធ​មន្ត្រី​ទាំង​នោះ​ ​នាំ​ឲ្យ​ពួក​​​គេ​​​ដក​​​ជួរ​របស់​ខ្លួន​ថយ​ក្រោយ​​ អនុញ្ញាត​ឲ្យ​ក្រុម​​​ទាំង​ពីរ​​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រសួង​នេះ។

លោក ឡាយ វិស័យ ជំនួយ​ការ​​លោក​រដ្ឋ​​​មន្ត្រី​​ក្រសួង​យុត្តិធម៌ អង្គ វង្សវឌ្ឍាណា បាន​ទទួល ​ញត្តិ​របស់​ពួកគេ​ ដែល​​​បាន​សុំ​ឲ្យ​ដោះ​​​លែង​​​​​មន្ត្រី​សហជីព​ និង​អ្នក​តស៊ូ​​​មតិ​សិទ្ធិ​មនុស្ស។

ដល់​ពេល​ថ្ងៃ​ត្រង់ អ្នក​ដើរ​ហែ​​ក្បួន​​​បាន​បំបែក​គ្នា​​ដើម្បី​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ជា​ការ​ បញ្ចប់​ដោយ​សន្តិវិធី​​នៃ​​​ព្រឹត្តិការណ៍​ថ្ងៃ​នោះ។

ទោះជា​​​យ៉ាង​នេះ​ក្ដី​ លោក ឡុង ឌីម៉ង់ ​អ្នក​នាំពាក្យ​​សាលា​ក្រុង​​បាន​និយាយ​ថា ​ការ​ដាក់​ទោស​​អាច​មាន​ចំពោះ​​​អ្នក​ដែល​​បាន​លើក​ទឹក​ចិត្ត​​ឲ្យ​មាន​បាតុកម្ម​នេះ។

លោក​បាន​និយាយ​ថា “​យើង​ដឹង​ថា ​គំនិត​របស់​អ្នក​រៀបចំ ឬ​របស់​មនុស្ស​​នៅ​ពីក្រោយ​​នេះ​គឺ​ដើម្បី​បង្កើត​​ជម្លោះ​…។ ពួកគេ​ចង់​មាន​ការ​ប្រឈម​​​រវាង​​អាជ្ញាធរ​​​និង​​អ្នក​ចូល​រួម”។

“យើង​នឹង​ពិនិត្យ​មើល​…​ច្បាប់​​ ដើម្បី​ដឹង​ថា យើង​​គួរ​ធ្វើ​យ៉ាង​ណា​អំពី​រឿង​នេះ”។

នៅ​​កោះ​ពេជ្រ​ឯណោះ រដ្ឋាភិបាល​​​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​​​មនុស្ស​​របៀប​ផ្សេង ដោយ​មាន​យុវជន​​ពាក់​អាវ​​​ដូចៗ​​​គ្នា​នាំ​​​គ្នា​​​ចូល​មហោ​​​ស្រព​កោះពេជ្រ ដើម្បី​ស្ដាប់​សុន្ទរកថា​​របស់​​ឧបនាយករដ្ឋមន្ត្រី សុខ អាន ​និង​លោក​អភិ​​​បាល​ក្រុង​​ បា៉ សុជាតិវង្ស។

លោក សុខ អាន ​បាន​ជំរុញ​អ្នក​ចូល​រួម​​ឲ្យ​គិត​​​តាំង​​ពី​សម័យ​ ប៉ុល​ ពត ដោយ​អះអាង​ថា ​សិទ្ធិ​មនុស្ស​​មាន​នៅ​កម្ពុជា​នៅ​ពេល​ដែល​ក្រុម​​​​ចម្រុះ​នៃ​​អ្នក​ផ្ដាច់​ខ្លួន​និង​កម្លាំង​វៀតណាម​​បាន​ផ្ដួល​រំលំ​​​ខ្មែរ​ក្រហម។

លោក​បាន​មាន​ប្រសាសន៍​ថា “គ្មាន​ប្រទេស ​​​ណា​ គ្មាន​​​អង្គការ​សិទ្ធិ​មនុស្ស​​​ណា​បាន​មក​ជួយ​ប្រជាជន​ខ្មែរ​ទេ។មាន​តែ​គណបក្ស​​​ប្រជាជន​កម្ពុជា​​ប៉ុណ្ណោះ​ដែល​បាន​បង្កើត​​​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​នៅ​ថ្ងៃ​ទី២ធ្នូ ឆ្នាំ​១៩៧៨ ​ដើម្បី​​​ រំដោះ​ជាតិ​​ពី​របប​ប្រល័យ​ពូជសាសន៍​​ដ៏​ឃោរឃៅ​​ព្រៃផ្សៃ”។

នៅ​ពេល​លោក ប៉ា សុជាតិវង្ស ឡើង​លើ​វេទិកា​ លោក​បាន​មាន​ប្រសាសន៍​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ចំនួន​៥.០០០​​​​​ បណ្ដាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​៣២២​ទស្សនាវដ្ដី​១០៨ ​ទូរទស្សន៍​១៧​ប៉ុស្តិ៍ និង​កាសែត​​៤៤​ ជា​ភ័ស្តុ​​​តាង​បញ្ជាក់​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​គឺ​ខ្លាំង​នៅ​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “យើង​​​ បាន​ស្ដារ​មុខមាត់​ប្រទេស​ជា​ថ្មី​ដោយ​សារ​​​តែ​​​ជ័យ​ជម្នះ​​នៅ​ថ្ងៃ​ទី​៧​​​មករា [១៩៧៩] លើ​របប​ ប៉ុល ពត ហើយ​​បាន​​​កែប្រែ​​​ជីវភាព​រស់​​​នៅ​​​របស់​ប្រជាជន ដោយ​ផ្ដល់​សេរីភាព​​ក្នុង​គ្រប់​វិស័យ​សាធារណៈ”៕ និត

The post ទិវា​សិទ្ធិមនុស្ស​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សន្តិវិធី ​​​ខណៈ​​​​​​​រដ្ឋាភិបាល​​និយាយ​ពី​ខ្មែរ​ក្រហម appeared first on ខេមបូឌា ដេលី.

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情