កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​បើក​​​ឲ្យ​​​មាន​​​ការ​​​បញ្ជូន​​​​​​អ្នក​​​បម្រើ​​​តាម​​​ផ្ទះ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី​​​​​​

យោងតាម​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ចេញដោយ​​​ក្រសួងការងារ​​​កាលពី​​​ម្សិលមិញ​​​ឲ្យដឹង​​​ថា រយៈពេល​​​បួន​​​ឆ្នាំ​​​បន្ទាប់ពី​​​នាយករដ្ឋមន្ត្រី​​​ចាត់ទុក​​​ថា​​​ខុសច្បាប់​​​នូវការ​​​អនុវត្តការបញ្ចូល​​​ស្ត្រីខ្មែរ​​​ទៅប្រទេស​​​ម៉ាឡេស៊ី​​​ ដើម្បី​​​ធ្វើ​​​ការ​​​ជា​​​អ្នកបម្រើ​​​តាម​​​ផ្ទះ ប្រទេសទាំងពីរ​​​បាន​​​ព្រមព្រៀង​​​ចាប់ផ្តើម​​​​​​សាជាថ្មី​​​លើការ​​​បញ្ជូន​​​ពលករ​​​ខ្មែរ​​​។ ​​

អស់រយៈពេល​​​ជិត​​​ពីរឆ្នាំ អនុស្សរណៈនៃការយោគយល់គ្នា​​​បាន​​​រុញចុះរុញ​​​ឡើង​​​រវាង​​​ក្រុងភ្នំពេញ​​​និងក្រុង​​​កូឡាឡាំពួរ ដោយភាគី​​​កម្ពុជា​​​ទាមទារ​​​ឲ្យមាន​​​ការ​​​ការពារ​​​ទូលំទូលាយ​​​សម្រាប់​​​អ្នកបម្រើ​​​តាម​​​ផ្ទះ​​​ ដែល​​​ទទួលរង​​​ការ​​​កែង​​​ប្រវ័ញ្ច​​​ ​​​និងទារុណកម្ម​​​ ចំណែកឯ​​​ម៉ាឡេស៊ីវិញ​​​មាន​​​បំណង​​​រក្សា​​​លក្ខខណ្ឌ​​​យោគយល់​​​សម្រាប់​​​និយោជក​​​។​​​

គ្មាន​​​សេចក្តី​​​ពិស្តារ​​​ទាក់ទង​​​នឹង​​​អនុស្សរណៈ​​​នៃការ​​​យោគយល់​​​គ្នា​​​ចុងក្រោយ​​​ទេកាលពី​​​ម្សិលមិញ ប៉ុន្តែ សេចក្តីថ្លែងការណ៍​​​បាន​​​និយាយថា កិច្ច​​​ព្រមព្រៀង​​​នោះ​​​បាន​​​ចុះ​​​ហត្ថលេខា​​​រួមហើយ​​​ ដោយមាន​​​កិច្ច​​​ព្រមព្រៀង​​​ទី២​​​ ដែល​​​សំដៅ​​​ការពារ​​​ពលករ​​​ខ្មែរ​​​ដទៃ​​​ទៀត​​​ដែល​​​ត្រូវ​​​ទៅធ្វើការ​​​នៅប្រទេស​​​ម៉ាឡេស៊ី​​​។

សេចក្តីថ្លែងការណ៍​​​បាន​​​និយាយថា “ភាគីទាំងពីរ​​​បាន​​​ឯកភាព​​​គ្នា​​​…. ជំរុញ​​​មន្ត្រី​​​ជំនាញ​​​នៃ​​​ប្រទេស​​​ទាំងពីរ​​​ជួបប្រជុំ​​​ពិភាក្សា​​​គ្នា​​​ឲ្យ​​​បាន​​​ឆាប់​​​ ដើម្បី​​​រៀបចំ​​ផែនការ​​​សកម្មភាព​​​សម្រាប់​​​អនុវត្ត​​​ MOU ទាំងពីរនេះ​​​​​​ និង​​​បង្កើត​​​ប្រព័ន្ធ​​​គ្រប់គ្រង​​​ពលករ​​​ កម្មករ​​​ និយោជិត តាម​​​ប្រព័ន្ធអេឡិកត្រូនិក”។ សេចក្តី​​​ថ្លែងការណ៍​​​បាន​​​និយាយបន្ថែម​​​ថា វិធានការ​​​នឹង​​​ត្រូវធ្វើឡើង​​​ផង​​​ដែរ​​​ ដើម្បី​​​ទប់ស្កាត់​​​ការជួញ​​​ដូរមនុស្ស​​​ និង​​​កេង​​​ប្រវ័ញ្ច​​កម្លាំងពលកម្ម​​​។

សេចក្តី​​​ថ្លែងការណ៍​​​បាន​​​និយាយថា “MOU ទាំងពីរ​​​គឺជា​​​ឧបករណ៍​​​ដ៏​​​សំខាន់​​​សម្រាប់​​​ការពារ​​​សិទ្ធិ​​​និង​​​ផល​​​ប្រយោជន៍​​​របស់​​​ពលករ ​​​កម្មករ​​​ និង​​​និយោជិត​​​នៃប្រទេស​​​ទាំង​​​ពីរ​​​ ទាំង​​​នៅ​​​ក្នុង​​​ដំណាក់កាល​​​ជ្រើសរើស​​​ ធ្វើ​​​ការ​​​ និងមាតុភូមិ​​​និវត្តន៍​​​ត្រឡប់​​​មក​​​ប្រទេស​​​កំណើត​​​រៀងខ្លួនវិញ​​​”។

ប្រទេស​​​កម្ពុជា​​​បាន​​​បិទ​​​ច្រក​​​ផ្លូវការ​​​សម្រាប់​​​បញ្ជូន​​​អ្នកបម្រើ​​​តាម​​​ផ្ទះ​​​ទៅប្រទេស​​​ម៉ាឡេស៊ី​​​ក្នុងឆ្នាំ​​​២០១១​​​ ក្រោយពី​​​មាន​​​របាយការណ៍​​​ថា មិន​​​មាន​​​បើក​​​ប្រាក់ខែ​​​ឲ្យ​​​ បង្ខំ​​​ឲ្យ​​​ធ្វើការ​​​លើស​​​ម៉ោង​​​ ហូបចុក​​​មិនគ្រប់គ្រាន់​​​ ធ្វើ​​​បាបរាងកាយ​​​និងផ្លូវភេទ​​​។ បើទោះជាយ៉ាង​​​នេះក្តី ស្ត្រី​​​នៅតែ​​​បន្ត​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ដោយ​​​ខុស​​​ច្បាប់​​​ ដោយ​​​វិល​​​ត្រឡប់​​​មកវិញ​​​នាំជាប់​​​មក​​​ជាមួយ​​​នូវ​​​ហេតុការណ៍​​​តក់ស្លុត​​​​​​នៃ​​​វាយ​​​ធ្វើ​​​បាប​​ដោយចៅហ្វាយនាយ​​​។

មានស្ត្រី​​​ម្នាក់​​​ដែល​​​មិន​​​បាន​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កំណើត​​​វិញ ដើម្បី​​​រាយរ៉ាប់​​​រឿង​​​ទុក្ខ​​​សោក​​​របស់​​​នាង​​​គឺ​​​ មុី ស៊ីជិន អាយុ​​​២៣​​​ឆ្នាំ ដែល​​​សាកសពស្គាំង​​​ស្គម​​​របស់​​​នាង​​​ត្រូវ​​​គេ​​​រក​​​ឃើញ​​​មាន​​​ស្នាម​​​ជាំ​​​និង​​​វាយ​​​តប់​​​​​​​​​ពេញ​​​ខ្លួន​​​នៅឯ​​​គេហដ្ឋាន​​​នៃ​​​ចៅហ្វាយនាយ​​​ជន​​​ជាតិ​​​ម៉ាឡេស៊ី​​​នៅឆ្នាំ​​​២០១២​​​។ ប្តីប្រពន្ធ​​​ជនជាតិ​​​ម៉ាឡេស៊ី​​​​​​មួយ​​​គូ​​​នេះ​​​ដែល​​​ជួល​​​នាង​​​ត្រូវ​​​តុលាការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ប្រហារ​​​ជីវិត​​​ដោយ​​​ព្យួរក​​​នៅ​​​ខែ​​​តុលា​​​។​​​​​

អនុស្សរណៈ​​​នៃ​​​ការ​​​យោគយល់​​​គ្នា​​​ថ្មី​​​នេះ​​​​​​សំដៅ​​​ធ្វើ​​​ឲ្យ​​​ក្លាយជា​​​ផ្លូវការ​​​នូវដំណើរការបញ្ជូន​​​ពលករ​​​ខ្មែរ​​​ទៅធ្វើ​​​ការ​​​នៅម៉ាឡេស៊ី ក្នុងគោល​​​បំណង​​​ធានាថា គ្មាន​​​នរណាម្នាក់​​​គេច​​​ផុត​​​ពីការ​​​ត្រួត​​​ពិនិត្យ​​​ដូច​​​កាលពី​​​អតីតកាល​​​បាន​​​ទេ​​​។

នៅខែធ្នូ​​​ ឆ្នាំ​​​២០១៣ ខ្លឹមសារ​​​នៃ​​​អនុស្សរណៈនៃ​​​ការ​​​យោគយល់​​​គ្នា​​​ ដែលក្រុង​​​ភ្នំពេញ​​​បាន​​​កែសម្រួល​​​ត្រូវបាន​​​បញ្ជូន​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ​​​ដោយ​​​មាន​​​គូស​​​បន្ទាត់​​​ខ្មៅ​​​កាត់តាម​​​ខបញ្ញត្តិ​​​ ដែល​​​ខ្លួនបានសរសេរ​​​​​​បន្ថែម​​​ ដោយស្នើ​​​សុំថា ចៅហ្វាយ​​​នាយត្រូ​​​វ​​​​​​ “គោរព​​​សិទ្ធិមនុស្ស​​​ជាមូលដ្ឋាន​​​របស់​​​អ្នក​​​បម្រើ​​​តាម​​​ផ្ទះ​​​”។

ភាគីកម្ពុជា​​​ ដោយ​​​មាន​​​ជំនួយ​​​ពីអង្គការ​​​ពលកម្ម​​​អន្តរជាតិ​​​ ក៏បាន​​​ជំរុញ​​​ឲ្យ​​​អ្នកបម្រើ​​​តាម​​​ផ្ទះ​​​មាន​​​សិទ្ធិ​​​កាន់​​​លិខិត​​​ឆ្លង​​​ដែន​​​ផ្ទាល់​​​ខ្លួន​​​ ពិនិត្យ​​​ និង​​​ចុះ​​​ហត្ថលេខា​​​លើកិច្ចសន្យា​​​មុន​​​នឹង​​​ចាក​​​ចេញពី​​​ប្រទេស​​​កម្ពុជា​​​ ទទួល​​​បាន​​​អាហារ​​​បីពេល​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ និង​​​មាន​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​ប្រចាំឆ្នាំ​​​ដោយ​​​មាន​​​ប្រាក់​​​ខែ។

លោក ទុន សុភ័ណ អ្នកសម្រប​​​សម្រួល​​​​​​ថ្នាក់​​​ជាតិ​​​​​​នៃ​​​​​​អង្គការ​​​ពលកម្ម​​​អន្តរជាតិ​​​បាន​​​និយាយកាលពី​​​យប់​​​មិញថា “តាម​​​ខ្ញុំដឹង​​​ ខ្ញុំ​​​ជឿថា [ក្រុងកូឡាឡាំពួរ​​​] បាន​​​ទទួលយក​​​អ្វី​​​គ្រប់យ៉ាង​​​ដែលស្នើ​​​ដោយ​​​ភាគី​​​កម្ពុជា​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​អនុស្សរណៈ​​​នៃការ​​​យោគយល់​​​គ្នា​​​ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​រួច​​​ហើយ​​​ទេ ហើយ​​​ខ្ញុំ​​​មិនមាន​​​ព័ត៌មាន​​​លម្អិត​​​ដែរ​​​ ដូច្នេះ​​​ខ្ញុំ​​​មិនអាច​​​និយាយ​​​ឲ្យ​​​ប្រាកដ​​​បាន​​​ទេ។ ខ្ញុំ​​​បាន​​​ជួប​​​ជាមួយ​​​ [រដ្ឋមន្ត្រី​​​ក្រសួង​​​ការងារ​​​លោក អុិត សំហេង] កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ មុននឹង​​​លោក​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី ហើយ​​​លោក​​​ពេញចិត្ត​​​នឹង​​​ MOU នោះ”៕ រើន​​​​​​​​​​​​​​​

 

 

The post កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​បើក​​​ឲ្យ​​​មាន​​​ការ​​​បញ្ជូន​​​​​​អ្នក​​​បម្រើ​​​តាម​​​ផ្ទះ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី​​​​​​ appeared first on ខេមបូឌា ដេលី.

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情