ឧកញ៉ា លឹម ប៊ុណ្ណា (​ខ្នា​) និង​ឧកញ៉ា ថៃ លួច​សម្រុក​កាប់​ឈើ​តាម​អំពើ​ចិត្ត​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ធ្វើ​អាជីវកម្ម​នាំ​ចេញទៅ​វៀតណាម ដោយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​មិន​ហ៊ាន​ហើបមាត់​

​ខេត្តមណ្ឌលគិរី​៖ សកម្មភាព​កេណ្ឌ​មនុស្ស​កាប់ និង​ដឹកជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​ធ្វើឡើង​តាំងពីដើម​ខែមករា ឆ្នាំ​២០១៥​មកម្ល៉េះ ដោយ​ប្រើប្រាស់​រថយន្ត​បង្កុង​ខ្នាត​ធំៗ​រាប់សិប​គ្រឿង ដឹក​ចេញពី​ដែន​ព្រៃ អភិរក្ស​សហគមន៍ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដោយ​សេចក្តីរាយការណ៍​នោះបាន​ចោទ​សំដៅ​ទៅលើ ក្រុមហ៊ុន កសិកម្ម​ខ្មែរ​អង្គរ ខូ​អិ​ល​ធី​ឌី (KAKSEKAM KHMER ANGKOR CO.,LTD) ដែលមាន​ទីតាំង នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ជា​អ្នកប្រព្រឹត្ត​។ ដោយ​ជាក់ស្តែង​រថយន្ត​ដែល​ផ្ទុក​ឈើ​ហ៊ុ​ប​ធំៗ​សម្រុក​ដឹក​ចូល​ទីតាំង​ការដ្ឋាន​ក្រុមហ៊ុន​ទាំងយប់​ទាំង​ថ្ងៃ ដែល​មួយថ្ងៃៗ​មិន​ក្រោម​ពី​៥០​ទៅ​៦០​ឡាន​នោះទេ​។ ប៉ុន្តែ​ករណីនេះ លោក អៀ​ប ភៃ (​ហៅ អៀ​ប ប៉ៃ​) ប្រធាន​ក្រុមហ៊ុន កសិកម្ម​ខ្មែរ​អង្គរ ខូ​អិ​ល​ធី​ឌី បាន​ចេញមក​បដិសេធ​ថា​ពុំមាន​ការពាក់ព័ន្ធ និង​មិនមែនជា​ស្នាដៃ​របស់​ក្រុមហ៊ុន​លោក​នោះទេ​។​

​លោក អៀ​ប ភៃ ប្រធាន​ក្រុមហ៊ុន កសិកម្ម​ខ្មែរ​អង្គរ បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក​គ្មាន​ការជាប់​ពាក់ព័ន្ធ នឹង​រឿង​សកម្មភាព​លួច​បាក់​ឈើ​ក្នុង​ដែន​ព្រៃ​អភិរក្ស​សហគមន៍ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នាបច្ចុប្បន្ន​នេះ​ទេ ពី ព្រោះ​ក្រុមហ៊ុន​របស់លោក ត្រូវបាន​រដ្ឋាភិបាល​ចេញ​លិខិត​លេខ ១៤៧១ សជណ ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ដែល​ចុះហត្ថលេខា​ដោយ លោក តឹក​រ៉េត សំរេច រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និរាករណ៍​លើ​លិខិត​លេខ ១០០៤ សជណ ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ផ្តល់ គោលការណ៍​វិនិយោគ​ដល់​ក្រុមហ៊ុន កសិកម្ម​ខ្មែរ​អង្គរ ខូ​អិ​ល​ធី​ឌី (KAKSEKAM KHMER ANGKOR CO.,LTD) លើ​ផ្ទៃដី​ទំហំ ៩១៦០​ហិកតា ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ភូមិសាស្ត្រ​ខេត្តមណ្ឌល់គិរី​នោះ បាន​ដកហូត​ដី​ទាំងអស់នោះ​ប្រគល់ជូន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​គ្រប់គ្រង​ដោយ​លោក សំ​រ៉ង ឌី​វិចិត្រ និង​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​រួចរាល់​ទៅហើយ​។​

លោក អៀ​ប ភៃ ប្រធាន​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្រោយពី​រដ្ឋាភិបាល​ចេញ​លិខិត​ដកហូត​ដី​សម្បទាន​ទាំងស្រុង​ពី​លោក ក្រសួងបរិស្ថាន​ក៏បាន​ចេញ​លិខិត​លេខ​០១៣ សជណ​.​ប​.​ស្ថ ចុះ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៥ ដែល​ចុះហត្ថលេខា​ដោយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បញ្ជា​ដាច់​ណាត់​ឲ្យ ក្រុមហ៊ុន កសិកម្ម​ខ្មែរ​អង្គរ ខូ​អិ​ល​ធី​ឌី រុះរើ​សំណង់ និង​សម្ភារៈ​នានា​ចេញពី​ទីតាំង​ក្រុមហ៊ុន រយៈពេល​០១​ខែ​យ៉ាង យូរ​ដោយ​មិនអាច​ពន្យា​ពេល​បានជា​ដាច់ខាត​។ ដោយ​ក្រសួងបរិស្ថាន​ព្រមាន​ចាត់វិធានការ​បើ​យឺតយ៉ាវ​រុះរើ ដោយ​ពុំ​ទទួលខុសត្រូវ​ការខូចខាត​សម្ភារៈ​អ្វី​ឡើយ​។ ឆ្លើយតប​នឹង​បញ្ហា​អាសន្ន​នេះ លោក អៀ​ប ភៃ បានប្រកាស​បញ្ឈប់​បុគ្គលិក​កម្មករ​ទាំងអស់ ហើយ​បាន​រុះរើ​សំណង់ សម្ភារៈ​នានា​ចេញ​អស់ពី​ទីតាំង ដី​សម្បទាន ស្ថិតក្នុង​ដែន ជម្រក សត្វព្រៃ​ភ្នំ​ព្រេច​តាំងពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៥ នោះមក​ម្ល៉េះ​។ ហេតុ​ដូចនេះហើយ ក្រុមហ៊ុន លែងមាន​វត្តមាន និង​ការទទួលខុសត្រូវ​រាល់​បញ្ហា​ដែល​កើតឡើង​ក្នុង​ទីតាំង​នោះ​ទៀតហើយៗ​គ្មានទេ​ការ​លួច​កាប់ ការដឹកជញ្ជូន ការប្រមូលទិញ​ឈើ​នៅ​ទីនោះ​។​

​លោក អៀ​ប ភៃ បាន​រំលឹកថា មុនពេល​រដ្ឋាភិបាល​ដ​ក​ហូត​ដី​សម្បទាន​ពី​គាត់ លោក សំ​រ៉ង ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែលជា​ប្អូនថ្លៃ លោក ចាយ សា​មិត្ត ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង​បិ​រិ​ស្ថាន ធ្លាប់​មក​ទាក់ទង​គាត់​សុំ​ឲ្យ លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​(​ខ្នា​) ជ្រក​លើដី​សម្បទាន​ខ្មែរ​អង្គរ​ដើម្បី​បាន​កាប់​ឈើ​នៅ​តំបន់​នោះ តែ​លោក អៀ​ប ភៃ ខ្លាច​មាន​កំហុស​ជាមួយ​រដ្ឋាភិបាល​ក្នុង​រឿង​មិន​ស្របច្បាប់​នោះ លោក​បាន​បដិសេធ ដែល​រឿងនេះ​បានធ្វើ​ឲ្យ​លោក សំ​រ៉ង ឌី​វិចិត្រ អាក់អន់​ចិត្តដាច់​លាភ​ដែល​អាច​ទទួលបាន​ពី លោក​ឧកញ៉ា លឹម ប៊ុណ្ណា រាប់សែន​ដុល្លារ​ប្រសិនបើ​សម្រេច​រឿង​នោះ​។

​លោក អៀ​ប ភៃ បាន​រំលឹក​ទៀតថា ក្រោយមក លោក​ឧកញ៉ា ថៃ ជា​អ្នកជំនួញ​ឈើ​ដែរ​នោះបាន​សុំ​កាប់​ឈើ និង​សុំ​ទិញ​អាជ្ញាប័ណ្ណ​នាំ​ឈើ (PC) របស់​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​ដែលមាន​ឈើ​លេខ​១ (​សុ​ក្រម​,​ផ្ចឹក​,​ឈ្លីក​) និង​ឈើក្រហម​ប្រមូលបាន​ពី​ឈូសឆាយដី​ចំនួន​១៦៩៣.៥១៧ (​មួយ​ពាន់​ប្រាំ​រយ​កៅសិប​បី​) ម៉ែត្រគុប​ដែល​បាន​បង់ពន្ធ​ជូន​ក្រសួងបរិស្ថាន​រួចរាល់​ហើយ​នោះ តែ​លោក អៀ​ប ភៃ មិនបាន​លក់​អាជ្ញាប័ណ្ណ​នាំ​ឈើ​ឲ្យ​លោក​ឧកញ៉ា ថៃ​ទេ ។ លោក អៀ​ប ភៃ ថា​លោក​មិនមែន​អ្នករកស៊ី​ឈើ​ពិបាក​រក​ទីផ្សារ​ណាស់ ចេះតែ​រក្សា​វា​ទុក​ទៅ ដោយសារ​ឈើ​លេខ​១​ក្នុង​១​ម៉ែត្រគុប ថ្លៃដើម​(​ពលកម្ម​+ បង់ពន្ធ​+​ក្រោម​តុ​+​ដឹកជញ្ជូន​)៦០០$ តែ​តម្លៃ​លក់​ចេញ​លើ​ទីផ្សារ​បោះ​តាម​ដេប៉ូ​១​ម៉ែត្រគុប​៤៥០$​។​

ទីបញ្ចប់​ឈើ​លេខ​១ និង​ឈើក្រហម​ច្រៀក​រួច​ចំនួន ១៦៩៣.៥១៧ ម៉ែត្រគុប​ដែល​បាន​បង់ពន្ធ​រួចទៅហើយ​នោះ ត្រូវ​ក្រសួងបរិស្ថាន​រឹបអូស​យក​ជាមួយ​អាជ្ញាប័ណ្ណ​នាំចេញ ថែមទាំង​បណ្តេញ​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​ចេញពី​ដី​សម្បទាន​យ៉ាង​តក់ក្រហល់​។ ក្រោយពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៥ ក្រុមហ៊ុន កសិកម្ម​ខ្មែរ​អង្គរ បានចេញ​ផុតពី​ការដ្ឋាន​ភ្លាម ត្រូវបាន​ចូលកាន់​កាប់​ដោយ​អ្នករកស៊ី​ឈើ​គឺ លោក​ឧកញ៉ា លឹម ប៊ុណ្ណា និង​លោក​ឧកញ៉ា ថៃ ហើយ​បានធ្វើ​ឲ្យ​ទីនោះ​មាន​សភាព​អ៊ូអរ​ជាមួយនឹង​ឡាន​បង្កុង​ធំៗ​ដឹកឈើ​កាប់​ថ្មី​ចេញ​មកពី​ព្រៃ​សហគមន៍​ការពារ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​កាប់​ចេញពី​តំបន់​ត្រពាំង​ដៃខ្លា​ដឹក​តាមផ្លូវ​ក្រួស​ក្រហម ធ្វើ​ដោយ​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ រួច​ចូលមក​អតីត​ទីតាំង​ការដ្ឋាន​យ៉ាង​មមាញឹក​ដោយមាន​ម៉ាស៊ីន​ចាំ​អារច្រៀក ដែល​រូបភាព​នេះ​បានធ្វើ​ឲ្យ​អ្នក​មិនបាន​ដឹង​រឿង ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​មានការ​យល់ច្រឡំ​ថា​ជា​សកម្មភាព​លួច​កាប់​ឈើ​ខុស​របស់​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​ទៅវិញ តែមាន​តែ លោក សំ​រ៉ង ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ប្រចាំការ​ទីនោះ​ទេ​ទើប​ដឹង​រឿងនេះ​ច្បាស់​។​

​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយឡែក​មួយទៀត​បា​នប​ង្ហើ​ប​ឲ្យ​ដឹងថា ក្រសួងបរិស្ថាន​បាន​លក់​អាជ្ញាប័ណ្ណ​នាំ​ឈើ​របស់​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ឲ្យ​លោក​ឧកញ៉ា លឹម ប៊ុណ្ណា និង​លោក​ឧកញ៉ា ថៃ ដើម្បី​មាន​សិទ្ធិ​ដឹកឈើ​ដែល​បាន​រឹបអូស​ពី​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​កាត់ (PC) នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​។ តែ​ដោយមាន​ការឃុបឃិត​ពី​លោក សំ​រ៉ង ឌី​វិចិត្រ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែលជា​ប្អូនថ្លៃ លោក ចាយ សា​មិត្ត ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង​បិ​រិ​ស្ថាន​ដ៏​មានអំណាច បាន​បង្ក​ឱកាស​ឲ្យ​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ទាំងពីរ​នាក់​នេះ​កាប់​ឈើ​ថ្មី ពី​ដែន​ព្រៃ​អភិរក្ស​សហគមន៍ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​តាម​អំពើ​ចិត្ត​ដឹកជញ្ជូន​យ៉ាង​គគ្រឹគ​គ្រេង​ចូល​ទីតាំង​អតីត​ការដ្ឋាន​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​ធ្វើការ​អារច្រៀក​ដាក់​បន្លំ​ជាមួយ​ឈើ​ចាស់​នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ឈើ​ប្រណីត​នាំចេញ​ទៅ​វៀតណាម​បាន​តាម​អំពើ​ចិត្ត​។​

​ប្រភព​បាន​បន្តថា ករណី​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ​ដោយ​ចំហ​នេះ​សុ​ម្បី​តែ លោក ឈិ​ត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ក៏​គ្មាន​ប្រតិកម្ម​ដែរ ចំណែក លោក សាយ សំ​អាល់ ត្រូវបាន​គេ​ចោទថា ជា​អ្នក​នៅ​ពីក្រោយ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នោះ​។ ក្រោយពី​ផ្ទុះឡើង​ការ​លួច​កាប់​ព្រៃឈើ​ចាប់តាំងពី​ដើមខែ​មករា ឆ្នាំ​២០១៥​រហូតមកដល់​បច្ចុប្បន្ន​នេះ លោក សាយ សំ​អាល់​,​លោក សំ​រ៉ង ឌី​វិចិត្រ​, លោក ចាយ សា​មិត្ត​, លោក ឈិ​ត សុផល សុទ្ធតែ​មិន​ហ៊ាន​ហើបមាត់​ចាត់វិធានការ​លើស​កម្ម​ភាពជាក់ស្តែង​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ចេញពី​ដែន​ព្រៃ​អភិរក្ស​សហគមន៍ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នោះទេ​ដែល​គេ​សង្ស័យថា​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទៅវិញ ហើយ​មិនយូរ​ទេ​ព្រៃឈើ​នៅ​ទីនោះ​នឹង​រលាយ​សាបសូន្យ​។ ដោយ ឦសាន​២ ​

KA-1-12-2015-17 KA-11-12-2015-18 KA-11-12-2015-19 KA-11-12-2015-20 KA-11-12-2015-22

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情