នៅ​ចុងខែ​មករា​ឆ្នាំ​២០១៦ គ​.​ជ​.​ប នឹង​ប្រជុំ​ពិគ្រោះ​យោ​យល់ ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្មីៗ​នេះ​បាន​ជូនដំណឹង​ពី​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី នឹង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ទី​៣ ខែមករា ឆ្នាំ​២០១៦​។ ជុំវិញ​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​បញ្ជាក់ដែរថា​ការជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ចុះបញ្ជី​បោះឆ្នោត​ថ្មី គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​។​

​ដោយឡែក​ចំពោះ​ការងារ​ដែល​ទើប​ចាប់ផ្តើម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បា​នប​ង្កើ​ត​គណៈកម្មការ​ចំពោះ​កិច្ច​ស្តីពី​ការអប់រំ​សាធារណជន សំដៅ​អប់រំ​ដល់​អ្នក​ស្ថិតក្នុង​អាយុ​បោះឆ្នោត និង​មិន​ស្ថិតក្នុង​អាយុ​បោះឆ្នោត​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏​កំពុង​រៀបចំ​ឯកសារ និង​នីតិវិធី​សម្រេច​ប្រកាស​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការរង ជា​សាធារណៈ​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៥ ឬ​ខែមករា ឆ្នាំ​២០១៦​នេះ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដែល​គ្រោង​នឹងធ្វើ​នៅ​សប្តាហ៍​ទី​៣ ខែមករា ឆ្នាំ​២០១៦ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​គ្រោង​នឹង​អញ្ជើញ​គណបក្សនយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថានទូត​ភាគី​ជំនួយ​ជប៉ុន សហគមន៍​អឺរ៉ុប ចូលរួម​ប្រមាណ​២២០​នាក់​ផងដែរ​។ ក្នុងនោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កំពុង​ពិនិត្យ​ឯកសារ​សម្រេច​ចុះ​កិច្ចសហប្រតិបត្តិការ​រ​វាង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​រុស្ស៊ី ដើម្បី​សហការ​និង​ផ្លាស់ប្តូរ​បទពិសោធន៍​។​

​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កំពុង​ត្រៀម​ចុះហត្ថលេខា​ទទួល​ជំនួយ​ជាមួយ​ភាគី​ជប៉ុន និង​សហគមន៍​អឺរ៉ុប​។​ក្នុងករណី​មានការ​យឺតយ៉ាវ​ក្នុង​ការទទួល​ជំនួយ ឬ​ការរៀបចំ​បរិក្ខារ​ចុះឈ្មោះ​បោះឆ្នោត​យឺត ការចុះឈ្មោះ​បោះឆ្នោត​ផ្លូវការ​នៅ​ទូទាំងប្រទេស​អាច​នឹងត្រូវ​លើក​ពេល​ទៅ​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែឧសភា ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦៕

image

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情