ងី វីរៈ និង ចាន់ សុផាត ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​

លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​មេខ្លោង​ដែល​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហេតុនេះហើយ​ទោះបី​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត ក្រឡាប់​នៅក្នុង​ស្រុក​មេមត់ ជា​បន្តបន្ទាប់ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ជាពិសេស​គឺ​លោក ងី វីរៈ មិន​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ត្រូវមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ងី វីរៈ ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​នានា​ក្នុងស្រុក​មេមត់ គឺមាន​ការឃុបឃិតរ​វាង​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​លោក ចាន់ សុផាត ប្រធាន​ស្នាក់ការ​គយ​ស្រុក​មេមត់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ងី វីរៈ និង ចាន់ សុផាត បាន​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណី​តទៅ​ស្រុក​យួន​ជា​យូរ​មកហើយ ដោយ​រាប់​ក្បាល​រថយន្ត​ដឹកឈើ​យកលុយ​ប្រចាំ​ជើង​និង​ប្រចាំខែ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ឆ្លងកាត់​ស្រុក​មេមត់ មានការ​កើនឡើង​យ៉ាងគំហុក ដូច្នេះ​ទាំង​លោក ងី វីរៈ និង​លោក ចាន់ សុផាត រកបាន​ប្រាក់ចំណូល​កាន់តែច្រើន​ពីបទ​ល្មើស​ព្រៃឈើ ហើយ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

តាម​ការអះអាង​របស់​ឈ្មួញ​ឈើ​មួយចំនួន​បាន​ឲ្យ​ដឹងថា មុនពេល​ពួកគេ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ត្រូវតែមាន​ទំនាក់ទំនង​ជាមួយ​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ​។ រីឯ​នៅពេល​ដឹកឈើ​ចេញ​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ដូចជា​ច្រក​ចាន់​មូល ច្រក​ដូនរ័ត្ន ច្រក​បឹង​ជ្រោង និង​ច្រក​មួយចំនួនទៀត គឺ​ត្រូវ​បង់លុយ​ឲ្យ​លោក ចាន់ សុផាត ប្រធាន​ស្នាក់ការ​គយ​ស្រុក​មេមត់ តាម​ការកំណត់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​កកស្ទះ​នៅតាម​ច្រកព្រំដែន​។ ប្រការនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ដូចជា លោក ងី វីរៈ និង​លោក ចាន់ សុផាត ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តទៅទៀត​៕

a-gat1-500x281 a-dim13-500x375 a-gat2-500x281

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情