ពលរដ្ឋ​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​ករណី​ក្រុម​ប្រឹក្សា​ឃុំ​នៅ​ខេត្ត​ស្ទឹងត្រែង​លក់​ដី​បញ្ចុះ​សព

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​អូរឫស្សីកណ្ដាល ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង រង​ការ​ចោទ​ថា លក់​ដី​ប៉ាឆា​សម្រាប់​បូជា​សព និង​បញ្ចុះ​សព​របស់​អ្នក​ភូមិ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ផ្នូរ​កប់​សព​រាប់​រយ ត្រូវ​បាន​ឈូស​ឆាយ​បំផ្លាញ​ដោយ​លួច​លាក់ បន្ទាប់​ពី​អាជ្ញាធរ​បាន​លក់​ដី​ប៉ាឆា​នេះ​ឲ្យ​អ្នក​ភូមិ​ផ្សេង​ទៀត។

ពលរដ្ឋ​រស់នៅ​ភូមិ​អូរឫស្សីកណ្ដាល ស្រុក​សៀមបូក នៅ​ថ្ងៃ​ទី​១២ ធ្នូ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស៊ើប​អង្កេត​ករណី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​អូរឫស្សីកណ្ដាល លោក តែន វ៉ាន់ លក់​ដី​សម្រាប់​បូជា​សព និង​បញ្ចុះ​សព​របស់​អ្នក​ភូមិ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត គឺ​អ្នកស្រី សោម សុខលឿង និយាយ​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​អូរឫស្សីកណ្ដាល លោក តែន វ៉ាន់ គឺ​ជា​ប្អូន​ថ្លៃ​មេ​ឃុំ​អូរឫស្សីកណ្ដាល លោក គឹម សាន់ បាន​លក់​ដី​សម្រាប់​បញ្ចុះ​សព ពុំ​បាន​ជូន​ដំណឹង​ដល់​អ្នក​ភូមិ​ជា​មុន។ អ្នកស្រី​កត់​សម្គាល់​ថា អ្នក​ភូមិ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ខណៈ​ផ្នូរ​កប់​សព​រាប់​រយ​ផ្នូរ ត្រូវ​ឈូស​បំផ្លាញ​ចោល​កាល​ពី​​ខែ​តុលា ឆ្នាំ​២០១៥ ដើម្បី​យក​ដី​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន៖ «សាកសព​ម្តាយ​ខ្ញុំ​ឈូស​ឆាយ​ដូច​ខ្មោច​ឆ្កែ​ខ្មោច​ឆ្មា​ចឹង​អី តាំង​ពី​អើយ​មក ហើយ​យក​ដី​ដាក់​សព​យក​ទៅ​លក់។ ខ្ញុំ​មិន​សុខ​ចិត្ត ឪពុក​ម្តាយ​ខ្ញុំ​ទុក​ដាក់​នៅ​ហ្នឹង ឥឡូវ​ឈូស​ឆាយ​អស់​ហើយ»

ចាស់​ព្រឹទ្ធាចារ្យ លោក​តា ប៊ុត ស៊ីសុគី កត់​សម្គាល់​ថា ការ​លួច​លក់​ដី​ប៉ាឆា​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ថា​ជា​សញ្ញា​អវិជ្ជមាន ធ្វើ​ឲ្យ​អ្នក​ភូមិ​អស់​ជំនឿ​លើ​ការ​ដឹក​នាំ​របស់​អាជ្ញាធរ​មូលដ្ឋាន។ លោក​ថា អ្នក​ភូមិ​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ដី​ប៉ាឆា​កាល​ពី​ឆ្នាំ​២០១៤ ដែល​មាន​ក្រុម​និស្សិត​វាស់វែង។ លោក​បន្ត​ទៀត​ថា អ្នក​ភូមិ​មួយ​ចំនួន​ធំ​នៅ​តែ​ស្ដាយ​ស្រណោះ​ផ្នូរ​ដូនតា​ត្រូវ​ឈូស​កម្ទេច ហើយ​មាន​អ្នក​ភូមិ​មួយ​ចំនួន យំ​អាឡោះអាល័យ​ការ​បាត់បង់​ដី​ផ្នូរ​ឪពុក​ម្តាយ​ដូនតា​របស់​ពួក​គេ៖ «សំខាន់​សព​បញ្ចុះ មិន​ទាន់​បាន​លើក​តាម​ទំនៀមទម្លាប់ ដូចជា​លើ​ធាតុ ត្រូវ​ជា​អាត្រាក់​លើក​ឲ្យ។ ខ្លះ​មក​មិន​ឃើញ​ផ្នូរ​ម្តាយ ផ្នូរ​ឪពុក​គេ​ឈូស គេ​ឆាយ​អស់ ដល់​ចឹង​វា​អាណោចអាធម្ម»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ក្រុម​ប្រឹក្សា​ឃុំ​អូរឫស្សីកណ្ដាល លោក តែន វ៉ាន់ បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​ទទួល​ស្គាល់​ពិត​ជា​លក់​ដី​សម្រាប់​បញ្ចុះ​សព តែ​លោក​បាន​រក​ដី​ផ្សេង​ទៀត​សម្រាប់​ដោះ​ដូរ​ជូន​អ្នក​ភូមិ​វិញ ឋិត​នៅ​ខាង​ក្រោយ​ដី​ប៉ាឆា ១០០​ម៉ែត្រ៖ «ខ្ញុំ​បាន​ចរចា​ជាមួយ​គាត់​ហើយ ដូចជា​ថ្នាក់​ដឹក​នាំ​ដូចជា​មេ​ឃុំ។ ខ្ញុំ​ថា ដូរ​ទីតាំង​ឲ្យ​យល់ព្រម​បាន​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ធ្វើ​អី​ឲ្យ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​អូរឫស្សីកណ្ដាល លោក គឹម សាន់ ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ ពលរដ្ឋ​ជាង ៥០​នាក់ បាន​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​មេ​ឃុំ​អូរឫស្សីកណ្ដាល ទាមទារ​ឲ្យ លោក តែន វ៉ាន់ ប្រគល់​ដី​ប៉ាឆា​ជូន​អ្នក​ភូមិ​វិញ តែ​រហូត​មក​ដល់​បច្ចុប្បន្ន អ្នក​ភូមិ​ពុំ​ទាន់​ទទួល​ដំណឹង​ពី​ការ​ដោះស្រាយ​ករណី​នេះ​នៅ​ឡើយ​ទេ។

មន្ត្រី​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក (ADHOC) លោក ឡាត់ គី ពន្យល់​ថា ដី​ប៉ាឆា​សម្រាប់​ប្រើប្រាស់​រួម ឬ​ហៅ​ថា​ដី​សមូហភាព គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ដែល​ពុំ​អាច​មាន​បុគ្គល​ណា​ម្នាក់​លក់​ដូរ​ធ្វើ​អាជីវកម្ម​នោះ​ទេ។ លោក​ថា បើ​បុគ្គល​ណា​ម្នាក់​ហ៊ាន​យក​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ចាត់​ចែង ឬ​លក់​ដូរ​សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ក្រុម​ខ្លួន ជា​អំពើ​ល្មើស​ច្បាប់៖ «គឺ​ជា​អំពើ​ឃោរឃៅ​មួយ ធ្វើ​ឲ្យ​ប៉ះពាល់​វប្បធម៌​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​ទៅ​លើ​ទី​តំបន់​នោះ​ផង ព្រោះ​ទាក់ទិន​ដូនតា ទាក់ទិន​នឹង​ខ្មោច​ឪពុក​ខ្មោច​ម្តាយ ដែល​ជា​មនុស្ស​ដែល​ទី​សក្ការៈ​របស់​ខ្លួន»

អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា ដី​សម្រាប់​បញ្ចុះ​សព និង​បូជា​សព កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩២ មាន​ទំហំ​មួយ​ហិកតារ មាន​ផ្នូរ​កប់​សព​រាប់​រយ​ផ្នូរ និង​មាន​ចម្ងាយ​ពី​ភូមិ​អូរឫស្សីកណ្ដាល ៧០០​ម៉ែត្រ​ចូល​ទឹក​ដី​ស្រុក​សំបូរ ខេត្ត​ក្រចេះ។ អ្នក​ភូមិ​ព្រមាន​ថា នឹង​ផ្ដិត​មេ​ដៃ​ប្ដឹង​ករណី​នេះ​បន្ត​ទៀត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ខណៈ​ដែល​អាជ្ញាធរ​ឃុំ​បាន​កប់​ចោល​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情