សង្គម​ស៊ីវិល​មិន​រំពឹង​ថា​បញ្ជា​របស់​លោក ហ៊ុន សែន អាច​កែលំអ​សេចក្ដី​ព្រាង​ច្បាប់​សហជីព

មន្ត្រី​សង្គម​ស៊ីវិល មិន​រំពឹង​ថា ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​សហជីព តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ នឹង​មាន​ការ​កែលំអ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ឲ្យ​ប្រសើរ​ឡើង​ឡើយ។ យោង​តាម​បទពិសោធន៍​កន្លង​មក វត្តមាន​របស់​គណៈកម្មការ​ចំពោះ​កិច្ច អាច​គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​តាម​ការ​ចង់​បាន​របស់​កម្មករ​រោងចក្រ និង​សហជីព​នោះ វា​មិន​ពិបាក​ទេ ពីព្រោះ​សមាជិក​រដ្ឋសភា​ពី​គណបក្ស​កាន់​អំណាច​មួយ​នេះ មាន​សំឡេង​គ្រប់គ្រាន់​សម្រាប់​អនុម័ត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​សហជីព ដើម្បី​ជជែក​ជាមួយ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បាន​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​ទៅ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​អ្នក​រៀបចំ​បង្កើត​ដាក់​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​ជា​ប្រធាន។ ការ​សម្រេច​បែប​នេះ បន្ទាប់​ពី​គណបក្ស​មាន​សំឡេង​ឆ្នោត​ទាំង​ពីរ ព្រមព្រៀង​គ្នា​ពិនិត្យ​ជជែក​ឲ្យ​បាន​ស៊ី​ជម្រៅ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​សហជីព។

សេចក្ដី​ព្រាង​ច្បាប់​សហជីព ដែល​រង​ការ​រិះគន់​ថា មាន​លក្ខណៈ​គាប​សង្កត់​ដល់​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព ទើប​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជូន​ដល់​ដៃ​រដ្ឋសភា​ក្នុង​ពេល​ថ្មីៗ​នេះ។

ក្រុម​សហជីព ថ្លែង​ថា ពួក​គេ​មិន​អាច​ទទួល​យក​ច្បាប់​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​កម្មករ​និយោជិត និង​សង្គម​ទាំង​មូល​បាន​នោះ​ឡើយ។

កន្លង​មក អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​សមាជ​សហជីព​អន្តរជាតិ ក៏​បាន​រិះគន់​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​រដ្ឋាភិបាល​បាន​តាក់តែង​ឡើង នឹង​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​កម្មករ។ ពួក​គេ​ទទូច​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា កែលំអ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឲ្យ​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情