ក្រុមហ៊ុន​វិនិយោគ​រ៉ែ​មាស​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច

ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) នៃ​ប្រទេស​ឥណ្ឌា ដែល​គ្រោង​ធ្វើ​ឧស្សាហកម្ម​មាស​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ខេត្ត​រតនគិរី បាន​រៀបចំ​អភិវឌ្ឍ​វិស័យ​អប់រំ និង​សិក្សាធិការ​ផ្តល់​ជូន​កូន​ចៅ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ។ ការ​រៀបចំ​នេះ ជា​ផ្នែក​មួយ​ទៀត​បន្ទាប់​ពី​ក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) បាន​អភិវឌ្ឍ​វិស័យ​ទឹក​ស្អាត​តាម​រយៈ​ផ្តល់​មូលនិធិ​ផលិត​ពាង​យក្ស​ទៅ​ឲ្យ​សហគមន៍​ប្រើប្រាស់។ ការ​ជួយ​ជ្រោមជ្រែង​របស់​ក្រុមហ៊ុន​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចសន្យា​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ជួយ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន។

សិស្ស​សាលា​បឋម​សិក្សា​ភូមិ​ពាក់ ជាង ១០០​នាក់ បាន​ទទួល​ឧបករណ៍​សិក្សា​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន មេស្កូ ហ្គោល កាល​ពី​ដើម​សប្ដាហ៍​នេះ ស្រប​ទៅ​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​សហគមន៍ ខណៈ​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ធ្វើ​ឧស្សាហកម្ម​មាស​នៅ​តំបន់​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។

កាល​ពី​ខែ​កក្កដា សមាជិក​សហគមន៍​បាន​ស្នើ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ក្រុមហ៊ុន​ពាក់ព័ន្ធ នៅ​សាលា​ប្រជុំ​ភូមិ​ពាក់ ដាក់​ចេញ​ជា​ផែនការ​អភិវឌ្ឍន៍​ភូមិ ជូន​ក្រុម​ប្រឹក្សា​ឃុំ អនុម័ត​ដើម្បី​ធ្វើ​សមាហរណកម្ម​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ក្នុង​នោះ​រួម​មាន វិស័យ​អប់រំ ជាពិសេស​កង្វះ​សមត្ថភាព​ផ្នែក​ភាសា​ខ្មែរ និង​អង់គ្លេស គឺ​ជា​កង្វល់​អាទិភាព​មួយ​ក្នុង​ចំណោម​បញ្ហា​អាទិភាព​ចំនួន ៥​ចំណុច ដែល​សមាជិក​សហគមន៍​បាន​ស្នើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នោះ។

ភូមិ​ពាក់ មាន​សាលា​រៀន​មួយ​ខ្នង​មាន ៦​បន្ទប់ និង​មាន​សិស្ស​រៀន ១០៨​នាក់​ចាប់​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ ក្នុង​នោះ​សិស្ស​ជា​ជនជាតិ​ដើម​ភាគ​តិច​មាន​ស្ទើរ​មួយ​រយ​ភាគរយ ក្នុង​ចំណោម​សិស្ស​កំពុង​សិក្សា​នៅ​សាលា​រៀន​មួយ​នេះ។

នាយក​សាលា​បឋម​សិក្សា​ភូមិ​ពាក់ លោក សេវ ហួត កត់​សម្គាល់​ថា ភូមិ​ពាក់ ជា​តំបន់​ដាច់​ស្រយាល​មិន​មាន​ការ​អភិវឌ្ឍ ក៏ប៉ុន្តែ​តំបន់​នេះ​មាន​ប្រភព​រ៉ែ​មាស​ដែល​អ្នក​ភូមិ​រុក​រក​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន មេស្កូ ហ្គោល ចូល​វិនិយោគ​រ៉ែ​មាស​នៅ​តំបន់​នេះ និង​បាន​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ រួម​មាន ផ្តល់​តុ​កៅអី​សម្រាប់​គ្រូ និង​សិស្ស ជាពិសេស​បាន​ផ្តល់​គ្រូបង្រៀន​ភាសា​អង់គ្លេស​ដល់​កូន​ចៅ​សហគមន៍ ដែល​ជា​ផ្នែក​មួយ​នៃ​តម្រូវ​ការ​អាទិភាព​របស់​សហគមន៍​នៅ​តំបន់​នេះ។ លោក​បន្ត​ថា តម្រូវ​ការ​ចាំបាច់​បន្ថែម​ទៀត ដើម្បី​វិស័យ​សិក្សាធិការ​នៅ​តំបន់​នេះ គឺ​ការ​រៀបចំ​បរិស្ថាន​មាន​របង​ទីតាំង​សាលា អគារ​សិក្សា ការ​ដាំ​កូន​ឈើ បង្គន់​អនាម័យ និង​សម្ភារៈ​សិក្សា​សម្រាប់​សិស្ស​ក្រីក្រ៖ «យើង​ដឹង​ហើយ សិស្ស​នៅ​តំបន់​នេះ​មាន​ការ​ខ្វះ​ខាត​ឧបករណ៍ ដូចជា​សៀវភៅ កាតាប ដោយសារ​គ្រួសារ​គាត់​ខ្វះ​ខាត។ បើ​សិន​មាន​សប្បុរសជន​ចង់​ជួយ​គាត់ ខ្ញុំ​សំណូមពរ​ឲ្យ​ជួយ​ពួក​គាត់​ផង»

ចំណែក​គ្រូបង្រៀន​សាលា​រៀន​ភូមិ​ពាក់ កញ្ញា រម៉ាស់ សុខា បង្ហាញ​អារម្មណ៍​រីក​រាយ ខណៈ​សិស្ស​នៅ​សាលា​រៀន​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​សិក្សា ក៏ដូចជា​សម្ភារៈ​ដទៃ​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​សាលា​នៅ​តំបន់​ជនបទ​មួយ​នេះ។ កញ្ញា​កត់​សម្គាល់​ថា សិស្ស​នៅ​ក្នុង​ភូមិ​នេះ ភាគ​ច្រើន​គ្រួសារ​មាន​ជីវភាព​ក្រីក្រ។ ហេតុ​នេះ សម្ភារៈ​សិក្សា និង​មធ្យ​បាយ​ផ្សេង​ទៀត ដូចជា​សម្លៀកបំពាក់​សិស្ស និង​អាហារូបត្ថម្ភ គឺ​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​កាត់​បន្ថយ​ការ​បោះ​បង់​ចោល​សាលា​របស់​សិស្ស៖ «ថ្ងៃ​នេះ​ក្រុមហ៊ុន មេស្កូ ហ្គោល គាត់​ចែក​សៀវភៅ ខ្មៅ​ដៃ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ក្មេង​ខំ​រៀន។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​សប្បាយ​ជំនួស​សិស្ស ពីព្រោះ​ពី​មុន​មក​មិន​បាន​គិត​ដល់​សម្ភារៈ​សិក្សា​ដោយ​ផ្ទាល់​អ៊ីចឹង»

ដូច​គ្នា​នេះ​ដែរ សិស្ស​ឈ្មោះ សែវ បែក បង្ហាញ​អារម្មណ៍​ត្រេកអរ ខណៈ​សិស្ស​នៅ​សាលា​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​សម្ភារៈ​សិក្សា តាម​រយៈ​ក្រុមហ៊ុន​ដែល​ចូល​មក​វិនិយោគ​នៅ​តំបន់​នេះ។

ប្រធាន​សមាគម​ខ្មែរ​លើ អ្នកស្រី ដាំ ចន្ធី បាន​កត់​សម្គាល់​ថា ក្រុមហ៊ុន មេស្កូ ហ្គោល គឺ​ជា​ក្រុមហ៊ុន​ដំបូង​ដែល​បាន​អនុវត្ត​គោលការណ៍​វិនិយោគ ផ្សារភ្ជាប់​ជាមួយ​ដំណោះស្រាយ​ផល​ប៉ះពាល់ និង​រួម​ចំណែក​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ជូន​សហគមន៍​បាន​ត្រឹមត្រូវ។ អ្នកស្រី​គាំទ្រ​ចំពោះ​ផែនការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ដែល​ជា​ផ្នែក​សំខាន់​សម្រាប់​កាត់​បន្ថយ​ផល​ប៉ះពាល់ និង​ជួយ​ពង្រឹង​ជីវភាព​រស់នៅ​របស់​សហគមន៍​បាន​កាន់​តែ​ប្រសើរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​ភូមិ​ពាក់ លោក សេវ ចិន មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​ដំបូង ដោយសារ​ក្រុមហ៊ុន មេស្កូ ហ្គោល មិន​ទាន់​បាន​ចាប់​ដំណើរ​ការ​ឧស្សាហកម្ម​មាស​នៅ​តំបន់​នេះ​នៅ​ឡើយ។ លោក​ថា តម្រូវ​ការ​អាទិភាព​របស់​សហគមន៍ គឺ​ការ​អភិវឌ្ឍ​ផ្លូវ បណ្ដាញ​ទឹក​ស្អាត ការ​ចិញ្ចឹម​សត្វ និង​កសិកម្ម៖ «ខ្ញុំ​គិត​ទៅ​វា​អាច​ធ្វើ​បាន ព្រោះ​គាត់​អត់​ទាន់​យក​ផល ហើយ​គាត់​អត់​ទាន់​ធ្វើ​អាជីវកម្ម​ដែរ។ បើ​សិន​គាត់​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល យើង​នឹង​ដឹង​ពី​ការ​សន្យា​របស់​គាត់»

គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន មេស្កូ ហ្គោល មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាក់ ១៨​គ្រួសារ លើ​ផ្ទៃ​ដី ២៦​ហិកតារ និង​ដី​រួម​សហគមន៍ ១២​ហិកតារ ក៏ប៉ុន្តែ​ក្រុមហ៊ុន​បាន​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​រួច​អស់​ហើយ។ ចំណែក​រ៉ែ​មាស​ដែល​មាន​ក្នុង​ដី​នៅ​តំបន់​នោះ លាត​សន្ធឹង​រហូត​ដល់​ព្រំប្រទល់​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ។ ក្នុង​រ៉ែ​មួយ​តោន គេ​អាច​ចម្រាញ់​បាន​មាស​ពី ៤ ទៅ ៥​ក្រាម។

ប្រធាន​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន មេស្កូ ហ្គោល លោក ខេ ហ្គាំហ្គារាជូ អះអាង​ថា បន្ទាប់​ពី​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ក្រុមហ៊ុន​នឹង​អភិវឌ្ឍ​វិស័យ​ទឹក​ស្អាត និង​ផ្តល់​ការងារ​ធ្វើ​ដល់​សហគមន៍​ប្រមាណ ២០០​នាក់​នៅ​តំបន់​នេះ​ជា​អាទិភាព។ លោក​ទទួល​ស្គាល់​ថា ការ​ផ្តល់​សម្ភារៈ​សិក្សា​ចំពោះ​សិស្ស​នៅ​ពេល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​វិនិយោគ​វិស័យ​រ៉ែ ដែល​មិន​បង្ក​ផល​លំបាក​ដល់​ពលរដ្ឋ៖ «ថ្ងៃ​នេះ​គឺ​ជា​សកម្មភាព​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន។ យើង​នឹង​រើស​បុគ្គលិក​ដែល​ចេញ​ពី​សហគមន៍​ផ្ទាល់ នៅ​ពេល​យើង​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រាជ​រដ្ឋាភិបាល»

កាល​ពី​ឆ្នាំ​២០១២ ក្រុមហ៊ុន អង្គរ ហ្គោល នៃ​ប្រទេស​អូស្ត្រាលី ដែល​បាន​ចូល​មក​សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​នៅ​តំបន់​ភូមិ​ពាក់ បាន​ផ្តល់​មូលនិធិ​ផលិត​ពាង​ខ្នាត​ធំ ដែល​គេ​ហៅ​ថា​ពាង​យក្ស ជិត ១០០​ពាង សម្រាប់​ស្តុក​ទឹក​ភ្លៀង​នៅ​រដូវ​វស្សា ទៅ​ឲ្យ​សមាជិក​សហគមន៍​ស្ទើរ​គ្រប់​លំនៅឋាន រួម​ទាំង​ផ្តល់​ដើម​ស្វាយ​រាប់​រយ​ដើម​ឲ្យ​អ្នក​ភូមិ​ដាំ ដើម្បី​លើក​កម្ពស់​វិស័យ​កសិកម្ម​ជូន​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情