សង្គម​ស៊ីវិល​បារម្ភ​ពី​ជីវភាព​ជនជាតិ​ដើម​ភាគ​តិច​កួយ​ដែល​ពឹង​លើ​ដើម​ច្បោះ​ជ័រ​ក្នុង​ព្រៃ​ព្រះរកា

ឈើ​ធំៗ​រាប់​រយ​ដើម ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ តែង​អាស្រ័យ​ផល​ដោយ​ដង​យក​ជ័រ​ទឹក​ទៅ​លក់​ដូរ​ជា​រៀង​រាល់​ថ្ងៃ កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ពី​ក្រុម​អ្នក​ជួញ​ដូរ​ឈើ​ខុស​ច្បាប់ ហើយ​សមត្ថកិច្ច​ជំនាញ​ហាក់​មាន​ការ​បង្ក្រាប​តិចតួច។

អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​ធ្វើ​ការងារ​ជាមួយ​សហគមន៍​ប្រជាពលរដ្ឋ​ទីនោះ សម្ដែង​ការ​ព្រួយ​បារម្ភ​ថា អ្នក​ភូមិ​ពោធិ៍ ជាង ៣០០​គ្រួសារ និង​ជនជាតិ​ដើម​ភាគ​តិច​កួយ ជាច្រើន​រយ​គ្រួសារ​ទៀត​នៅ​ភូមិ​ជាប់​គ្នា​នោះ អាច​ប្រឈម​មុខ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បណ្ដោយ​ឲ្យ​ក្រុម​អ្នក​ជួញ​ដូរ​ឈើ​ខុស​ច្បាប់ បន្ត​កាប់​យក​ដើម​ច្បោះ​ជ័រ​រហូត​ដល់​អស់​ពី​ព្រៃ​នេះ។

ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ គឺ​ជា​សហគមន៍​ទី​ជនបទ​មួយ​ដែល​មាន​ចម្ងាយ​ជិត ២០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​ព្រះវិហារ។

ទីនោះ​មាន​អ្នក​ភូមិ​រស់នៅ​ជាង ៣៥០​គ្រួសារ ដែល​ភាគ​ច្រើន​មាន​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ ព្រម​ទាំង​ចូល​ព្រៃ​ដង​ជ័រ​ទឹក​យក​មក​លក់​ដូរ ដើម្បី​បាន​ប្រាក់​ជួយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ ក៏ប៉ុន្តែ​ជាច្រើន​ខែ​មក​នេះ អ្នក​ភូមិ​ពោធិ៍ ជាច្រើន​គ្រួសារ បាន​ប្រឈម​មុខ​នឹង​ការ​បាត់​ចំណូល​ពី​ការ​លក់​ជ័រ​ទឹក ដោយសារ​តែ​ដើម​ច្បោះ​ជ័រ​ធំៗ​របស់​គេ​ជាច្រើន​ប្រភេទ ដូចជា ឈើ​ទាល ដើម​ត្រាច និង​ខ្លុង ជាដើម ត្រូវ​ក្រុម​អ្នក​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​កាប់​អារ​ច្រៀក​ធ្វើ​ជា​ក្ដារ យក​ទៅ​លក់​ដូរ​អស់។

ក្រុម​អ្នក​ភូមិ​កំពុង​ព្រួយ​បារម្ភ​អំពី​ជីវភាព ព្រម​ទាំង​ភ័ព្វ​វាសនា​របស់​កូនៗ​ជំនាន់​ក្រោយ​ថា តើ​នឹង​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​អ្វី​ទៀត?

ដើម​ច្បោះ​ជ័រ​ព្រះវិហារ ៦២០
ដើម​ច្បោះ​ជ័រ​ធំៗ​ដែល​ក្រុម​អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់​លួច​កាប់​យក​ទៅ​ជួញ​ដូរ ក្នុង​ព្រៃ​ព្រះរកា ឋិត​នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥ RFA/Hang Savyouth

ស្ត្រី​ចំណាស់​អាយុ ៧២​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ពោធិ៍ ជាច្រើន​ទៀត ដែល​តែង​ដើរ​ចូល​ព្រៃ​ជ្រៅ​ដើម្បី​ដង​ជ័រ​ទឹក គឺ​លោកស្រី សួន យ៉ាន។ គាត់​បាន​ចំណាយ​ពេល​មួយ​ព្រឹក​ធំ ដើម្បី​នាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល ចុះ​ពិនិត្យ​មើល​ស្ថានភាព​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ព្រះរកា ម្ដុំ​ទួល​ចំបក់​ពត់ និង​ក្បាល​ជាំ​ប្រទាល។ លោកស្រី សួន យ៉ាន មាន​ប្រសាសន៍​ថា តាំង​តែ​ពី​គាត់​នៅ​ក្មេង​ក្រោយ​ពី​រៀបការ​ហើយ រូប​គាត់ និង​ប្ដី​មាន​ដើម​ច្បោះ​ជ័រ​ប្រហែល ៤០០​ដើម។ គាត់​តែង​ចូល​ព្រៃ ដើម្បី​ដង​យក​ជ័រ​ទឹក​ទៅ​លក់​ដូរ ដោយ​យ៉ាង​ហោច​ណាស់​ក៏​អាច​រក​កម្រៃ​បាន​ពី ៥០ ទៅ ៦០​ម៉ឺន​រៀល​ដែរ​ក្នុង​មួយ​ខែៗ។ ក៏ប៉ុន្តែ​រយៈពេល ៥-៦​ខែ​ចុង​ក្រោយ​នេះ គាត់​ប្រែ​ក្លាយ​ទៅ​ជា​អស់​សង្ឃឹម​ក្នុង​ជីវិត ដោយសារ​តែ​ប្ដី​របស់​គាត់​បាន​ស្លាប់​ទៅ ឯ​ដើម​ច្បោះ​ជ័រ​រាប់​រយ​ដើម ក៏​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​យក​ទៅ​លក់​ដូរ​ជា​បន្តបន្ទាប់៖ «ឥឡូវ​នេះ​គេ​កាត់​ដើម​ច្បោះ​របស់​ខ្ញុំ​យក​ទៅ​លក់​រលីង។ ខ្ញុំ​សែន​ព្រួយ ព្រោះ​អត់​មាន​អ្វី​ចិញ្ចឹម​ជីវិត មិន​ដឹង​រស់នៅ​យ៉ាង​ណា​ទេ»

កូន​ប្រុស​ម្នាក់​របស់ លោកស្រី សួន យ៉ាន ដែល​បែក​ផ្ទះ​ចេញ​ពី​គាត់ ដោយសារ​តែ​មាន​គ្រួសារ​ទៅ​ហើយ គឺ​លោក ច ឡាត មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ដើម​ច្បោះ​ជ័រ​របស់​ម្ដាយ​គាត់ កំពុង​បាត់បង់​ស្ទើរ​តែ​ទាំងអស់ ដោយសារ​តែ​ក្រុម​មនុស្ស​ចំណាក​ស្រុក​ចូល​មក​កាប់​អារ​យក​ឈើ​ទៅ​ជួញ​ដូរ។ លោក ច ឡាត បញ្ជាក់​ថា ទាំង​គាត់ និង​ម្ដាយ​ចាស់ សុទ្ធតែ​ព្រួយ​បារម្ភ​ដូច​គ្នា ពីព្រោះ​ជីវិត​រស់នៅ​ពឹង​ផ្អែក​តែ​លើ​ស្រែ​ចម្ការ និង​របរ​ដង​ជ័រ​ទឹក​លក់៖ «អត់​មាន​សង្ឃឹម​អី​ទេ មាន​តែ​សង្ឃឹម​លើ​ច្បោះ​ជ័រ បើ​ដើម​ច្បោះ​គេ​កាប់​អស់​ទៅ​ហើយ ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​ទៅ? បើ​អាជ្ញាធរ​ដែនដី​ជួយ​បង្ក្រាប​ទៅ​ទើប​បាន»

នៅ​ភូមិ​ពោធិ៍ ដែល​មាន​ប្រជាពលរដ្ឋ​ជាង ៣៥០​គ្រួសារ ពួក​គេ​មាន​ស្ថានភាព​យ៉ាប់យ៉ឺន​ខាង​ជីវភាព ដោយ​កុមារ​ជាច្រើន​ប្រឈម​មុខ​នឹង​ការ​ខ្វះ​អាហារូបត្ថម្ភ ខ្វះ​អនាម័យ មាន​រាងកាយ​ស្គមស្គាំង ដោយសារ​តែ​ការ​ទទួល​ទាន​អាហារ​ដែល​រក​បាន​ពី​ព្រៃ​សុទ្ធសាធ ដូច​ស្ងោរ​ក្តាម​ជាមួយ​នឹង​ខ្យង​ខ្ចៅ ជាដើម។

មិន​មែន​តែ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ប៉ុណ្ណោះ​ទេ​ដែល​កំពុង​ប្រឈម​មុខ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ ដោយសារ​តែ​ការ​បាត់បង់​ដើម​ច្បោះ​ជ័រ​ជា​បន្តបន្ទាប់​នោះ គឺ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ ជាង ​៧០០​គ្រួសារ​ទៀត នៅ​ឃុំ​ប្រមេរ ជាប់​គ្នា​នេះ ក៏​តែង​តែ​នាំ​គ្នា​ចូល​ទៅ​ប្រកប​មុខ​របរ​ដង​ជ័រ​ទឹក​ក្នុង​ព្រៃ​ព្រះរកា ដែរ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា កន្លង​ទៅ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ ប្រមាណ​ពី ៣០ ទៅ ៤០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ដើរ​ល្បាត​ការពារ​ព្រៃ​ព្រះរកា​ជាច្រើន​ថ្ងៃ ស្រប​ពេល​ដែល​អាជ្ញាធរ​ហាក់​ដូចជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ការ​កាប់​ឈើ​ជាច្រើន​កន្លែង​នោះ។

កុមារ​ជនជាតិ​ដើម​ភាគ​តិច​កួយ ៦២០
កុមារ​ជនជាតិ​ដើម​ភាគ​តិច នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បរិភោគ​អាហារ​ដែល​មិន​មាន​ជីវជាតិ​គ្រប់គ្រាន់ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Hang Savyouth

មេ​ឃុំ​ប្រមេរ លោក ណែម ថាំង បញ្ជាក់​ថា ជា​យូរ​លង់​មក​ហើយ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ គឺ​ពឹង​ផ្នែក​ទៅ​លើ​មុខ​របរ​ដង​ជ័រ​ទឹក និង​អនុផល​ព្រៃ​ឈើ ប៉ុន្តែ​នៅ​ពេល​ដែល​ព្រៃ​ព្រះរកា កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នេះ គឺ​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន បែរ​ជា​មិន​មាន​អំណាច​បង្ក្រាប​ទៅ​វិញ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​ធ្វើ​ការ​ជាមួយ​សហគមន៍​ទីនោះ ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ដើម​ច្បោះ​ជ័រ​របស់​ប្រជាពលរដ្ឋ​ទេ គ្រោះ​ទុរ្ភិក្ស​នឹង​កើត​មាន​ចំពោះ​អ្នក​ភូមិ​ទាំង​នោះ​នៅ​ពេល​ខាង​មុខ​ឆាប់ៗ។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឲ្យ​ដឹង​ថា លោក​បាន​ទៅ​ដល់​ភូមិ​ពោធិ៍ ផ្ទាល់ ហើយ​ឃើញ​ថា ជីវភាព​របស់​អ្នក​ភូមិ​ជាច្រើន​កាន់​តែ​ដុនដាប​ទៅៗ។ លោក ឡោ ចាន់ បញ្ជាក់​ទៀត​ថា កាល​ពី​មុន ជ័រ​ទឹក​ដែល​អ្នក​ភូមិ​ដង​យក​មក​លក់​ដូរ​បាន​ថ្លៃ ដោយ ១​ប៊ីដុង​ចំណុះ ៣០​លីត្រ អាច​លក់​បាន​ពី ១០ ទៅ ១០​ម៉ឺន ៥​ពាន់​រៀល ក៏ប៉ុន្តែ​ពេល​បច្ចុប្បន្ន តម្លៃ​ជ័រ​ទឹក​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ពី ៦ ទៅ ៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ស្រប​ពេល​នេះ ដើម​ច្បោះ​ជ័រ​ក៏​ត្រូវ​គេ​កាប់​បំផ្លាញ​ទៅ​ទៀត គឺ​ប្រាកដ​ជា​មាន​បញ្ហា​ប្រឈម​មុខ​នឹង​ជីវភាព​ធ្ងន់ធ្ងរ៖ «សេដ្ឋកិច្ច​ទីផ្សារ​ក៏​កាន់​តែ​ធ្លាក់​ចុះ ចំណែក​ដើម​ច្បោះ​ជ័រ​ក៏​កាន់​តែ​អស់ បញ្ហា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់​តែ​ក្រ​ទៅៗ»

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ ដែល​កំពុង​ជួយ​ជ្រោមជ្រែង​សហគមន៍​ឲ្យ​ការពារ​ព្រៃ​ឈើ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ឃុំ​ពោធិ៍ និង​ឃុំ​ប្រមេរ ដែល​ទីពឹង​តែ​លើ​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ ប៉ុន្តែ​នៅ​ពេល​ដែល​បាត់​ដើម​ច្បោះ​ជ័រ​ទៅ គឺ​ពួក​គេ​មិន​មាន​អ្វី​ទីពឹង​ទេ។ បញ្ហា​នេះ អាច​ជះ​ឥទ្ធិពល​ប៉ះពាល់​ទៅ​ដល់​ការ​មិន​មាន​ថវិកា​បញ្ជូន​កូន​ទៅ​សាលា​រៀន​ទៀត​ផង៖ «វា​ជា​ផល​ប៉ះពាល់​មួយ​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​មុខ​របរ​គាត់​បច្ចុប្បន្ន​មាន​ធ្វើ​ស្រែ​ចម្ការ ហើយ​ក្រៅ​ពី​ស្រែ​ចម្ការ គាត់​ដង​ជ័រ»

លោក ប៉ិក សោភ័ណ មើល​ឃើញ​ថា បច្ចុប្បន្ន ខេត្ត​ព្រះវិហារ បើ​ប្រៀបធៀប​ទៅ​នឹង​ខេត្ត​ដទៃ​ទៀត គឺ​មិន​មាន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ធ្វើ​ពលករ​នៅ​ក្រៅ​ប្រទេស​ទេ ក៏ប៉ុន្តែ​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​ខេត្ត​នេះ​អស់​ព្រៃ​ព្រះរកា និង​អស់​ដើម​ច្បោះ​ជ័រ គឺ​អ្នក​ភូមិ​ដែល​រស់នៅ​ជុំវិញ នឹង​គ្មាន​មុខ​របរ ហើយ​អាច​នឹង​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情