ប្រជា​នេសាទ​និង​សង្គម​ស៊ីវិល​នៅ​ខេត្ត​កំពង់ឆ្នាំង​សន្និដ្ឋាន​ថា​ត្រី​ប្រហុក​ឆ្នាំ​នេះ​ថយ​ចុះ​ច្រើន

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ជលផល និង​អ្នក​ប្រកប​មុខ​របរ​នេសាទ អះអាង​ថា ទិន្នផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​នៅ​ឆ្នាំ​នេះ អាច​មាន​ការ​ថយ​ចុះ​ច្រើន។ មន្ត្រី​ជំនាញ​ជលផល​បញ្ជាក់​ថា ត្រី​ឆ្នាំ​នេះ​មិន​សូវ​ធំ​ធាត់ ដោយសារ​កម្រិត​ទឹក​ទន្លេ​ទាប ហើយ​ថា​ផល​ត្រី​កើន​ឡើង ឬ​ថយ​ចុះ​កម្រិត​ណា​នោះ គេ​មិន​អាច​សន្និដ្ឋាន​បាន ខណៈ​ត្រី​ចាប់​ផ្ដើម​ត្រូវ​ជា​បណ្ដើរៗ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល តំណាង​បណ្ដាញ​អ្នក​នេសាទ និង​ប្រជា​នេសាទ​ផ្ទាល់ បាន​លើក​បញ្ហា​កម្ពស់​ទឹក​ទន្លេ​ទាប និង​បញ្ហា​បទល្មើស​នេសាទ​ទំនើបៗ​គ្មាន​សញ្ញាណ​ថយ​ចុះ មក​បញ្ជាក់​លើ​ការ​អះអាង​របស់​ពួក​គេ​ដែល​ថា ទិន្នផល​ត្រី​ឆ្នាំ​នេះ​ថយ​ចុះ​ច្រើន។

មន្ត្រី​អង្គការ​ហ្វេកខ (Fact) ប្រចាំ​តំបន់​បឹង​ទន្លេសាប​រក​ឃើញ​ថា ប្រជា​នេសាទ​ដែល​ធ្លាប់​តែ​ចាប់​ត្រី​បាន​ចន្លោះ​ពី ១៥ ទៅ ២០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ តែ​ឆ្នាំ​នេះ​ចាប់​បាន​ចន្លោះ​ពី ៥ ទៅ ៨​គីឡូក្រាម​ប៉ុណ្ណោះ បើ​ប្រៀបធៀប​រយៈពេល​នៃ​ថ្ងៃ​ត្រី​ត្រូវ​ដូច​គ្នា​នោះ។

មន្ត្រី​សម្រប​សម្រួល​នៃ​សហគមន៍​ប្រចាំ​តំបន់​បឹង​ទន្លេសាប នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) អ្នកស្រី នូ សារឹម ថ្លែង​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ថា នៅ​ក្នុង​របាយការណ៍​ដែល​បាន​សម្ភាស​អាជ្ញាធរ និង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ បង្ហាញ​ថា ទិន្នផល​ត្រី​ឆ្នាំ​នេះ​ថយ​ចុះ។ អ្នកស្រី​ថា ប្រជា​នេសាទ​កំពុង​ត្អូញត្អែរ​ពី​បញ្ហា​ខ្សត់​ត្រី ខណៈ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក និង​បទល្មើស​គ្រប់​ប្រភេទ​នៅ​តែ​បន្ត​កើត​មាន៖ «ឧបករណ៍​នេសាទ​ខុស​ច្បាប់​កាន់​តែ​ច្រើន​ទៅៗ វា​អត់​ឃើញ​ថា​ថយ​ចុះ​ត្រង់​កន្លែង​ណា​សោះ នៅ​តែ​មាន​ពេញ​ទឹក​ពេញ​ដី​ចឹង។ ខ្ញុំ​មាន​របាយការណ៍​នៅ​ក្នុង​រដូវ​នេះ ដោយ​យក​ចម្លើយ​គាត់​ឆ្លើយ​មក​ទៅ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ឃើញ​ថា កាល​ឆ្នាំ​២០១៤ គាត់​រក​បាន​ច្រើន​ជាង​ឆ្នាំ​២០១៥ នេះ»

ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ អាជីវករ​ម្នាក់​ដែល​ទទួល​ទិញ​ត្រី​ចម្រុះ​ផ្ទាល់​ពី​អ្នក​នេសាទ​នៅ​ឃុំ​ប្រឡាយមាស ស្រុក​កំពង់លែង មក​លក់​នៅ​កំពង់ផែ​ផ្សារ​ក្រោម​ជាង ២​តោន​ក្នុង​មួយ​ថ្ងៃៗ​នោះ គឺ​លោក សាន សុខន ឲ្យ​ដឹង​ថា ត្រី​បាន​ត្រូវ​កាល​ពី​ថ្ងៃ ១​កើត ខែ​មិគសិរ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​ធ្នូ តែ​នៅ​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​ធ្នូ មិន​ត្រូវ​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​អ្នក​នេសាទ និង​អាជីវករ​ខ្លះ​ព្រួយ​បារម្ភ។

លោក សាន សុខន បញ្ជាក់​ថា ត្រី​ឆ្នាំ​នេះ​សម្បូរ​ត្រី​ប្រភេទ​លេខ​១ ដូចជា ត្រី​រ៉ស់ ច្រកែង និង​ត្រី​ឆ្កោក ជាដើម។ ចំណែក​ត្រី​តូចៗ​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក មិន​សូវ​សម្បូរ​ដែល​បញ្ហា​អាច​មក​ពី​កម្រិត​ទឹក​ទន្លេ​ទាប​មិន​ឡើង​លិច​ព្រៃ ហើយ​ត្រី​មិន​អាច​ឡើង​ទៅ​ពង​កូន​បាន។ យ៉ាង​ណា លោក​ថា ត្រី​អាច​ត្រូវ​ច្រើន​នៅ​ក្នុង​រយៈពេល ៤ ទៅ ១០​ថ្ងៃ​ខាង​មុខ​ទៀត៖ «កាល​ឆ្នាំ​មុន​ដឹក​មួយ​ថ្ងៃ​បី​តោន​ឯណោះ តាំង​ត្រី​ហ្នឹង និង​ត្រី​នុយ។ ទើប​ឃើញ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ត្រី​ត្រូវ ឥឡូវ​វា​អន់​វិញ វា​ត្រូវ​ត្រី​ល្អិត​ដូចជា​ត្រី​រៀល ត្រី​ឈ្វាត ឡូកឡំ​អ៊ីចឹង វា​អត់​ដូច​កាល​ពី​ថ្ងៃ​ខ្នើត​មុន»

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ បញ្ជាក់​ថា គេ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ទិន្នផល​ត្រី​ឆ្នាំ​នេះ​កើន​ឡើង ឬ​ថយ​ចុះ​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​ឆ្នាំ​នេះ ត្រី​ឆាប់​ត្រូវ​នៅ​ដើម​រដូវ​ជាង​រាល់​ឆ្នាំ ដោយសារ​កត្តា​ទឹក​ទន្លេ​តូច។ លោក​ថា នៅ​ពេល​ត្រី​ត្រូវ​ខាង​មុខ​នេះ ខាង​រដ្ឋបាល​ជលផល​នឹង​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​ពលរដ្ឋ ហើយ​ពលរដ្ឋ​ត្រូវ​ឆ្លៀត​ពេល ឬ​រួសរាន់​មក​ធ្វើ​ត្រី​ប្រហុក ឬ​ផ្អក៖ «ខ្ញុំ​មើល​ជាក់ស្ដែង គឺ​ថា​ត្រី​ឆ្នាំ​នេះ​មិន​សូវ​ធំ​ទេ ដោយសារ​ត្រី​ខ្វះ​ចំណី ខ្វះ​ជម្រក ព្រោះ​ទឹក អត់​លិច​ព្រៃ​លិច​ទឹក អ៊ីចឹង​វា​នៅ​តែ​ក្នុង​ទន្លេ​វា​អត់​មាន​ចំណី​ទេ។ ដល់​អ៊ីចឹង​វា​ធំ​ទៅ​តាម​យថាកម្ម​របស់​វា ដោយសារ​កត្តា​ទឹក»

ក្រៅ​ពី​អាជីវករ ឬ​ឈ្មួញ​កណ្ដាល​ទិញ​ត្រី​ពី​កំពង់ផែ​ទៅ​លក់​តាម​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​នោះ នៅ​ខេត្ត​កំពង់ឆ្នាំង ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ត្រី​ប្រហុក ឬ​ផ្អក អាច​មក​រក​ទិញ​នៅ​តាម​កំពង់ផែ​ផ្ទាល់។ ទីតាំង​ទាំង​នោះ​មាន​នៅ​កំពង់ផែ​កំពង់ប្រាសាទ និង​នៅ​កំពង់ផែ​កំពង់ត្រឡាច​ក្រោម នៃ​ស្រុក​កំពង់ត្រឡាច ឬ​អាច​ទៅ​កំពង់ផែ​ផ្សារ​ក្រោម​ក្រុង​កំពង់ឆ្នាំង និង​នៅ​កំពង់ផែ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情