អាជ្ញាធរ​ខេត្ត​ក្រចេះ​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​អាជីវកម្ម​ផលិត​ស្រា​ស

អាជ្ញាធរ​ខេត្ត​ក្រចេះ ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​ទីតាំង​ផលិត​ស្រា​ទូទាំង​ខេត្ត បន្ទាប់​ពី​អ្នក​ស្លាប់​ដោយ​សង្ស័យ​ថា​ពុល​ស្រា​ស និង​បញ្ជូន​ទៅ​សង្គ្រោះ​កើន​ឡើង​ដល់ ១៥៧​នាក់ ក្នុង​នោះ​ស្លាប់ ១៣​នាក់។

ការ​ចាត់​វិធានការ​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ពិសា​ស្រា​ស និង​បរិភោគ​សាច់​ងាប់។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ក្រសួង​ត្រួត​ពិនិត្យ​រក​ឫសគល់​នៃ​មូលហេតុ​ជុំវិញ​ករណី​នេះ​ឲ្យ​ជាក់លាក់ ចៀសវាង​ប៉ះពាល់​អាជីវកម្ម​ពលរដ្ឋ​ដែល​ត្រឹមត្រូវ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ថា មន្ត្រី​ជំនាញ​នៃ​ក្រសួង​សុខាភិបាល រក​ឃើញ​ថា ករណី​សង្ស័យ​ពុល​ស្រា​ស និង​សាច់​ឆ្កែ កើត​ឡើង​នៅ​ស្រុក​ចំនួន​បី​នៃ​ខេត្ត​ក្រចេះ គឺ​ស្រុក​សំបូរ ស្រុក​ស្នួល និង​ស្រុក​ចិត្របុរី បណ្ដាល​ឲ្យ​ពលរដ្ឋ​ជាច្រើន​នាក់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​ស្លាប់​ជា​បន្តបន្ទាប់ មក​ពី​ការ​ពិសា​ស្រា​ស​ដែល​មាន​ជាតិ​មេកាណុល និង​បរិភោគ​សាច់​ងាប់​មាន​ជាតិ​ពុល។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ពលរដ្ឋ​បរិភោគ​ស្រា​ស​មាន​ជាតិ​មេកាណុល​លើស​កម្រិត បណ្ដាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់។ បញ្ហា​នេះ ក្រសួង​បាន​ជូន​ដំណឹង​ទៅ​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​ក្រចេះ បញ្ឈប់​រាល់​ការ​លក់​ដូរ និង​ការ​ចែក​ចាយ​ជា​បណ្ដោះអាសន្ន និង​រង់ចាំ​ការ​ស្រាវជ្រាវ​ត្រួត​ពិនិត្យ​ផ្នែក​បច្ចេកទេស​របស់​ក្រសួង​សុខាភិបាល ជា​មុន​សិន៖ «កន្លង​មក​នេះ ខេត្ត​ដទៃ​ក៏​មាន​គ្រោះថ្នាក់។ ដូច្នេះ​មុន​នឹង​ទិញ គួរ​មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ចៀសវាង​ប៉ះពាល់​សុខភាព​ដូច​ដែល​កើត​ឡើង​នេះ»

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បន្ថែម​ទៀត​ថា មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​រក​ឃើញ​ផ្នែក​បច្ចេកទេស​នៃ​ការ​ត្រួត​ពិនិត្យ​សាច់​ឆ្កែ​ជាក់លាក់​នៅ​ឡើយ​ទេ ព្រោះ​ឧបករណ៍​បច្ចេកទេស​មាន​បញ្ហា។ ដូច្នេះ ក្រសួង​សន្និដ្ឋាន​ថា ពលរដ្ឋ​រស់នៅ​ស្រុក​ស្នួល ៦៦​នាក់ ក្នុង​នោះ ៦​នាក់​ស្លាប់ គឺ​បណ្ដាល​មក​ពី​បរិភោគ​សាច់​ឆ្កែ​ដែល​គេ​បំពុល​ស្លាប់ និង​ស្រា​ស៖ «ខ្ញុំ​ក៏​សំណូមពរ​ដែល​ថា ប្រជាពលរដ្ឋ​មិន​គួរ​មិន​ថា​សាច់​ឆ្កែ​សាច់​អី​ក៏ដោយ មិន​គួរ​យក​សត្វ​ដែល​ឈឺ ឬ​ងាប់​ហ្នឹង យក​មក​បរិភោគ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព»

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ បង្ហាញ​ថា ក្រសួង​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បិទ​ទីកន្លែង​ផលិត​ស្រា​ពាក់ព័ន្ធ​ទាំងអស់ បន្ត​តាម​ដាន និង​អប់រំ​ពលរដ្ឋ​អំពី​អនាម័យ​ចំណី​អាហារ ជាដើម។

ជុំវិញ​ករណី​នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ឲ្យ​ដឹង​តាម​រយៈ​លិខិត​ជូន​ដំណឹង​នេះ​ថា ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បរិភោគ​ស្រា​ស ឬ​ស្រា​ថ្នាំ ដែល​ផលិត​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ និង​បញ្ឈប់​ជា​បន្ទាន់​ការ​បរិភោគ​សាច់​ឈឺ ឬ​ងាប់។

កាល​ពី​ចុង​ខែ​វិច្ឆិកា ពលរដ្ឋ​រស់នៅ​ភូមិ​ចារថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ បាន​ពុល​ស្រា​ស ៥១​នាក់ ក្នុង​នោះ ៣​នាក់​ស្លាប់ ហើយ​នៅ​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១១ ធ្នូ ពលរដ្ឋ​រស់នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ចំនួន ១០១​នាក់ ក្នុង​នោះ ១០​នាក់​ស្លាប់​សង្ស័យ​ពុល​សាច់​ឆ្កែ​ដែល​គេ​បំពុល​ស្លាប់ និង​ពុល​ស្រា​ស​ដែល​មាន​ជាតិ​មេកាណុល​កម្រិត​ខ្ពស់។ នៅ​ថ្ងៃ​ទី​១២ ធ្នូ ពលរដ្ឋ​រស់នៅ​ភូមិ​ពោធិ៍ ឃុំ​បុសលាវ ស្រុក​ចិត្របុរី សម្រាក​ព្យាបាល ២​នាក់ និង ៣​នាក់​ទៀត បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​សង្ស័យ​ពុល​ស្រា​ស។

មន្ត្រី​សង្គម​ស៊ីវិល​កត់​សម្គាល់​ថា ការ​ផលិត​ស្រា​ស និង​ការ​បរិភោគ​ស្រា​ស បាន​ចាក់​ឫស​ជា​យូរ​អង្វែង​មក​ហើយ។ ដូច្នេះ ការ​ជូន​ដំណឹង​ឲ្យ​បញ្ឈប់ ឬ​បិទ​ជា​បណ្ដោះអាសន្ន​របស់​ក្រសួង​សុខាភិបាល អាច​ពុំ​មាន​ប្រសិទ្ធភាព ប្រសិន​បើ​ដំណើរ​ការ​ត្រួត​ពិនិត្យ​គុណភាព​របស់​មន្ត្រី​ជំនាញ​មាន​លក្ខណៈ​ទន់​ជ្រាយ និង​យឺតយ៉ាវ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ជឿជាក់​ថា ការ​អំពាវនាវ​របស់​ក្រសួង​សុខាភិបាល ឲ្យ​ពលរដ្ឋ​ឈប់​ផឹក​ស្រា​ស និង​បិទ​ហាង​ផលិត​ស្រា អាច​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ បើ​អាជ្ញាធរ​មិន​ស៊ើប​អង្កេត​រក​ប្រភព​នៃ​មូលហេតុ​ការ​នាំ​ចូល​មេ​ស្រា និង​មេកាណុល ដែល​ផលិត​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ។ លោក​ថា ក្រសួង​គួរ​តែ​ពិនិត្យ​ទីតាំង​ផលិត​ស្រា​ស​ទូទាំង​ប្រទេស ដើម្បី​ធានា​ថា ការ​ផលិត​ពិត​ជា​មិន​មាន​ប្រើប្រាស់​ជាតិ​មេ​ស្រា​ធ្ងន់ធ្ងរ៖ «នគរបាល​សេដ្ឋកិច្ច​គួរ​តែ​មាន​វិធានការ​មួយ ​គួរ​ត្រួត​ពិនិត្យ​តាម​ព្រំដែន ថា​ធានា​ថា មេ​ស្រា​ស​ដែល​នាំ​មក​ហ្នឹង ពិត​ជា​មេ​ដែល​ល្អ ចៀសវាង​ប្រើ​ទៅ​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់»

អាជ្ញាធរ​ខេត្ត​ក្រចេះ ចេញ​លិខិត​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ស្ដីពី​ការ​បញ្ឈប់​ជា​បន្ទាន់​រាល់​ការ​ផលិត​ស្រា​នៅ​តាម​មូលដ្ឋាន។ ដោយឡែក​អ្នក​លក់​ស្រា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ករណី​នេះ​ពី​អភិបាល​ខេត្ត​ស្តីទី លោក ហឿ ស៊ីយ៉ែម បាន​ទេ​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់​ប្រជុំ។

យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា អាច​មាន​អាជ្ញាធរ​មួយ​ចំនួន​យក​លិខិត​របស់​ក្រសួង​សុខាភិបាល ប្រើប្រាស់​មិន​ត្រឹមត្រូវ អាច​គំរាម​កំហែង​អ្នក​ផលិត​ស្រា។

ស្រា​ស គឺ​ជា​ស្រា​ដែល​ផលិត​ចេញ​ពី​អង្ករ ដែល​ពេញ​និយម​សម្រាប់​ពលរដ្ឋ​រស់នៅ​ទី​ជនបទ។ លើស​ពី​នេះ ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ធំ បាន​យក​ស្រា​ស​ធ្វើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ ដោយ​ត្រាំ​នឹង​ឫស​ឈើ និង​ផ្លែ​ឈើ​ផ្សេងៗ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情