អភិបាល​និង​អធិការនគរបាល​ខណ្ឌ​សែន​សុខ អសមត្ថភាព​ក្នុងការ​ពង្រឹង​សន្តិសុខ​ក្នុង​មូលដ្ឋាន​

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​នានា​នៃ​ខណ្ឌ​សែន​សុខ បាន​រិះគន់ថា លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ និង​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ អសមត្ថភាព​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​ក្នុង​មូលដ្ឋាន​។ ជាក់ស្តែង​បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ គ្មាន​សមត្ថភាព​ទប់ស្កាត់​នោះទេ​។ ប្រការ​នេះហើយ​ទើប​គេ​សង្ស័យថា ប្រហែល​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​រួច​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​ឥតឈប់ឈរ​។

កន្លងមក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​ធ្វើឡើង​រាប់សិប​លើក ប៉ុន្តែ​ទីបំផុត​បទល្មើស​នៅតែ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ដដែល​។ ជាក់ស្តែង​កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ កម្លាំង​ការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​សែន​សុខ បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ប្លុក​ត្រពាំង​ឈូក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២៥​នាក់​។ ជនសង្ស័យ​និង​វត្ថុតាង​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ត្រូវបញ្ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ​ហើយ​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ចាត់ការ​តាមច្បាប់​។

ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​គ្រឿងញៀន​និង​បទល្មើស​ផ្សេងៗ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​នោះទេ​។ មជ្ឈដ្ឋាន​នានា​លើកឡើងថា ប្រសិនបើ​លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ និង​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ មាន​ឆន្ទៈ​ក្នុងការ​ពង្រឹង​សន្តិសុខ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះ គឺ​បទល្មើស​គ្រឿងញៀន អំពើចោរកម្ម និង​ល្បែងស៊ីសង ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ មានការ​ថយចុះ​ជាមិនខាន​។ ប៉ុន្តែ​ដោយសារ​លោក លី សា​វេត និង​លោក ម៉ក់ ហុង អសមត្ថភាព​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម ទើប​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក រាលដាល​យ៉ាង​ពេញបន្ទុក​ហើយ​ល្បែងស៊ីសង​និង​អំពើចោរកម្ម​ក្នុង​បណ្ដា​សង្កាត់​នានា​ក្នុង​ខណ្ឌ​សែន​សុខ កើតឡើង​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​៕

v_0603 v_0597 v_0602

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情