ទប់ស្កាត់​សំណង់​រឹងមាំ​ជុំវិញ​តំបន់​បឹង​ព្រែក​ទប់​គួរ​ចាត់វិធានការ​លើ​មន្ត្រី​ពាក់ព័ន្ធ​តាមច្បាប់​

ថ្មីៗ​នេះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានចេញ​លិខិត​ឲ្យ​ផ្អាក​រាល់​ការសាងសង់​សំណង់​រឹងមាំ​និង​ផ្អាក​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នៅ​ជុំវិញ​តំបន់​បឹង​ព្រែក​ទប់​ដែលជា​ប្រភព​ស្តុក​ទឹកស្អាត ឬ​ទឹកសាប​សម្រាប់​ប្រើប្រាស់​ទូទាំង​ក្រុងព្រះសីហនុ​។ ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​បានលើកឡើង​ថា ប្រសិនបើ​ចង់​ទប់ស្កាត់​សំណង់​រឹងមាំ​នៅ​តំបន់​បឹង​ព្រែក​ទប់​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ត្រូវ​ចាត់វិធានការ​លើ​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​លោក ហ៊ុន ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្ត​ព្រះសីហនុ​។ ចំណែក​មន្ត្រីជាន់ខ្ពស់​ដូចជា លោក តាក វណ្ណ​ថា អតីត​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​សាងសង់​ភូមិគ្រឹះ​ស្កឹមស្កៃ​នៅ​តំបន់​បឹង​ព្រែក​ទប់ ក៏ត្រូវ​ប្រឈម​នឹង​វិធានការ​ច្បាប់​ដែរ​។

​នៅក្នុង​លិខិត​អន្តរាគមន៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ចុះ​ថ្ងៃទី​១១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ ហើយ​បណ្ដាញ​ព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ បាន​ជម្រាបជូន​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ឲ្យ​ទប់ស្កាត់​រាល់​ការសាងសង់​សំណង់​រឹង​ផ្សេងៗ និង​ពន្យារពេល​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន​នៅ​ជុំវិញ​មាត់បឹង​ព្រែក​ទប់​។ លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​បានបញ្ជាក់​ថា វិធានការ​នេះ​គឺ​ដើ​ម្ប​រង់ចាំ​ការពិនិត្យ​ដោះស្រាយ​ឬ​អនុវត្តន៍​ឲ្យ​បាន​ពេញលេញ​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានកំណត់​ក្នុង​លិខិត ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១២ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។

មជ្ឈដ្ឋាន​នានា​បាន​វាយតម្លៃថា លិខិត​អន្តរាគមន៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ចំពោះ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ និង​ក្លាយទៅជា​រឿង​លេងសើច​ឥតប្រយោជន៍ ព្រោះ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្ត​ព្រះសីហនុ​នោះ​ហើយ គឺជា​អ្នក​បើកដៃ​ឲ្យ​មាន​សំណង់​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​តំបន់​បឹង​ព្រែក​ទប់​។ ប្រសិនបើ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ចង់​ទប់ស្កាត់​សំណង់​រឹងមាំ​នៅ​តំបន់​បឹង​ព្រែក​ទប់​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ត្រូវ​ចាត់វិធានការ​លើ​លោក ហ៊ុន ភី ដែលជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្ត​ព្រះសីហនុ​តាមច្បាប់​។ លើស​នេះ​ទៅទៀត​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​លើ​មន្ត្រីជាន់ខ្ពស់​ទាំងឡាយ​ដែល​សាងសង់​ភូមិគ្រឹះ​លើដី​ជុំវិញ​មាត់បឹង​ព្រែក​ទប់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​៕

93 image

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情