បន​ល្បែងស៊ីសង​២​កន្លែង​ក្នុង​ខណ្ឌដូនពេញ សមត្ថកិច្ច​មិន​បង្ក្រាប​

ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​វត្តភ្នំ និង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្រឿងញៀន ពេស្យាចា និង​អំពើចោរកម្ម កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​ត្រូវគេ​បើក​លេង​២​កន្លែង គឺ​នៅក្នុង​ភោជនីយដ្ឋាន​ផ្ការាំងភ្នំ ខាងលិច​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​(​ពេទ្យ​ធំ​) និង​នៅក្នុង​ទីតាំង​លក់​រថយន្ត​យីហោ​៧៧៧៧​ខាងក្រោយ​ស្ថានទូត​អាមេរិក​។ បន​ល្បែង​ទាំង​២​កន្លែង​នេះ​ត្រូវគេ​បើក​លេង​ជា​យូរ​មកហើយ ប៉ុន្តែ​មិនទាន់​ឃើញ​អភិបាល​ខណ្ឌដូនពេញ​និង​អធិការនគរបាល​ខណ្ឌ​បង្ក្រាប​នៅឡើយ​ទេ​។

អ្នក​ដែល​ធ្លាប់​ចូល​លេងល្បែង​ក្នុង​ភោជនីយដ្ឋាន​ផ្ការាំងភ្នំ និង​នៅ​ទីតាំង​លក់​រថយន្ត​យីហោ​៧៧៧៧​បាន​ឲ្យ​ដឹងថា វង់ល្បែង​ទាំង​២​កន្លែង​នេះ​គ្រប់គ្រង​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ឈ្មោះ រ៉ា ហៅ រតនៈ ហើយ​កន្លងមក​មិន​ដែលមាន​សមត្ថកិច្ច​ប​ង្ក្រា​ប​ទេ​។ ភោជនីយដ្ឋាន​ផ្ការាំងភ្នំ ស្ថិតនៅ​ខាងជើង​វត្តភ្នំ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ហើយ​កន្លែង​លក់​រថយន្ត​យីហោ​៧៧៧៧​មាន​ទីតាំង​ក្នុង​ដី​អតីត​វិទ្យុជាតិ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០២ ក្នុង​សង្កាត់​វត្តភ្នំ ក្រោយ​ស្ថានទូត​អាមេរិក​។ ប្រជាពលរដ្ឋ​សង្ស័យថា សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ទទួលបាន​ផលប្រយោជន៍​ពី​អ្នកបើក​លេងល្បែង​ក្នុង​ទីតាំង​ទាំង​២​នេះ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​តាម​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្រះចក និង​សង្កាត់​វត្តភ្នំ បាន​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​កន្លែង​លេងល្បែង​ស៊ីសង​ទាំង​២​ទីតាំង​ខាងលើ​ជាបន្ទាន់ ព្រោះ​កំពុង​ជះឥទ្ធិពល​អាក្រក់​ដល់​សន្តិសុខ​សង្គម​។ តាម​ការ​បង្ហើប​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ រ៉ា ហៅ រតនៈ ទំនង​ជាមាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​បើក​លេង​ល្បែងស៊ីសង​ក្នុង​ទីតាំង​ខាងលើនេះ​ដោយ​សុវត្ថិភាព​គ្មាន​ការរំខាន​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​។ ប្រហែល​មកពី​ល្បែងស៊ីសង​ទាំង​២​កន្លែង​ខាងលើ​នោះ​ហើយ ទើប​នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ កើតមាន​អំពើ​ឆក់​ប្លន់​យ៉ាង​អនាធិបតេយ្យ ហើយ​បន​បារ​ពាលា​អាវាសែ​ក៏​កំពុងតែ​រីក​រាលដាល​ខ្លាំង​ឡើងៗ​នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ​នេះដែរ​៕

chanroth-Sep-207លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ
hbgvbb

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情