គណៈកម្មការ​ទី​១​ព្រឹទ្ធសភា​ជួប​ពលរដ្ឋ​មាន​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​នៅ​ខេត្ត​រតនគិរី

ទំនាស់​ដីធ្លី ៦​ករណី​នៅ​ខេត្ត​រតនគិរី ដែល​មិន​ទាន់​ដោះស្រាយ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច សុំ​អន្តរាគមន៍​ពី​ប្រធាន​គណៈកម្មការ​ទី​១ ដែល​មាន​ភារកិច្ច​ទទួល​ពាក្យ​បណ្ដឹង សិទ្ធិ​មនុស្ស និង​អង្កេត នៃ​ព្រឹទ្ធសភា ជួយ​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ។

ប្រធាន​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា លោក គង់ គាំ និង​ជា​ប្រធាន​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​សន្យា​ចំពោះ​មុខ​សហគមន៍​មក​ពី​បណ្ដា​ស្រុក​នានា រួម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​ថា នឹង​ជួយ​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត ឬ​ស្ថាប័ន​ថ្នាក់​ជាតិ ចាត់​វិធានការ​ដោះស្រាយ​ពាក្យ​ប្ដឹង​តវ៉ា​របស់​សហគមន៍ ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី ៦​ករណី​ដែល​អូស​បន្លាយ​ច្រើន​ឆ្នាំ​គ្មាន​ដំណោះស្រាយ។

ការ​សន្យា​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ក្រុម​ការងារ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា និង​ប្រជាពលរដ្ឋ​នៅ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ខេត្ត​រតនគិរី ក្នុង​ដំណើរ​បេសកកម្ម​លើក​ទី​១០ មក​កាន់​ខេត្ត​រតនគិរី ក្នុង​ឆ្នាំ​២០១៥ នេះ។

ថ្លែង​ចំពោះ​មុខ​តំណាង​សហគមន៍​ជាង ៣០​នាក់​ក្នុង​ជំនួប​នេះ លោក គង់ គាំ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ស្ថាប័ន​ព្រឹទ្ធសភា ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ជាពិសេស​ជនជាតិ​ដើម​ភាគ​តិច​ដែល​ប្រឈម​ទៅ​នឹង​បញ្ហា​ជម្លោះ​ដីធ្លី ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​ប្រឈម​ដទៃ​ទៀត​ដែល​កំពុង​កើត​មាន​នៅ​មូលដ្ឋាន៖ «»។

បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ទាំង ៦​ករណី​រួម​មាន ជម្លោះ​ដីធ្លី​ប្រមាណ ៥០០​ហិកតារ រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​គងយុ ជាមួយ លោកស្រី គាត កុលណី ភរិយា​របស់​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​លោក ឆាន់ សាផាន់។ ជម្លោះ​ដីធ្លី​ជាង ២០០​ហិកតារ​រវាង​សហគមន៍​ភូមិ​បរឡយ ឃុំ​កិចុង ស្រុក​បរកែវ ជាមួយ​ឈ្មោះ ហៀង សុជាតិ ខណៈ​ដែល​តុលាការ​បាន​ចាប់​តំណាង​សហគមន៍​បី​នាក់​ដាក់​ពន្ធនាគារ ក្នុង​បទ​ចោទ​រំលោភ​កាន់​កាប់​ដី​អ្នក​ដទៃ។ ជម្លោះ​ដីធ្លី​ជាង ១​ពាន់​ហិកតារ​រវាង​សហគមន៍​ឃុំ​សេដា ជាមួយ​ក្រុមហ៊ុន រត្ន សាខន ក្រុមហ៊ុន ជីង ហ្យុងរី និង​ក្រុមហ៊ុន អេលែវ។ ជម្លោះ​ដី​ជាង ២០០​ហិកតារ​រវាង​សហគមន៍​ភូមិ​ក្រេះ ជាមួយ​ក្រុមហ៊ុន ស៊ី.អ.ឌី (CRD)។ ជម្លោះ​ដីធ្លី​រវាង​សហគមន៍​ភូមិ​ឡំ ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន។ ជម្លោះ​បើក​ផ្លូវ​ធ្វើ​ដំណើរ​រវាង​សហគមន៍​ភូមិ​ឡាប៉ួ ឃុំ​យក្សឡោម ជាមួយ​ម្ចាស់​ដី និង​ជម្លោះ​ដី​អភិរក្ស​បឹង​យក្សឡោម រវាង​សហគមន៍​យក្សឡោម និង​អ្នក​កាន់​កាប់​ដី។

តំណាង​សហគមន៍​ភូមិ​គងយុ លោក សេវ ទ្វែវ កត់​សម្គាល់​ថា រឿង​ក្តី​របស់​អ្នក​ភូមិ​បាន​ប្តឹងផ្តល់​តាំង​ពី​ថ្នាក់​អាជ្ញាធរ​មូលដ្ឋាន​រហូត​ស្ថាប័ន​តុលាការ ក៏ប៉ុន្តែ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ដី​ទំនាស់​ត្រូវ​បាន​ភាគី​មន្ត្រី​មាន​អំណាច​ឈូស​ឆាយ​ដាំ​កៅស៊ូ​ទទួល​ផល ក៏ប៉ុន្តែ​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ ត្រូវ​កប់​ចោល​ក្នុង​ស្ថាប័ន​តុលាការ​ដោយ​គ្មាន​ការ​ដោះស្រាយ៖ «ពួក​ខ្ញុំ​អស់​ចិត្ត​ហើយ បើ​គាត់​បើក​សវនាការ បើ​សិន​ពួក​ខ្ញុំ​ចង់​ប្ដឹង​ឧទ្ធរណ៍ តុលាការ​ខេត្ត​មិន​ទាន់​សម្រេច អ៊ីចឹង​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​គាំង»

ស្រដៀង​គ្នា​នេះ​ដែរ តំណាង​សហគមន៍​ឃុំ​សេដា លោក ទុយ ញ៉េប អំពាវនាវ​សុំ​ឲ្យ​ប្រធាន​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ជួយ​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ជួយ​កាត់​ដី​សហគមន៍​ចេញ​ពី​ដី​សម្បទាន​របស់​ក្រុមហ៊ុន ដើម្បី​អ្នក​ភូមិ​ប្រើប្រាស់​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​វិញ៖ «បើក​វេទិកា​សាធារណៈ​ដើម្បី​ឲ្យ​សហគមន៍​បង្ហាញ​ពី​កង្វល់ ប៉ុន្តែ​អត់​មាន​ដំណោះស្រាយ​រហូត​សព្វថ្ងៃ»

តារាង​តាម​ដាន​ករណី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​រតនគិរី របស់​អង្គការ​លីកាដូ មាន ១០​ករណី ក្នុង​នោះ​មាន​ទំនាស់​ដីធ្លី​រវាង​សហគមន៍​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ជាមួយ​ក្រុមហ៊ុន​រ៉ែ​លោហៈ មេស្កូ ហ្គោល (Mesco Gold) បាន​ដោះស្រាយ​ចប់​សព្វគ្រប់ បន្ទាប់​ពី​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​សង​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ។

យ៉ាង​នេះ​ក្តី មន្ត្រី​ច្បាប់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក គឹត ទូច ចាត់​ទុក​ដំណើរ​បេសកកម្ម​របស់​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ថា​ជា​យន្តការ​ថ្មី​មួយ​រួម​ចំណែក​ដោះស្រាយ​ទំនាស់​នៅ​មូលដ្ឋាន។ លោក​ថា ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព គួរ​បង្កើត​ឲ្យ​មាន​សវនាការ​ត្រីកោណ រួម​មាន​អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​ពាក់ព័ន្ធ និង​គូភាគី​ទំនាស់ ដើម្បី​ផ្ទៀងផ្ទាត់​បញ្ហា​ផ្ទាល់​មុខ ដើម្បី​ដោះស្រាយ​បញ្ហា​ជាក់លាក់៖ «បញ្ហា​ប៉ះពាល់​ហ្នឹង​លូតលាស់​លឿង​ទន្ទឹម​គម្រោង​ការ​វិនិយោគ​អភិវឌ្ឍន៍ និង​សក្ដានុពល​តម្រូវ​ការ​វិនិយោគ​កើន​ឡើង​ដែរ។ អ៊ីចឹង​ជា​ការ​ប្រកួត​ប្រជែង​គំហុក​ណាស់»

តាម​ការ​គ្រោង​ទុក គណៈកម្មការ​ទី​១ ព្រឹទ្ធសភា នឹង​បន្ត​បេសកកម្ម​ដូច​គ្នា​នេះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ដើម្បី​បញ្ចប់​បេសកកម្ម​ប្រចាំ​ឆ្នាំ​២០១៥ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

发表评论

:?: :razz: :sad: :evil: :!: :smile: :oops: :grin: :eek: :shock: :???: :cool: :lol: :mad: :twisted: :roll: :wink: :idea: :arrow: :neutral: :cry: :mrgreen:

图片 表情