បញ្ហា​សុខភាព​ដែល​អណ្តាត​ប្រាប់ឱ្យដឹង​

បញ្ហា​សុខភាព​ដែល​អណ្តាត​ប្រាប់ឱ្យដឹង​

អណ្តាត​គឺជា​សាច់ដុំ​ដ៏​ខ្លាំងក្លា​មួយ​នៃ​រាងកាយ​។ អណ្តាត​ធ្វើ​ឱ្យ​យើង​ដឹង​ពី​រសជាតិ​ចំណីអាហារ ហើយ​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​បន្លឺសម្លេង​។ តែ​អណ្តាត​ក៏​អាច​បង្ហាញ​ឱ្យដឹង​ពី​សុខភាព​របស់​យើង​បាន    ដែរ​។ ពួក​គ្រូពេទ្យ​នៃ​វេជ្ជសាស្ត្រ​បុរាណ​ចិន​គេ​កំណត់​ជំងឺ​តាមរយៈ​ការពិនិត្យ​មើល​អណ្តាត​នេះ​។​

​តាមពិតទៅ អណ្តាត​គឺជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​មាន​ការប្រមូលផ្តុំ​មេរោគ​ច្រើនជាងគេ​។​

ដើម្បី​បាន​ដឹង​ពី​បញ្ហា​សុខភាព គេ​ត្រូវ​ពិនិត្យមើល​៖
-​    ​ពណ៌​
-​    ​សាច់​
-​    ​និង សំណើម​របស់​អណ្តាត​។​

​នៅពេលដែល​មាន​សុខភាព​ល្អ អណ្តាត​មាន​ពណ៌​ផ្កាឈូក ហើយ​សើម​។ អណ្តាត​ស្ងួត​ជា​សញ្ញា​ប្រាប់​ថា​មាន​កង្វះ​ជាតិ​ទឹក​។ តទៅ​នេះ​ជា​បញ្ហា​សុខភាព​មួយចំនួន​ដែល​គេ​អាច​ដឹង​បាន​តាមរយៈ​អណ្តាត​។​

អណ្តាត​ពណ៌​ក្រហម​
អណ្តាត​ពណ៌​ក្រហម​អាច​ជា​លទ្ធផល​នៃ​កង្វះ​វីតាមីន ជាពិសេស​គឺ​វីតាមីន​ប​១២ និង​បេ​៩(​អាស៊ីតហ្វូលិ​ក​)​។ បើ​អណ្តាត​ឡើង​ពណ៌​ក្រហម ហើយ​កន្តួល​តូចៗ​នៃ​អណ្តាត​រីក​ធំ នោះ​គឺ​អ្នក​អាច​កើត​ជំងឺ​អុត​ក្តាម ឬ​ជំងឺ​កា​វ៉ា​សា​គី​(​គ្រុនក្តៅ​ខ្លាំង និង​ហើម​សរសៃឈាម​) ហើយ​។​

អណ្តាត​ពណ៌​ស ឬ​មាន​ស្នាម​សៗ​
សញ្ញា​នេះ​អាច​កើតឡើង​ពី​ការរំលាយ​អាហារ​មិនល្អ តែ​ក៏​អាច​ជា​លទ្ធផល​នៃ​ការកើត​ជ្រាំង​អណ្តាត ដែល​ជា​ការរីក​រាលដាល​នៃ​មេរោគ​ផ្សិត​ឈ្មោះ​ថា​កង់​ឌី​ដា​ផងដែរ​។ ផ្សិត​នេះ​កើតមានឡើង​ជាច្រើន​នៅក្នុង​មាត់ ហើយ​បង្ក​ជា​កំណ​កសៗ​នៅលើ​អណ្តាត​។ ក្នុងករណីនេះ អ្នក​ត្រូវ​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ហើយ​។​

អណ្តាត​ពណ៌​ខ្មៅ ហើយ​ដូចជា​មាន​រោម​
បើ​អណ្តាត​មើលទៅ​ឃើញ​ខ្មៅ​ហើយ​ដូចជា​មាន​រោម​ផង នេះ​ជា​សញ្ញា​ថា​មាន​បញ្ហា​សុខភាព​ខ្លាំង     ហើយ​។ តាមពិតទៅ វា​គ្មាន​រោម​ឯណា​មក​ដុះ​នោះទេ តែ​គឺ​កន្តួល​តូចៗ​នៃ​អណ្តាត​រីក​ធំ មើល​ទៅ​ដូច​ជា​រោម​។ បញ្ហា​នេះ​អាច​បណ្តាលមកពី​ការប្រើ​ឱសថ​មួយចំនួន ជាពិសេស​គឺ​ពួក​អង់​ទី​ប៊ីយ៉ូ​ទិក ឬ​ក៏​ដោយសារ​កើត​ជំងឺ​អ្វី​មួយ​ដែល​ធ្វើឱ្យ​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​ចុះខ្សោយ​។​

មុនដំបូង វា​អាច​មាន​ការរីក​រាលដាល​នៃ​បាក់តេរី​កង់​ឌី​ដា​នៅក្នុង​បំពង់​រំលាយ​អាហារ ដែល​មិន​ធ្វើ​ឱ្យ​ឈឺចាប់​ទេ​។ ដល់​យូរៗ​ទៅ​បាក់តេរី​កើតមាន​កាន់តែ​ច្រើនឡើង រហូត​ត​មក​ដល់​អណ្តាត បង្ក​ជា​កំណក​ពណ៌​ក្រមៅ ដូចជា​ទើបតែ​ផឹក​កាហ្វេ​អីចឹង​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ពណ៌​ក៏​កាន់តែ​ខ្មៅ​ទៅៗ ហើយ​កន្តួល​តូចៗ​នៃ​អណ្តាត​ក៏​រីកធំឡើង​។​

បញ្ហា​នេះ​កើតមានឡើង​ដោយសារ​ការ​បាត់​សមតា​នៃ​មេរោគ​នៅ​ក្នុង​មាត់ ដូចជា​ដោយ​ប្រើ​ទឹក​ថ្នាំ​ខ្ពុរមាត់​ខ្លាំងពេក ជាដើម ។ គេ​អាច​ព្យាបាល​ដោយ​ប្រើ​ឱសថ​ប្រឆាំង​នឹង​ពពួក​ផ្សិត​បាន​។ ជាទូទៅ គេ​អាច​ជៀសវាង​បញ្ហា​នេះ​បាន​ដោយ​ការ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។