ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​របួស​ទៀតហើយ ដោយ​ចោទថា ចូល​កាប់​ឈើ​ខុសច្បាប់​

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ពលរដ្ឋ​ខ្មែរ​២​នាក់ ត្រូវ​ទាហាន​ថៃ​បាញ់​ឲ្យ​របួស ខណៈដែល​ពួកគេ​លួច​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុសច្បាប់ នៅ​ចំណុច​ក្បាល​អូរ​ស្វាយ កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥​។​

​    ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ​មានឈ្មោះ សុខ សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ របួស​ករ​ផ្នែក​ខាងក្រោយ និង​ម្នាក់ទៀត ឈ្មោះ វ៉ុ​ន វ៉ាន់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រងរបួស​កំភួនដៃ​ខាងស្តាំ​។ ជនរងគ្រោះ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ជ័យ​និវត្តន៍ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ។​

​    ​ចំពោះ ការ​លួច​ឆ្លងដែន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចូលក្នុង​ទឹកដី​ថៃ​កាប់​ឈើ​ក្រញូង ខុសច្បាប់​រហូត​មាន​អ្នកខ្លះ​រងរបួស អ្នកខ្លះ​ស្លាប់បាត់​បង់ជីវិត និង​អ្នកខ្លះ​ជាប់ពន្ធនាគារ​នៅ​ស្រុក​គេ​ជាដើម​នោះ រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ក៏​ដូច​អាជ្ញាធរខេត្ត តែង​បាន​អំពាវនាវ​ឲ្យ​ពួកគេ​បញ្ឈប់​សកម្មភាព​ឆ្លងដែន​ខុសច្បាប់​ជៀសវាង​ជួប គ្រោះថ្នាក់​ផ្សេងៗ និង​ជំរុញ​ឲ្យ​សមត្ថកិច្ច​តាម​ខ្សែក្រវ៉ាត់​ព្រំដែន​រឹតបន្តឹង​លើ​អំពី បញ្ហា​នេះ​ផងដែរ 

​    ​ចំណែក​ប្រជាពលរដ្ឋនៅក្នុង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដែរ​ថា បើ​ចង់​បំបាត់​ការរង​គ្រោះ​ដោយ​ការ​ឆ្លងដែន​ខុសច្បាប់​ក្នុងករណី​រឿង​ឈើ​គ្រញូង​នេះ​ឲ្យ​មាន​ប្រសិទ្ធិភាព​នោះ​គឺ​ត្រូវ​រឹតបន្តឹង និង​លុបបំបាត់​ការទិញ​លក់​ឈើ​គ្រញូង​ដោយ​ខុសច្បាប់ និង ត្រូវ​ផ្តន្ទាទោស​ចំពោះ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ។ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ឈើ​គ្រញូង​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទកំពុង​ត្រូវប៉ាន់ ឈ្មួញ​ដើររក​ទិញ​គ្រប់​ច្រកល្ហក ពិសេស​នៅតាម​ជើងភ្នំ​តាម​ខ្សែក្រវ៉ាត់​ព្រំដែន ដែលមាន​ឈ្មួញ​ខ្លះ​ដឹក​មិន​ញញើត​សមត្ថកិច្ច​នោះទេ ។ ពេលខ្លះ​មាន​គេ​និយាយថា សមត្ថកិច្ច និង​ឈ្មួញ គឺ​បក្ខពួក​តែមួយ​ថែម​ទៀតផង​៕ 

ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​របួស​ទៀតហើយ ដោយ​ចោទថា ចូល​កាប់​ឈើ​ខុសច្បាប់​
ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​របួស​ទៀតហើយ ដោយ​ចោទថា ចូល​កាប់​ឈើ​ខុសច្បាប់​