​EU៖​សង្គម​ស៊ីវិល និង​យុវជន​មាន​តួនាទី​សំខាន់​ក្នុង​កិច្ចពិភាក្សា​ដេញដោល​អំពី​បញ្ហានយោបាយ

​រាជធានី​ភ្នំពេញ​៖​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា យុវជន​កម្ពុ​ជាមាន​តួនាទី​សំខាន់​ណាស់​ក្នុង​កិច្ចពិភាក្សា​ដេញដោល​អំពី​បញ្ហា​គោលនយោបាយ​ព្រមទាំង​ធានា​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស ។ ការលើកឡើង​បែបនេះ​ធ្វើឡើង​ក្នុងពេលដែល​លោក​ឯកអគ្គរដ្ឋទូត EU ប្រចាំ​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី “​វេទិកា​វាគ្មិន​” ដែល​បាន​រៀបចំឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​និង មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ភាគី​ពាក់ព័ន្ធ សង្គម ស៊ីវិល ព្រមទាំង​យុវជន​កម្ពុជា​មួយចំនួន​ដែល​បានបញ្ចប់​ការសិក្សា​នៅ​អឺរ៉ុប សរុប​ចំនួន​ប្រហែល​មួយរយ​នាក់ ។ ដូចគ្នា​នឹង​ឆ្នាំមុនៗ​ដែរ វេទិកា​វាគ្មិន​នេះ​ធ្វើឡើង​ដោយ​អនុវត្តតាម​វិធាន​បើកទូលាយ (Chatham House rules) ដែល​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​ទាំងអស់​ចែករំលែក​ចំណេះ និង​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ដែល​ខ្លួន​ចាប់អារម្មណ៍​។ 

​    ​គួរ​បញ្ជាក់ថា ប្រធានបទ​ចំនួន​ប្រាំ​សម្រាប់​បទ​អន្តរាគមន៍​នៅ​ឆ្នាំនេះ​រួមមាន​៖​សេរីភាព នៃ​ការបង្កើត​សមាគម​, សេរីភាព​ក្នុងការ​បញ្ចេញមតិ​,​សិទ្ធិមនុស្ស និង​បរិស្ថាន​,​សិទ្ធិ​ជនជាតិដើម​ភាគតិច​,​សិទ្ធិមនុស្ស និង​យុត្តិធម៌​។ 

​    ​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា "​ការការពារ​និង​ការលើកកម្ពស់​សិទ្ធិមនុស្ស​ទូទាំង​ពិភពលោក គឺជា​គុណ​តម្លៃ​ស្នូល​របស់​សហភាព​អឺរ៉ុប ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ​ផងដែរ​។ លោក​បន្តថា សង្គម​ស៊ីវិល និង​យុវជន​កម្ពុ​ជាមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ក្នុង កិច្ចពិភាក្សា​ដេញដោល​អំពី​បញ្ហា​គោលនយោបាយ ព្រមទាំង​ធានា​ឲ្យ​មាន​ការគោរព​សិទ្ធិ​និង​សេរីភាព​មូលដ្ឋាន​ទៀតផង​" ។ ទន្ទឹម​នោះ​ប្រធានបទ​នៅក្នុង​ឆ្នាំនេះ​ឆ្លុះបញ្ចាំង​អំពី​ការប្ដេជ្ញាចិត្ត យ៉ាង​មុតមាំ​របស់​សហភាព​អឺរ៉ុប​ក្នុងការ​ដាក់បញ្ចូល​បញ្ហា​សេរីភាព​ក្នុងការ បង្កើត​សមាគម សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​បញ្ហា​សិទ្ធិមនុស្ស​នានា​ផ្សេងទៀត​ទៅក្នុង​ចំណុច​ស្នូល​នៃ​គោលនយោបាយ និង សកម្មភាព​ទាំងអស់​របស់​សហភាព​អឺរ៉ុប​។ 

​    ​យ៉ាងណាក៏ដោយ លោក George EDGAR អះអាងថា សិទ្ធិមនុស្ស​គឺជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​រួម​ប្រកបដោយ​និរន្ដរភាព ព្រមទាំង​ការចូលរួម​របស់​ពល​រដ្ឋ​នៅក្នុង​កិច្ចការ​សាធារណៈ​ផងដែរ​៕ 

​EU៖​សង្គម​ស៊ីវិល និង​យុវជន​មាន​តួនាទី​សំខាន់​ក្នុង​កិច្ចពិភាក្សា​ដេញដោល​អំពី​បញ្ហានយោបាយ
​EU៖​សង្គម​ស៊ីវិល និង​យុវជន​មាន​តួនាទី​សំខាន់​ក្នុង​កិច្ចពិភាក្សា​ដេញដោល​អំពី​បញ្ហានយោបាយ