កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​លើ​ករណី​ប៊ិច​ចំឡែក​បាញ់​មនុស្ស​ស្លាប់

រាជធានី​ភ្នំពេញ៖​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រហូតមកដល់​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥​នេះ កម្លាំង​នគរបាល​ជំនាញ​របស់លោក​បាន និង​កំពុង​ចុះ​ស្រាវជ្រាវ លើ​ករណី ប៊ិច​ចំឡែក ដែល​បាន​បាញ់​ចំ​បុរស​ម្នាក់ ស្លាប់​កាលពី ពី​យប់មិញ នៅ​ខណ្ឌ​សែន​សុខ​។ ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា យើង​មិនទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ ខណ​:​កម្លាំង​ជំនាញ​របស់​យើង កំពុងធ្វើការ​ងារ​ហ្នឹង មិនទាន់បាន​ចប់​នៅឡើយ​។ 

​    ​គួរ​បញ្ជាក់ថា រឿង​រាវ​ដ៏​កម្រ​មួយ​ស្ទើរតែ​មិន​ជួប​ទាល់តែសោះ នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ដែល​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ដោយ​មិនដឹង​ខ្លួន ហើយ​រឿង​រាវ​នេះ​បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ នៅមុខ​ឃ្លាំង​លក់​ការ៉ូ​យីហោ SH ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។ 

​    ​បើតាម​សំដី​មិត្តភក្តិ​ដែល​ធ្វើការ​ជាមួយគ្នា​បាន​ប្រាប់ថា នៅមុន​កើតហេតុ​គឺ​ជនរងគ្រោះ​បានឃើញ​កាបូប​ដាក់​លុយ​ពណ៌​ខ្មៅ​មួយ ពេល​ឃើញ ជនរងគ្រោះ​បាន​ដើរទៅ​រើសយក​មក​មើល​ក្នុង​កាបូប​នោះ ហើយ​គាត់​បាន​បន្តទៀតថា នៅក្នុង​កាបូប​នោះ​មាន​ឃើញ​កាត​ទាន​ហាន​មួយ បន្ទាប់មក​ក៏បាន​ឃើញ​ប៊ិច​ពណ៌​ខ្មៅ​មួយ​ដើម បន្ទាប់ពី​ឃើញ​ប៊ិច ហើយ​ជនរងគ្រោះ​បាន​យក​ប៊ិច​នោះ មក​សរសេរ​បាន​ពាក្យ​ពីរ​ទៅ​បី​ម៉ាត់ ក៏​ស្រាប់តែ​ឃើញ​ប៊ិច​នោះ ចម្លែក​ដោយមាន​កន្លែង​ចុច​ផ្សេង​មួយទៀត ពេលនោះ​ជនរងគ្រោះ​បាន​ចុច​ដោយ​ដាក់​ចុង​ប៊ិច​មក​ត្រង់​ខ្លួន​ផ្នែក​ខាង ឆ្វេង​ស្រាប់តែ​ប៊ិច​នោះ មាន​សំឡេង​ផ្ទុះ​ដូចជា ផាវ​គាត់​បាន​ក្រលេក​ទៅ​មើល​ជនរងគ្រោះ​បាន​ដួល​ទៅ​លើដី​បាត់ទៅហើយ ភ្លាមនោះ​គាត់​បាន​លើក​ជនរងគ្រោះ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​មាន​ស្នាម​ត្រូវ​ក្រោម​ក្លៀក​ខាងឆ្វេង​ដូចជា គ្រាប់កាំភ្លើង​បន្ទាប់មក​គាត់​បាន​ដឹក ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​តែ​ជា​អកុសល ពេលទៅដល់​ពេទ្យ​ជនរងគ្រោះ​បាន​ស្លាប់ទៅ ហើយ​គឺ​ស្លាប់​ដោយសារ ត្រូវ​គ្រាប់​ប៊ិច​នោះ​នៅជាប់​ក្នុង​ខ្លូន​។ 

​     សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ធី ធាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​លក់​ការ​រ៉ូ SH មាន​ស្រុកកំណើត នៅ​ភូមិ​ច្រនាង ឃុំ​សន​ប្បូរ ស្រុក​ប្រាសាទ​ស​ប្បូរ ខេត្តកំពង់ធំ ហើយ​យប់​នេះ​សព​ត្រូវបាន​យកទៅ​តំកល់ នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​ថ្ងៃស្អែក​ខាង​កម្លាំង​ជំនាញ​ចុះមក​វះកាត់​យក​ក្បាល​គ្រាប់​នោះ​ចេញ​ដើម្បី​ពិនិត្យ​រកហេតុ​ផល​ពិតប្រាកដ​៕ 

កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​លើ​ករណី​ប៊ិច​ចំឡែក​បាញ់​មនុស្ស​ស្លាប់
កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​លើ​ករណី​ប៊ិច​ចំឡែក​បាញ់​មនុស្ស​ស្លាប់