មកពី​លេង​បុណ្យ​សមុទ្រ​ក្រឡាប​រថយន្ត​ស្លាប់​២​នាក់ និង​របួស​៨​នាក់​

​ខេត្តកំពត​៖​យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​ស្លាប់ និង​៨​នាក់​ផ្សេងទៀត​រងរបួស​ដោយសា​រ​ក្រឡាប់​រថយន្ត ខណៈ​ធ្វើដំណើរ​ត្រឡប់​មកពី​ដើរលេង​បុណ្យ​សមុទ្រ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ វេលា​ម៉ោងជាង​១១​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ស្ពាន​លូ​ដើម​អំពិល ស្ថិតក្នុង​ភូមិ​វត្ត​ពោធិ​ឃុំ​ថ្មី​ស្រុក​ទឹកឈូ​ខេត្តកំពត ។​

​មន្ត្រីនគរបាល​ស្រុក​ទឹកឈូ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​មាន​១០​នាក់​ក្នុងនោះ​មាន​ស្ត្រី​៣​នាក់​បាន​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌​ទឹកប៊ិច​ស្លាក​លេខ​កំពត​2A-1431 ចេញពី​ស្រុក​ដងទង់​ដើម្បី​ទៅ​មើល​កម្មវិធី​បុណ្យ​សមុទ្រ​នៅឯ​ទី​រួម​ខេត្តកំពត​។ លុះ​ពេលយប់​ជ្រៅ​ក៏បាន​បើករថយន្ត​វិល​ត្រឡប់មក​លំនៅដ្ឋាន​វិញ តែ​ជា​អកុសល បើក​មិនទាន់​ដល់​លំនៅដ្ឋាន​ផង ក៏បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត ដែល​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​ស្លាប់ និង​៨​នាក់​ទៀត រងរបួស​។​

​ក្រោយពី​កើតហេតុ​កម្លាំង​នគរបាល របស់​ស្រុក​ទឹកឈូ​ចេញទៅ​ជួយ​អន្តរាគមន៍ និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹកយក​អ្នករងរបួស​ដើម្បី​សង្គ្រោះ​ភ្លាមៗ​ផងដែរ ដោយឡែក​សព​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវបាន​កម្លាំង​ចរាចរណ៍​ស្រុក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​រងចាំ​ប្រគល់​ទៅ​ឲ្យ ខាង​ម្ចាស់​វិញ​ផងដែរ​៕

មកពី​លេង​បុណ្យ​សមុទ្រ​ក្រឡាប​រថយន្ត​ស្លាប់​២​នាក់ និង​របួស​៨​នាក់​