​ប្រធាន​ពន្ធនាគារខេត្តរតនគិរី​រង​ការចោទប្រកាន់​ពី​មន្ត្រីក្រោមឱវាទ​ថា​រួមរ័ក​ជាមួយ​អ្នកទោស​

​ដោយ​៖​ភួង ផុន 

​ខេត្ត​រតន​គិ​រិ​៖​មន្ត្រី​អនុ​រ័ក្ស​ខេត្តរតនគិរី ដែលជា​មន្ត្រី​អសកម្ម​ការងារ រួមគ្នា​ផ្ដិតមេដៃ ប្ដឹងទៅ​លោក​ឧត្ដម​អគ្គានុរក្ស​ថ្នាក់​លេខ​១ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ចោទប្រកាន់​ប្រធាន​របស់ខ្លួន​ថា យកពន្ធ​នាគារ ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន និង​យក​អ្នកទោស​ស្រី​ទៅ​រួមរ័ក​។​

    មន្ត្រី​អនុរក្ស​ចំនួន​៣២​នាក់ ឈ្លៀត​ឱកាស​នៅពេល​ប្រធាន​មិន​នៅ​នាំគ្នា​ផ្ដិតមេដៃ កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ ប្ដឹង​ចោទប្រកាន់​ប្រធាន​របស់ខ្លួន​ថា យក​ពន្ធនាគារ​ធ្វើ​អាជីវកម្ម ដោយ​បញ្ចេញ​អ្នកទោស​ទៅ​ក្រៅ​ពន្ធនាគារ ដើម្បី​បំរើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មក​គំរាម​មន្ត្រី​ក្រោម​ឱ​វាទ រំលោភ​យក​ដី​ពន្ធនាគារ សង់ផ្ទះ​ផ្ទាល់ខ្លួន និង យក​អ្នកទោស​ស្រី​ឈ្មោះ ទឹង ប៉េ​ក ទៅ​រួមរ័ក​នៅផ្ទះ​របស់ខ្លួន​បានសម្រេច​៣​ដង​ទៀតផង​។​

    លិខិត​ប្ដឹង​ចោទប្រកាន់​ខាងលើនេះ លោក​ឧត្ដមសេនីយ៍ឯក ទិន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ ខេត្តរតនគិរី បាន​បដិសេធ​ទាំងស្រុង​ថា ឈ្មោះ​មន្ត្រី​ដែល​ផ្ដិតមេដៃ ប្ដឹង​លោក​សុទ្ធសឹង​ជាម​ន្ត្រី អសកម្ម​ការងារ ក្នុង​១​ខែៗ មានមុខ​ចូល​អង្គភាព​តែ​២ ទៅ​៣ ថ្ងៃ​តែប៉ុណ្ណោះ​។ លោក​បាន​បន្តថា ស្របពេល​ដែល​លោក ចាប់​រិត​បន្តឹង ព្រមទាំង​លោក​រវល់​អាពាហ៍ពិពាហ៍​កូន​ផង​នោះ ហើយក៏​ផ្ទេរសិទ្ធិ​អោយ​រង​ឡើង​ស្ដីទី ពួកគេ​ក៏បាន​ឱកាស​រួមគំនិត​គ្នា​ប្រឌិត​រឿងនេះ​ឡើង​។​

     ចំណែក​លោក សាយ ចំរើន ជា​មន្ត្រី​អនុរក្ស ដែល​បាន​ផ្ដិតមេដៃ ក្នុង​ពាក្យបណ្ដឹង​នោះ បានអោយដឹង​តាម​ទូរស័ព្ទ នៅ​រលៀ​ល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ នេះ​ថា ពេលដែល​ផ្ដិតមេដៃ​នោះ លោក​មិនបាន​ពិនិត្យ​ឯកសារ​ទេ គ្រាន់​និយាយ​គ្នា​ថា ផ្ដិតមេដៃ​ដើម្បី​តវ៉ា​ពី​ប្រាក់ចំណូល​ចំណាយ​នៅក្នុង​អង្គភាព​តែប៉ុណ្ណោះ មិនបាន​ប្ដឹង​ចោទប្រកាន់ ឬក៏​ប្ដឹង​ទំលាក់​ប្រធាន​នោះទេ​។   

    គួរ​បញ្ជាក់ថា ការប្ដឹង​ចោទប្រកាន់ថា លោក​ប្រធាន​ពន្ធនាគារ​យក​អ្នកទោស​ស្រី​ទៅ​រួមរ័ក​នៅផ្ទះ​របស់ខ្លួន​នោះ មន្ត្រី​សួរចម្លើយ​ក្នុង​ពន្ធនាគារ ក៏បាន​ធ្វើ​កំណត់ហេតុ​សាកសួរ​អ្នកទោស​ស្រី​នោះ​រួចមកហើយ​ដែរ​ថា ពុំមែន​ជាការ​ពិត​ទេ ពីព្រោះ​ពេលដែល​អ្នកទោស​ស្រី​នោះ ទៅធ្វើ​ការសំអាត​ផ្ទះ​អោយ​លោក​ប្រធាន ក៏មាន​ប្រពន្ធ​លោក​នៅផ្ទះ​ដែរ​៕

    

​ប្រធាន​ពន្ធនាគារខេត្តរតនគិរី​រង​ការចោទប្រកាន់​ពី​មន្ត្រីក្រោមឱវាទ​ថា​រួមរ័ក​ជាមួយ​អ្នកទោស​
​ប្រធាន​ពន្ធនាគារខេត្តរតនគិរី​រង​ការចោទប្រកាន់​ពី​មន្ត្រីក្រោមឱវាទ​ថា​រួមរ័ក​ជាមួយ​អ្នកទោស​
​ប្រធាន​ពន្ធនាគារខេត្តរតនគិរី​រង​ការចោទប្រកាន់​ពី​មន្ត្រីក្រោមឱវាទ​ថា​រួមរ័ក​ជាមួយ​អ្នកទោស​