គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៥​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣​ខែធ្នូ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន​១០ លើក​យប់​០៧​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០៥​នាក់​(​ប្រុស​)​របួសធ្ងន់​០៩ នាក់​(​ស្រី​២​នាក់​) របួសស្រាល ០៦​នាក់ (​ស្រី​០២) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៤​នាក់ (​យប់ ១២​នាក់​)​។ 

​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច ០៣​គ្រឿង រថយន្ត​ធំ ០៣​គ្រឿង យាន​ផ្សេងៗ ០១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន ០៣​លើក បត់​គ្រោះថ្នាក់ ០១​លើក ប្រជែង​គ្រោះថ្នាក់ ០១​លើក មិន​ប្រកាន់​ស្តាំ ០១​លើក និង​មិន​គោរព​សិទ្ធ ០២​លើក​។​

​ជាមួយគ្នា​នោះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន ៧៣០​គ្រឿង (​រថយន្ត​ធំ ២៣១​គ្រឿង​) ស្មើនឹង ៧៣០​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៤៥០​គ្រឿង ស្មើនឹង ៤៥០​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៨០​គ្រឿង ស្មើនឹង ២៨០​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៩០៦​គ្រឿង​៕ 

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៥​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់​