មេ​ល្បែង​ខ្លា​ឃ្លោ​នៅ​ផ្សារ​ដើម​ក្រឡាញ់​គំរាម​ដាក់​ខ្នោះ អ្នកសារព័ត៌មាន​៣​នាក់​

​ខេត្តសៀមរាប​៖អ្នកកាសែត​៣​រូប​ប្រចាំ​ខេត្តសៀមរាបត្រូវបាន​មេ​ល្បែងស៊ីសង​​គម្រាមកំហែង​ដាក់​ខ្នោះ និង​ប្រតាយប្រតប់ដណ្តើមយក​ម៉ាស៊ីន​ថត​វីដេអូ​ ខណៈដែល​អ្នកយកព័ត៌មាន​ទាំងនោះ​ចុះទៅ​ថត​យក​រូបភាព​ករណី​លេងល្បែង​ខ្លា​ឃ្លោក​មួយកន្លែង នៅ​ផ្សារ​ដើម​ក្រឡាញ់ សង្កាត់​គោកចក ក្រុង​សៀមរាប​។ 

​    ​អ្នកយកព័ត៌មាន​ទាំង​៣​នាក់​នោះ គឺ​ទី​១-​លោក អ៊ួ​ង ប៊ុនធឿន បម្រើការ​អង្គភាព​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣, ទី​២-​លោក លុច ណា​ម អ្នកកាសែត​ដំណឹង​ក្នុងស្រុក​, និង​ទី​៣-​លោក គឹម ភី​សី បម្រើការ​នៅ​អង្គភាព​កាសែត​អ្នកតស៊ូ​។ ក្នុងចំណោម​៣​នាក់​នោះ លោក ប៊ុនធឿន បាន​និយាយ​ឲ្យ​ដឹងថា ការចុះទៅ​ថត​ករណី​លេងល្បែង​ខ្លា​ឃ្លោក​នោះ គឺ​ធ្វើតាម​ការបង្ហាញ​ទីតាំង និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ ដែល​កើតក្តី​ក្តៅក្រហាយ ព្រោះតែ​សមាជិកគ្រួសារ​របស់ខ្លួន លង់ខ្លួន​ដោយសារតែ​បាន​ប្រព្រឹត្ត​ល្បែង​នៅ​ទីនោះ ហើយ​អ្នករងគ្រោះ​គឺ​អ្នក​នៅផ្ទះ​។​

​      អ្នកយកព័ត៌មាន​ទាំង​នោះបាន​បញ្ជាក់ថា ហេតុការណ៍​ប្រតាយប្រតប់​អ្នកព័ត៌មាន ដណ្តើមយក​ម៉ាស៊ីន​ថត​វីដេអូ ក្នុងខណៈពេល​ចុះ​ថត​បន​ល្បែង​នោះ គឺ​កើតឡើង​នៅ​ម៉ោង ៣៖៥០​នាទី រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ បណ្តាល​ឲ្យ​ខូច កាមេរ៉ា​ថត វីដេអូ​១​គ្រឿង​។ អ្នកយក​ព័ត​មាន​ដែល​ក្លាយជា​ជនរងគ្រោះ​បាន​បញ្ចា​ក់ថា មុននឹង​ចុះទៅ​ថត​បន​ល្បែង​នោះ ពួកគាត់​បានស្នើ​សុំ​សហការ​ជាមួយ​ប៉ុស្ដិ៍នគរបាល សង្កាត់​គោកចក​ផងដែរ តែ​លោ​កមេ​ប៉ុស្ដិ៍​ជាប់រវល់ ។ 

​     ក្រោយពី​ហេតុការណ៍​នោះ​កើតឡើង អ្នកយកព័ត៌មាន​រូប​នោះ បាន​សុំ​ការធ្វើអន្តរាគមន៍​រក​ខុសត្រូវ​ពី​សំណាក់​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​នគរបាល​ខេត្តសៀមរាប​ដោយផ្ទាល់​។ ប្រហែលជា​២០​នាទី​ក្រោយពី​ការសុំ​អន្តរាគមន៍ ទើប​ឃើញ​លោក​មេ​ប៉ុស្ដិ៍នគរបាល សង្កាត់​គោកចក​បានមក​ដល់ក​ន្លែ​ង​កើតហេតុ ។ 

​    ​អ្នកយកព័ត៌មាន រងគ្រោះ​រូបនោះ​បាន​និយាយថា មេ​ល្បែង​បានគ​ម្រាម​គាត់ ឲ្យ​លុប​រូបភាព​ដែល​បាន​ថត​ចោល​ឲ្យ​អស់ បើ​មិន​ដូច្នោះ​ទេ គេ​នឹងដាក់​ខ្នោះ ហើយ​បើ​ហ៊ាន​យក​រឿងនេះ​ទៅ​ផ្សព្វផ្សាយ នឹងមាន​បញ្ហា​ធំ​មិន​ខាន​។ លើសពីនេះ មេ​ល្បែង​រូបនោះ​បាន គេ​ឧទ្ទេសនាម​ខ្លួនគេ​ថា រូបគេ​ជា​ប៉ូលីស​ព្រហ្មទណ្ឌ ។ 

​    ​ប្រជាពលរដ្ឋ នៅ​ជិតៗ​នោះ​ក៏បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា បន​ល្បែង​នេះ​ឈរជើង​យូរហើយ មេ​ល្បែង​ប្រុស​ឈ្មោះ ម៉ៅ ហៅ ខ្មៅ និង មាន​មេ​ល្បែង​ស្រី​ម្នាក់ទៀត ឈ្មោះ ចែ​ម៉ាប់ និង​ជា​មេ​តុងទីន​ផងដែរ​។ 

​    ​លោក ឈុំ សំបាន មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​គោកចក បាន​ឲ្យ​ដឹងថា ឈ្មោះ ម៉ៅ ដែលជា​មេ​ល្បែង​ខ្លា​ឃ្លោក​នោះ មិនមែនជា​មេប៉ូលីស​ព្រហ្មទណ្ឌ​អី​នោះទេ ។ នៅពេលដែល​កម្លាំង​ប៉ូលីស​សង្កាត់ ចុះទៅ​អន្តរាគមន៍​នោះ មេ​ល្បែង​បានគេច​ខ្លួន​បាត់ទៅហើយ​។​

​     លោក មេ​ប៉ុស្តិ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ករណី​ខាងលើនេះ លោក​បានទទួល​ពាក្យបណ្តឹង ដែល​បាន​ធ្វើឡើង​ដោយ​ភាគី​រងគ្រោះ គឺ​អ្នកយកព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ ប្រចាំខេត្ត​សៀមរាប លើ​ករណី​ទាមទារ​សំណង ដែល​ជនសង្ស័យ​ឈ្មោះ ម៉ៅ ហៅ​ខ្មៅ មាន​ចេតនា​បង្ករ​ធ្វើ​ឲ្យ​ខូចកា​ម៉េ​រ៉ា​ថត វីដេអូ​១​គ្រឿង និង​ទូរស័ព្ទដៃ​ផងដែរ ចំពោះ​ករណី​យ៍ ប៉ះពាល់ រាងកាយ និង​ការជេរប្រមាថ​ផ្សេងៗ​ទៀត​សូម​ឲ្យ​សមត្ថកិច្ច​អនុវត្ត តាមច្បាប់​តុលាការ​ជា​ធរមាន ៕

មេ​ល្បែង​ខ្លា​ឃ្លោ​នៅ​ផ្សារ​ដើម​ក្រឡាញ់​គំរាម​ដាក់​ខ្នោះ អ្នកសារព័ត៌មាន​៣​នាក់​
មេ​ល្បែង​ខ្លា​ឃ្លោ​នៅ​ផ្សារ​ដើម​ក្រឡាញ់​គំរាម​ដាក់​ខ្នោះ អ្នកសារព័ត៌មាន​៣​នាក់​