បច្ចេកទេស​ជួសជុល​រថយន្ត​ ជំនាញ​ប្រើ​មួយ​ជីវិត​​អាច​ធ្វើ​ការ​គ្រប់​ប្រទេស

បច្ចេកទេស​ជួសជុល​រថយន្ត​ ជំនាញ​ប្រើ​មួយ​ជីវិត​​អាច​ធ្វើ​ការ​គ្រប់​ប្រទេស

ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត ជា​ជំនាញ​ដ៏​មាន​សក្ដានុពល​មួយ ស្រប​ពេល​ដែល​តម្រូវការ​​អ្នក​​ជំនាញ​ផ្នែក​នេះ​​សម្រាប់​បម្រើ​ការ​ក្នុង​​ទីផ្សារ​ការងារ​​បច្ចុប្បន្ន​កំពុង​​កើន​ឡើង។ ក្នុង​ប្រទេស​កម្ពុជា ទោះ​បី​ជា​ការ​សិក្សា​ជំនាញ​​បច្ចេកទេស​រថយន្ត​នៅ​មិន​ទាន់​មាន​ភាព​ផុលផុស​ច្រើន ហើយ​និស្សិត​មិន​សូវ​ចាប់​អារម្មណ៍​​ច្រើន ប៉ុន្តែ​ក៏​មាន​សាលា​បច្ចេកទេស​មួយ​ចំនួន​បាន​បើក​បង្រៀន​ជំនាញ​នេះ​ដល់​សិស្ស​និស្សិត​រួច​មក​ហើយ។

 

បច្ចេកទេស​ជួសជុល​រថយន្ត​ ជំនាញ​ប្រើ​មួយ​ជីវិត​​អាច​ធ្វើ​ការ​គ្រប់​ប្រទេស

 

លោក សិម សុរិន្ទ នាយក​សាលា​មធ្យម​សិក្សា​ហ្ស៊ី វ៉េ ស៉េ (JVC) បាន​មាន​ប្រសាសន៍​ថា​ ឱកាស​ការងារ​សម្រាប់​និស្សិត​ផ្នែក​បច្ចេកទេស​ជួស​ជុល​រថយន្តមាន​ច្រើន​ណាស់​ ហើយ​អាច​រក​ចំណូល​បាន​ច្រើន​​ទៀត​ផង​ទៅ​តាម​ជំនាញ​និមួយៗ។

 

លោក​បាន​បញ្ជាក់​បន្ថែម​ថា ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត​​មិន​សំដៅ​ដល់​ការ​ជួស​ជុល​រថយន្តទាំង​ស្រុង​នោះ​ទេ គឺ​អាច​មាន​ឱកាស​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក ​ប្រព័ន្ធ​ភ្លើង​រថយន្ត ​គ្រឿង​ក្រោម ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​រថយន្ត​ជាដើម លើស​ពី​នេះ​ទៀត អាច​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក​គ្រឿង​យន្ត​កសិកម្ម ត្រាក់​ទ័រ ​គ្រឿង​ចក្រ ម៉ាស៊ីន​ភ្លើង កប៉ាល់ និយាយ​រួម​គឺ ទាក់​ទង​និង​គ្រឿង​ម៉ាស៊ីន។

 

លោក​បាន​បន្ត​ទៀត​ថា និស្សិត​គួរ​បែរ​មក​ចាប់អារម្មណ៍​រៀន​ជំនាញ​វិស្វកម្ម​ផ្នែក​គ្រឿង​ម៉ាស៊ីន​នេះ​ឱ្យ​បាន​ច្រើន ព្រោះ​វា​ផ្ដល់​នូវ​ជំនាញ​ដ៏​ច្បាស់​លាស់​មួយ​សម្រាប់​ជីវិត និង​អាច​ទៅ​ធ្វើ​ការ​បាន​គ្រប់​ប្រទេស។

 

ការ​លើក​ឡើង​ដូច្នេះ គឺ​ដោយ​សារ​លោក​នាយក​សាលា​បាន​មើល​ឃើញ​ពី​ការ​សក្ដានុពល​ក្នុង​ការ​ប្រើ​ប្រាស់​គ្រឿង​ម៉ាស៊ីន​​នា​ពេល​បច្ចុប្បន្ន​កំពុង​មាន​ការ​កើន​ឡើង និង​ឱកាស​ការងារ​ជាច្រើន​ ដូច្នេះ​កាល​ណា​ការ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​កើន​ឡើង ក៏​តម្រូវ​ឱ្យ​មាន​អ្នក​ជំនាញ​ត្រៀម​ជួសជុល​គ្រឿងយន្ត​ទាំង​នោះ​ក៏​ច្រើន​ដែរ​ដើម្បី​ឱ្យ​បាន​ទាន់​ពេល​វេលា។

 

បច្ចេកទេស​ជួសជុល​រថយន្ត​ ជំនាញ​ប្រើ​មួយ​ជីវិត​​អាច​ធ្វើ​ការ​គ្រប់​ប្រទេស

 

ទាក់​ទង​ចំណុច​នេះ​ដែរ លោក គង់ នួន ​ប្រធាន​ក្រុម​ហ៊ុន តូយ៉ួតា (ខេមបូឌា) ​ក្នុង​ពិធី​ប្រគល់​អាហារូបករណ៍​បច្ចេកទេស​ជួសជុល​រថយន្ត​ដល់​សិស្ស​ក្រីក្រ​ជំនាន់​ទី ៤ និង ការ​ប្រគល់​សញ្ញាប័ត្រ​ដល់​សិស្ស​ជំនាន់​ទី ២ បាន​លើក​ទឹកចិត្ត​សិស្ស​និស្សិត​ក្រីក្រ​ក្នុង​ការ​ចាប់​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត។

 

លោក​ឲ្យ​ដឹង​ថា ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត​ជា​ជំនាញ​ដ៏​ល្អ​ និង​​ទីផ្សារ​ការងារ​កំពុង​ត្រូវការ​។ លោក​បញ្ជាក់​ថា ការ​​ដែល​ក្រុមហ៊ុន​សម្រេច​ផ្តល់​អាហារូបករណ៍​សិក្សា​ចំពោះ​និស្សិត​ក្រី​ក្រ​កម្ពុជា​ជា​ច្រើន​ជំនាន់​លើ​​ការ​សិក្សា​មុខ​ជំនាញ​ជួសជុល​រថយន្ត​​ គឺ​លោក​​​​សង្ឃឹម​ថា​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា ពួកគេ​អាច​យក​ជំនាញ​​ដ៏​មាន​តម្លៃ​នេះ​​​ប្រើប្រាស់​ពេញ​មួយ​ជីវិត​ ​និង​អាច​យក​ទៅ​ប្រកប​ការងារ​មួយ​បាន​សមរម្យ​​សម្រាប់​ជួយ​ខ្លួន​ឯង និង​ជួយ​គ្រួសារ​ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ។

 

ចុច​អាន៖ Toyota ៤ ម៉ូដែល​​ រាង​និង​តម្លៃ​ប្រហាក់​ប្រហែល​​គ្នា​តែ​ស៊ី​សាំង​ខុស​គ្នា

 

អត្ថបទ៖ រក្សា