អាល្លឺម៉ង់ ទាត់ចោលព័ត៌មាន ថាមានសំណើ បន្ថែមពីអាមេរិក ឲ្យជួយវាយពួក ISIS

ប៊ែរឡាំង៖ លោកស្រីអធិការបតី អាល្លឺម៉ង់ អេនជេឡា ម៉ាគែល កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ បានទាត់ចោល ការចុះផ្សាយរបស់ កាសែតអាល្លឺម៉ង់មួយ ដែលថាមានសំណើ ពីអាមេរិក ស្នើសុំអាល្លឺម៉ង់ ឲ្យបញ្ចេញទាហាន បន្ថែមទៀត ដើម្បីជួយសម្ព័ន្ធមិត្តមួយនេះ ក្នុងការវាយ កម្ទេចពួករដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសស៊ីរី នោះ។

សារព័ត៌មានសិង្ហបុរី CNA ចេញផ្សាយនៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះដោយឆ្លើយតប ទៅនឹងសេចក្តី រាយការណ៍ ដែលមិនពិតកន្លងមកថា “ខ្ញុំជឿជាក់ថា អាល្លឺម៉ង់ កំពុងតែ បំពេញ នូវកាតព្វកិច្ចរបស់ខ្លួន ហើយយើង មិនចាំបាច់អី ត្រូវនិយាយអំពីបញ្ហាថ្មី ដែលពាក់ព័ន្ធនឹង សំនួរដដែល នៅពេលនេះឡើយ។”

យ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ កាសែត មួយរបស់អាល្លឺម៉ង់ បានចេញ ផ្សាយថាលោករដ្ឋមន្ត្រី ការពារ ជាតិអាមេរិក អាសហ៍តុន ខាធឺ បានផ្ញើលិខិតមួយ មកអាល្លឺម៉ង់ ដោយស្នើសុំឲ្យសម្ព័ន្ធមិត្ត ខ្លួនមួយនេះ បញ្ជូនទាហានឲ្យច្រើនជាងមុនទៀត ដើម្បីជួយ វាយ កម្ទេចក្រុមរដ្ឋអ៊ីស្លាម ដែលការស្នើសុំបែបនេះ បានកើតឡើង មួយសប្តាហ៍ បន្ទាប់ពី សភា អាល្លឺម៉ង់ ឯកភាព ឲ្យរដ្ឋាភិបាលចូលរួមប្រយុទ្ធប្រឆាំង នឹងក្រុម ISIS នៅស៊ីរី នោះ។

យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ អាល្លឺម៉ង់ បានប្រកាសថាខ្លួន ពិតជាបានទទួលសំណើ ដូច្នោះមែន ដែល បានផ្ញើពីអាមេរិក ហើយប្រទេស សម្ព័ន្ធមិត្តអាមេរិក ផ្សេងទៀត ក៏បាន ទទួលសំណើដូច្នេះនេះដែរ ប៉ុន្តែយើង ត្រូវបាន ពេលវេលាបន្ថែម ដើម្បីពិចារណា។ កន្លងមក នេះ អាល្លឺម៉ង់ បានសម្រេចរួចទៅហើយថា ខ្លួនអាចបញ្ជូន យោធា ១.២០០នាក់ ទៅស៊ីរី ដើម្បីកម្ចាត់ក្រុម ISIS៕

អាល្លឺម៉ង់ ទាត់ចោលព័ត៌មាន ថាមានសំណើ បន្ថែមពីអាមេរិក ឲ្យជួយវាយពួក ISIS