អ្នកទេសចររុស្ស៊ី ងាកមក ចាប់អារម្មណ៍ តំបន់អាស៊ី ក្រោយការហាមឃាត់ ទៅតួកគី

ម៉ូស្គូ៖ អ្នករៀបចំ ដំណើរទេសចរណ៍របស់រុស្ស៊ី កំពុងដាក់គោលដៅរបស់ខ្លួន មកកាន់តំបន់ អាស៊ី វិញដូចជាប្រទេសថៃ និងចិន បន្ទាប់ពីវិស័យទេសចរណ៍រុស្ស៊ី បានហាមឃាត់ថ្ងៃឈប់ សម្រាកទៅកាន់ប្រទេសតួកគី ជាការឆ្លើយតបទៅនឹងការ បាញ់ទម្លាក់យន្ដហោះរបស់ខ្លួន នៅជិតព្រំដែនស៊ីរី កាលពីខែមុន។

ទីភ្នាក់ងាសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ក្រុមហ៊ុនទេសចរណ៍ធំជាងគេ បំផុតរបស់រុស្ស៊ី Tez Tour ដែលមានជំនួញ របស់ខ្លួននៅ តួកគី ប្រហែលជាពាក់កណ្ដាល នៅពេលថ្មីៗនេះ ត្រូវបានហាមឃាត់ និងបង្ខំឲ្យធ្វើការផ្លាស់ប្ដូរ យុទ្ធសាស្រ្តជាមួយតួកគី ហើយផ្លាស់ប្ដូរទិសដៅមកកាន់តំបន់អាស៊ីវិញ។

ប្រធានទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុនលោក ឡារីហ្សា អាកាណូវ៉ា បាននិយាយថា “យើងកំពុងផ្លាស់ប្ដូរមុខជំនួញ ព្រោះយើងដឹងថា យើងត្រូវស្វែងរកជម្រើស មិនត្រឹមតែរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្ដែយើងត្រូវសម្លឹងមើលទិសដៅបរទេសដទៃទៀត”។

យោងតាមការលើកឡើង របស់លោកស្រី ម៉ាយ៉ា ឡូមីដហ្ស៍ មកពីសមាគមប្រតិបត្តិការ ទេសចរណ៍រុស្ស៊ីបានឲ្យដឹងថា ទិសដៅទេសចរណ៍ខ្លះ ជាជម្រើស ក្នុងនោះរួមមាន អេមីរ៉ាត់ អារ៉ាប់រួម អ៊ីស្រាអែល និង ហ្សកដានី ទោះជាទិសដៅនៅតំបន់ មានអត្រាកើនឡើងក៏ដោយ។

លោកស្រីបានបន្ដទៀតថា រុស្ស៊ី គឺជាប្រទេសដ៏ធំមួយ សម្រាប់វិស័យទេសចរណ៍ អឺរ៉ុប ដោយឡែក អេហ្ស៊ីប និងតួកគី ជាទិសដៅដ៏ចម្បង៕

អ្នកទេសចររុស្ស៊ី ងាកមក ចាប់អារម្មណ៍ តំបន់អាស៊ី ក្រោយការហាមឃាត់ ទៅតួកគី