ប្រជាជន ៧២៧.០០០ នាក់ ត្រូវជម្លៀស នៅហ្វីលីពីន មុននឹងព្យុះទីហ្វុងស្រដៀង ព្យុះហៃយ៉ាន វាយប្រហារ

ម៉ានីល៖ ប្រជាជន ១៦១.០០០ គ្រួសារ ស្មើនឹង ៧២៥.០០០នាក់ ត្រូវបានអាជ្ញាធរ ជម្លៀស នៅក្នុងខេត្តចំនួនបី ស្ថិតនៅភាគ កណ្តាល ជាប់ឆ្នេរភាគខាងកើតប្រទេស បន្ទាប់ពីទទួលបាន ព័ត៌មានថា ព្យុះទីហ្វុង មេឡ័រ ដែលស្រដៀងហ្នឹងព្យុះទីហ្វុងហៃ យ៉ាន កាលពីឆ្នាំ ២០១៣ នឹងវាយប្រហារនៅយប់ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ ២០១៥ នេះ។

អាជ្ញាធរហ្វីលីពីន បានសម្រេចបិទសាលារៀន និង ផ្អាកការនេសាទនានា នៅលើ ផ្ទៃសមុទ្រ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ ២០១៥ នេះតទៅ បន្ទាប់ពីទទួល បានព័ត៌មានពីផ្នែកឧតុនិយមមកថា តំបន់ភាគខាងកើតប្រទេស ដីកោះមួយនេះ នឹងអាច ទទួលរងនូវព្យុះទីហ្វុងកំណាចជាថ្មី លាយឡំនឹង ភ្លៀងធ្លាក់ខ្លាំង និង ការបាក់ដីផងដែរ។

សារព័ត៌មានសិង្ហបុរី CNA ចេញផ្សាយនៅថ្ងៃចន្ទ នេះទៀតថា ព្យុះទីហ្វុង មែឡ័រ ដែលអាច ហៅឈ្មោះមួយទៀតថា ណូណា បានធ្វើដំណើរមកដល់រយៈចម្ងាយ ២០៥ គីឡូម៉ែត្រ ពីកោះ សាម៉ារ ភាគខាងកើតប្រទេសហើយ ដែលវានឹងមកដល់ទឹក ដីហ្វីលីពីន នៅយប់ថ្ងៃចន្ទ នេះ ជាមួយនឹងល្បឿនខ្យល់បោកបក់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង (ព្យុះកម្រិតទីពីរ)។

ផ្នែកឧតុនិយមហ្វីលីពីន បានអះអាងទៀតថា ព្យុះខាងលើនេះ វាមានមុខព្រួញមិនខុសពី ខ្យល់ព្យុះហៃយ៉ាន ដែលបាន បោកបក់ និង បង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ នៅហ្វីលីពីន កាលពី ឆ្នាំ ២០១៣ នោះឡើយ ដែលកាលណោះ មនុស្ស ៨.០០០ នាក់បានបាត់បង់ជីវិត និង បាត់ខ្លួន ដោយសារតែព្យុះហៃយ៉ាន វាយប្រហារ។

ដូច្នេះប្រទេសហ្វីលីពីន កំពុងតែត្រៀមខ្លួន កម្រិតខ្ពស់បំផុត សម្រាប់ទប់ទល់នឹងព្យុះ ណូណា ដែលអាចនឹងមកដល់ក្នុង យប់ថ្ងៃចន្ទ នេះ។ អាជ្ញាធរខេត្ត  សរសូហ្គន ដែលស្ថិតនៅមុខព្យុះ បាន បញ្ជាឲ្យបិទសាលារៀន និង ផ្អាកការនេសាទ ដើម្បីសុវត្ថិភាព៕

ប្រជាជន ៧២៧.០០០ នាក់ ត្រូវជម្លៀស នៅហ្វីលីពីន មុននឹងព្យុះទីហ្វុងស្រដៀង ព្យុះហៃយ៉ាន វាយប្រហារ