ការជំរុញ ឲ្យ​ឈឺពោះ​សម្រាលកូន (​បង្ខំ​ឲ្យ​កូន​កើត​)

ការជំរុញ ឲ្យ​ឈឺពោះ​សម្រាលកូន (​បង្ខំ​ឲ្យ​កូន​កើត​)

១. តើ​ការជំរុញឲ្យ​ឈឺ​ពោះសម្រាល មានន័យ​ដូច​ម្តេចទៅ​?
​បើសិនជា​ការ​ឈឺពោះ​សម្រាល មិន​ចាប់ផ្តើម​ដោយ​ខ្លួនឯង​ទេ គ្រូពេទ្យ​អាច​នឹង​ប្រើ​ថ្នាំ និង​វិធីសាស្ត្រ​ជាច្រើន ដើម្បី​ឲ្យ​ស្បូន​កន្ត្រាក់ ឈឺពោះ​សម្រាលកូន​តែម្តង​។ គេ​នឹង​ធ្វើ​បែប​នេះ​បាន នៅពេល​ដែល​ការ​ពរ​ពោះ​យូរពេក ប្រឈម​មុខ​ខ្ពស់​នឹង​គ្រោះថ្នាក់ ជាង​ការជំរុញអោយ​ឈឺពោះ​សម្រាល​។ គ្រូពេទ្យ​ភាគច្រើន នឹង​ជំរុញ​ឲ្យ​ឈឺ​ពោះសម្រាល បើសិនជា​អ្នក​នៅ​តែ​មានពរ​ពោះ នៅ​ចន្លោះ​ពី​មួយ​ទៅ​ពីរ​សប្តាហ៍ ក្រោយ​ថ្ងៃ​ត្រូវ​សម្រាល​។ ចំពោះ​មូលហេតុ ដែល​ត្រូវធ្វើ​បែប​នេះ គឺ​ដោយសារតែ​សុក មិនសូវ​ជា​មាន​ប្រសិទ្ធភាព ក្នុង​ការបញ្ជូន​ជីវជាតិ នៅ​ជុំវិញ​សប្តាហ៍​ទី ៤២ ទេ ហើយ​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត ទំនងជា​អាច​កើតឡើង ច្រើន​នៅពេល​មិន​សម្រាល​តាម​ពេល​កំណត់​បែបនេះ​។

២. តើ​ការជំរុញឲ្យ​ឈឺ​ពោះសម្រាល គេ​ធ្វើ​ដូចម្តេចខ្លះ​?
​មាន​វិធីសាស្ត្រ​ច្រើន ហើយ​គ្រូពេទ្យ​អាច​នឹង​ប្រើ​វា​បាន អាស្រ័យ​ទៅតាម​ស្ថានភាព​របស់​អ្នក (​អាច​មាត់ស្បូន​មិន​បើក ឬ​បើក​ហើយ អំណោយផល ឬ​មិន​អំណោយផល​) និង​ត្រូវ​ការជំរុញឲ្យ​ឈឺ​ពោះសម្រាល​ពេល​បន្ទាន់​។

​ជាធម្មតា នៅ​មន្ទីរពេទ្យ បើសិនជា​មាត់ស្បូន​បើក​មិន​អស់ ឬ​មិន​ទាន់​បើក គ្រូពេទ្យ​នឹង​ចាប់ផ្តើម​ជំរុញ​ឲ្យ​ឈឺ​ពោះសម្រាល តាមរយៈ​ការ​សុល​ថ្នាំ Prostaglandins ទៅក្នុង​ទ្វារមាស​។ ថ្នាំ​នេះ​ជួយ​ឲ្យ​មាត់ស្បូ​នទុំ​ល្អ និង​ភ្ញោ​ច​ឲ្យ​មានការ​កន្ត្រាក់​បាន​គ្រប់គ្រាន់ ដើម្បី​ចាប់ផ្តើម​សម្រាល​។

​បើសិនជា Prostaglandin មិន​មាន​ប្រសិទ្ធភាព គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ​មួយ​ទៀត​ឈ្មោះ​ថា Pitocin​។ ថ្នាំ​នេះ​ត្រូវ​ចាក់​តាម​សរសៃ​វ៉ែន និង​ប្រើ ដើម្បី​ចាប់ផ្តើម​ការ​សម្រាល ឬ​បង្ខំ​ឲ្យ​ស្បូន​កន្ត្រាក់​ដែល​អ្នក មិន​អាច​ធ្វើ​ដោយ​ខ្លួនឯងបាន​។ (​បើសិនជា​មាត់ស្បូន​ទុំ​ល្អ ដើម្បី​ចាប់ផ្តើម​រួចហើយ គ្រូពេទ្យ​នឹង​ចាប់ផ្តើម​ប្រើ Pitocin ភ្លាម​តែ​ម្តង​)៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។