ក្រោយ​ពី​សម្រាលកូន​រួច មានរឿង​អ្វី​ខ្លះ​កើតឡើង​?

ក្រោយ​ពី​សម្រាលកូន​រួច មានរឿង​អ្វី​ខ្លះ​កើតឡើង​?

​ទោះបីជា​ការ​សម្រាលកូន ប្រព្រឹតិ្ត​ទៅ​លឿន និង​ងាយស្រួល​ក៏ដោយ ក៏​អ្នក​នឹង​ត្រូវ​ចំនាយពេល​វេលា​មួយចំនួន ដើម្បី​អាច​វិល​មក​រក​សភាព​ដើម​វិញ​ដែរ​។ វា​ប្រហែលជា​រឿង​ពិបាក ប៉ុន្តែ ចូរ​ចាំ​ថា ពេលវេលា​នោះ អាច​រហូតដល់ ៩ ខែ​ឯណោះ ដូច្នេះ អ្នក​នឹង​មិន​មាន​អារម្មណ៍ល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត មក​វិញ​យ៉ាង​លឿន​នោះ​ទេ​។

​ការរំពឹង​ទុក ចំពោះ​រាងកាយ​
•​    ​អ្នក​នឹង​ចាប់ផ្តើម​ស្រក​ទម្ងន់​ភ្លាមៗ​។ ខណៈពេល​ដែល​មិន​អាច​វិល ទៅរក​ទម្ងន់​ដូច​ពេល មិនទាន់​មាន​ផ្ទៃពោះ​វិញ​បាន ស្ត្រី​ភាគច្រើន ប្រហែលជា​ស្រក​ទម្ងន់​រហូត​ដល់ ១២ ផោន​ក្រោយ​ពី​សម្រាលកូន ដែល​មាន​ទម្ងន់ ៣ ទៅ ៤ គីឡូ​រួច ព្រមទាំង​ស្រ​កបាន កន្លះ​ទៅ​មួយ​គីឡូ​ទៀត ដោយសារ​តែ​សុក និង​មួយ​គីឡូ​ផ្សេងទៀត ដោយសារ​តែ​ទឹកភ្លោះ​។ ទោះបីជា​ត្រូវ​ចំណាយពេល​មួយរយៈ ដើម្បី​រាងកាយ​វិល​ទៅរ​កស​ភាព​មិន​ទាន់​មាន​ផ្ទៃពោះ (​រូបរាង​ពោះ ពេល​មាន​ផ្ទៃពោះ ប្រហែល​ជា​នៅ​មាន​សភាព​យូរ​ថែមទៀត​) រហូត​ដល់​ចុង​សប្តាហ៍​ដំបូង​ក៏ដោយ ក៏​អ្នក​ប្រហែលជា​នឹង​ត្រូវ​ស្រក​ទម្ងន់​បាន​ជិត​ពីរ​គីឡូ​ទៀត​ដែរ​ដោយសារ​តែ​ជាតិ​ទឹក​ក្នុង​ខ្លួន ស្រាក​ស្រា​ន​ទៅវិញ​។​
•​    ​អ្នក​នឹង​ត្រូវ​ហូរ​ទឹក Lochia​។ ក្រោយ​ពី​សម្រាល​រួច កោសិកា​ជាច្រើន ដែល​ក្រាល​នៅលើ​ស្បូន នឹង​ចាប់ផ្តើម​ជ្រុះ​។ ហេតុនេះហើយ ទើប​ធ្វើឲ្យ​ហូរ​ទឹករំអិល​មួយ​ប្រភេទ ឈ្មោះថា Lochia នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​។ ដំបូង​ឡើយ ទឹករំអិល​នេះ លាយ​ជាមួយ​ឈាម ដូច្នេះ វា​នឹង​មាន​លក្ខណៈ​ក្រហម​ព្រឿងៗ និង​ដូច​ឈាម​រដូវ បន្ទាប់មក ពណ៌​នោះ​នឹង​ស្តើង​ទៅៗ​បន្តិច​ម្តងៗ​វិញ ហើយ​នៅ​ទីបំផុត វា​នឹង​ក្លាយទៅជា​ពណ៌​ស ឬ​លឿង មុន​ពេល​វា​ឈប់​ហូរ​។
•​    ​អ្នកនឹង​ប្រែប្រួល​ខាង​ផ្លូវចិត្ត​។ រយៈពេល​មួយ ឬ​ពីរ​សប្តាហ៍​ដំបូង ក្រោយ​ពី​សម្រាលកូន​រួច ។ ម្តាយ​ថ្មីថ្មោង​ជាច្រើន នឹង​មាន​អារម្មណ៍​កើតទុក្ខ ពេល​សម្រាលកូន (Baby Blues) រួច​។ អ្នក​ប្រហែលជា​ដឹងថា ខ្លួនឯង​មាន​អារម្មណ៍​មិន​ល្អ និង​ស្រក់​ទឹកភ្នែក អស់កម្លាំង មិន​អាច​ដេក​បាន ឬ​តក់ស្លុត​ក្នុង​ចិត្ត​។ របប​អាហារ​អ្នក​ក៏​ផ្លាស់ប្តូរ​ដែរ មានន័យ​ថា ប្រហែលជា​មិន​ចង់​ញ៉ាំ​អាហារ ឬ​ញ៉ាំ​កាន់តែ​ច្រើន​ថែមទៀត​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺ ផ្លូវ​ចិត្ត​នេះ​ជា​ទូទៅ​នៅ​ត្រឡប់​ទៅ​ធម្មតា​វិញ ក្នុង​រយៈពេល​ពីរ​ទៅ​បី​សប្តាហ៍​ក្រោយ​។

​ទាក់ទង​ទៅ​គ្រូពេទ្យ បើសិនជា ៖
•​    ​មាន​សញ្ញា​ហូរឈាម តាម​ទ្វារមាស​ខុស​ធម្មតា ដូចជា ធ្លាក់ឈាម​កាន់តែច្រើន លើ​ខោ​ទ្រនាប់ ក្នុង​រយៈពេល​មួយ​ម៉ោង ធ្លាក់​កំណក​ឈាម ធំ​ជាង​គ្រាប់​កូន​ហ្គោល ឬ​ហូរឈាម​ស្រស់​តែម្តង រយៈពេល​បួន​ថ្ងៃ​ឡើង​ទៅ ក្រោយ​ពី​សម្រាលកូន​រួច ព្រោះ​វា​អាច​ជា​សញ្ញា​ជំងឺ​ហូរឈាម ក្រោយ​សម្រាល​បែប​ពន្យារពេល (Delayed Postpartum Hemorrhage)​។ (​ចំណាំ ចូរ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ភ្លាម បើសិន​ជា​អ្នក​កំពុងតែ​ហូរឈាម​ច្រើនៗ ឬ​មាន​សញ្ញា​ជំងឺហ្សុក ដូចជា វិលមុខ អស់កម្លាំង បេះដូង​លោត​ញាប់ ឬ​ញ័រ​ដើមទ្រូង ដក​ដង្ហើមញាប់ បែកញើស​សើម​ស្អិត សម្រាក​មិនបាន ឬ​វង្វេងវង្វាន់​)​។
•​    ​មាន​រោគសញ្ញា​នៃ​ការបង្ក​រោគ ដូចជា ក្តៅខ្លួន​គ្រប់​ប្រភេទ ឈឺពោះ​ផ្នែក​ខាងក្រោម ហូរ​ទឹករំអិល​ដែល​មាន​ក្លិនស្អុយ ពិបាក​នោម ឈឺ​ពេល​នោម ទឹកនោម​ល្អក់ ឬ​ដូច​ឈាម របួស​ដែល​បានមក​ពី​ការ​សម្រាល ដោយ​វះ​ទៅ​ជា​ក្រហម ឈឺ ហូរ​ទឹករំអិល ឬ​ហើម (​អាច​ជា​ស្នាម​វះ ការ​កាត់​ប៉េ​រី​ណេ ឬ​ការ​ហែក​នៅ​កន្លែង​ណាមួយ​)​។ សុដន់​តែ​ម្ខាង ទៅ​ជា​ឈឺចាប់​ខ្លាំង ក្រហម ឬ​រឹង បូករួម​នឹង​ក្តៅខ្លួន គ្រុន ឈឺ​សាច់ដុំ ឬ​អស់កម្លាំង និង​ឈឺក្បាល អាច​ជា​សញ្ញា​នៃ​អាការៈរលាក​សុដន់ ឬ​មាន​ការបង្ក​រោគ​នៅ​សុដន់​។
•​    ​មាន​សញ្ញា​នៃ​ការបាក់​ទឹកចិត្ត ក្រោយ​សម្រាលកូន​រួច ដូចជា ដេក​មិន​បាន ទោះបីជា​កូន​ដេក​ហើយ​ក៏​ដោយ មានគំនិត​ថា កូន​អាចមាន​គ្រោះថ្នាក់ យំ​រាល់ថ្ងៃ​រយៈពេល​ច្រើន​ថ្ងៃ ឬ​មាន​ការភ័យខ្លាច​ខុស​ពី​ធម្មតា​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។