​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៨

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៨

​កូន​របស់​អ្នក​ក្នុង​អាទិត្យ​នេះ មាន​ប្រវែង​ប្រហែលជា ១៤ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រហែលជា ១៩៨ ក្រាម (​ប៉ុន​ម្ទេស​ប្លោក​)​។ ថ្មើរ​នេះ គេ​ប្រហែល​ជា​រវល់ កម្រើក​ដៃ​កម្រើក​ជើង បត់​ដៃ​បត់ជើង ដែល​ជា​សញ្ញា​បញ្ជាក់ថា គេ​កំពុង​មាន​ចលនា​ល្អ ឬ​កំពុង​តែ​ធាក់​ពោះ​អ្នក​ហើយ​។ ដូច្នេះ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា រីករាយ និង​រំភើប​ណាស់​ហើយ​មើលទៅ​។ សរសៃរ​ឈាម​របស់​គេ អាច​នឹង​មើលឃើញ​នៅលើ​ស្បែក ហើយ​ត្រចៀក​របស់គេ នឹង​ស្ថិត​នៅ​ទីតាំង​ចុងក្រោយ​ហើយ ទោះបីជា​វា​ស្ថិតនៅ​ក្រៅ​ក្បាល​បន្តិច​ក៏ដោយ​។​

​ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​មាន​កូនស្រី ស្បូន និង​បំពង់​ដៃ​ស្បូន បាន​លូតលាស់ និង​ស្ថិត​ក្នុង​ទីតាំង​របស់​វា​ហើយ ប៉ុន្តែ បើសិន​អ្នក​មាន​កូនប្រុស​វិញ ប្រដាប់​ភេទ​បន្ត​ពូជ​របស់​គេ ក៏​អាច​មើលឃើញ​ថា​ដែរ ប៉ុន្តែ ពេលខ្លះ វា​នឹង​បាំង​បាត់​មើល​អត់​ឃើញ ពេល​មើល​អេកូ​ពោះ​ម្តាយ​។​

​ការផ្លាសប្តូរ​ជីវិតរ​បស់​អ្នក​
​ហេវ​អត់​? សប្តាហ៍​នេះ អ្នក​ប្រហែលជា​ចាប់ផ្តើម​ឃ្លាន​ខ្លាំង​ហើយ​។ អ្នក​ប្រហែលជា​ចេះតែ ចង់​ញ៉ាំ​នេះ ញ៉ាំ​នោះ​ជាមិនខាន ប៉ុន្តែ ត្រូវ​ប្រយ័ត្ន​អំពី​ចំណីអាហារ និង​ទម្ងន់​របស់​អ្នកផង​។ កុំ​ទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់ ជាតិ​ប្រៃ ឬ​មាន​ជាតិ​ផ្អែម​ច្រើនពេក​។​

​ប្រព័ន្ធ​សរសៃឈាម​បេះដូង កំពុង​ធ្វើការ​ផ្តាស់​ប្តូរ​ខ្លាំង ដូច្នេះ អ្នក​ប្រហែលជា​មាន សម្ពាធ​ឈាម​ទាប​ជាង​ធម្មតា​បន្តិច​។ កុំ​ឆាប់​ងើប​ដើរ ឬ​ងើបឈរ​លឿន​ពេក ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក ដួល ឬ​វិលមុខ​បាន​។​

​ចាប់ពី​ពេលនេះ​តទៅ ពេល​អ្នក​គេង ចូរ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង ឲ្យបាន​ច្រើន​ជាង​ខាងស្តាំ​។ ពេល​អ្នក​គេង​ផ្ងារ ស្បូន​របស់​អ្នកនឹង​សង្កត់​ទៅលើ​សរសៃ​វ៉ែន ដែល​វា​នឹង​កាត់បន្ថយ​ឈាម ទៅកាន់​បេះដូង​។ ចូរ​សាកល្បង​ដាក់​ខ្នើយ ក្រោម​ខ្នង ឬ​ជើង​របស់​អ្នក តែ​ធ្វើ​យ៉ាងណា ត្រូវ​ឲ្យ​ស្រួល​ខ្លួន​ឯង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។