ក្មេងប្រុស​ក៏​ត្រូវការ​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន (HPV Vaccine) ដែរ​

ក្មេងប្រុស​ក៏​ត្រូវការ​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន (HPV Vaccine) ដែរ​

​មាន​មនុស្ស​ជាច្រើន​គិតថា​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន​តម្រូវ​ការពារ​តែ​មនុស្ស​ស្រី​ទេ ប៉ុន្តែ​វា​ក៏​អាច​ការពារ​ជំងឺមហារីក​ដែល​ទាក់ទង​នឹង​មេរោគ​បង្ក​ជំងឺ​នេះ​នៅ​កន្លែង​ផ្សេង​ចំពោះ​ក្មេង​ប្រុស​ដែរ​។

​មនុស្ស​ស្រី​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​ឆ្លង​ជំងឺមហារីក​មាត់ស្បូន​បង្កឡើង​ដោយ​វីរុស HPV ឬ Human Papillomavirus ទេ គឺ​អាច​កើត​លើ​មនុស្ស​គ្រប់​ភេទ​ទាំងអស់​។ ជា​រៀងរាល់ឆ្នាំ បុរស​ប្រមាណ​ជាង ៩០០០​នាក់​បាន​កើង​ជំងឺមហារីក​ដែល​បង្កឡើង​ដោយ​ការបង្ក​រោគ​ពី​វីរុស HPV​។ HPV អាច​បង្ក​ជា​មហារីក​នៅ​រន្ធ​គូថ មាត់ បំពង់ក និង​លិង្គ​របស់​បុរស​ដែរ​។

ថ្មីៗ​នេះ​ករណី​មហារីក​រន្ធ​គូថ និង​មហារីក​មាត់​កំពុងតែ​កើត​ឡើង​ខ្ពស់​។ តាមពិត​បើសិនជា​រឿង​នេះ​នៅតែ​បន្ត​ទៀត​នោះ ចំនួន​អ្នក​កើត​មហារីក​មាត់​ក្នុង​មួយឆ្នាំៗ​នឹង​ជា​អ្នក​នាំ​ឱ្យ​វីរុស HPV បង្ក​ឱ្យ​មាន​មហារីក​មាត់ស្បូន​កាន់តែច្រើន​ថែមទៀត​ក្នុង​ឆ្នាំ ២០២០ ខាងមុខ​។

មាន​ជំងឺ​មហារីក​ជាច្រើន​ដែល​បង្កឡើង​ដោយ​ការបង្ក​រោគ​របស់​វីរុស HPV អាច​ការពារ​បាន​តាម​រយៈ​ការចាក់​វ៉ាក់សាំង HPV Vaccination​។ ហើយ​គ្រូពេទ្យ និង​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​ក៏​បាន​ណែនាំ​ឱ្យ​ប្រើ​លើ​ក្មេងប្រុស​អាយុ​ចាប់ពី ១១ ទៅ​១២​ឆ្នាំ​ផង​ដែរ ព្រោះ​វា​អាច​កាត់បន្ថយ​ការ​រាលដាល ឬ​ឆ្លង​ជំងឺ​នេះ​បាន​ដូច​មនុស្ស​ស្រី​អញ្ជឹង​។

ការចាក់​វ៉ាក់សាំង​លើ​ក្មេង​ប្រុស​អាយុ​ចាប់ពី ១១ ទៅ​១២​ឆ្នាំ គឺ​ដើម្បី​ឆ្លើយតប​នឹង​ហេតុផល​ពីរ​យ៉ាង​៖

  • ​វ៉ាក់សាំង​នេះ​ត្រូវតែ​ចាក់​មុន​ពេល​ឆ្លង​ជំងឺ​នេះ​ទើប​មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺមហារីក និង​ជំងឺ ផ្សេងៗ​ដែល​បង្កឡើង​ដោយ​វីរុស HPV​។
  • ​វ៉ាក់សាំង​នេះ​នឹង​ផលិត​ជា​ការឆ្លើយតប​ប្រព័ន្ធ​ភាពស៊ាំ​ខ្ពស់​នៅ​ពេល​ពួកគេ​មាន​អាយុ​ប៉ុន​នេះ​។

​វ៉ាក់សាំង HPV ត្រូវបាន​គេ​សិក្សា​យ៉ាង​យកចិត្តទុកដាក់ និង​បង្ហាញ​ថា​មាន​សុវត្ថិភាព​ក្នុងពេល​ប្រើប្រា​ស់​។ មាន​វ៉ាក់សាំង​ប្រមាណ​ជាង​៨០​លាន​ដូ​ស​ហើយ​ដែល​ត្រូវបាន​បញ្ជូន​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​តាំងពី​ឆ្នាំ ២០០៦​មកម្ល៉េះ ហើយក៏​មិន​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​បារម្ភ​ដែរ​។ អ្វី​ដែល​ជា​ផលវិបាក​កើតមាន​ជា​ញឹកញាប់​នោះ​គឺថា មាន​ការឈឺចាប់​នៅ​កន្លែង​ចាក់ ក្តៅខ្លួន វិលមុខ និង​ចង្អោរ​។

​ក្មេងៗ​វ័យ​ជំទង់​ខ្លះ​អាច​នឹង​សន្លប់​ក្រោយពី​ពួក​គេ​ចាក់​វ៉ាកសាំង​រួច ដូច្នេះ​ពួកគេ​គួរតែ​អង្គុយ ឬ​គេង​នៅ​ពេល​ចាក់​ថ្នាំ​នេះ ហើយ​ត្រូវ​សម្រាក​ប្រហែល ៥​នាទី​សិន​ក្រោយពី​ចាក់​រួច​។ ការធ្វើ​បែប​នេះ​អាច​ជួយ​បង្ការ​ការដួលសន្លប់ និង​មាន​របួស​អ្វី​ផ្សេង​ទៀត​ខណៈ​ពេល​កំពុងតែ​សន្លប់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។