​ការមើល​ទូរទស្សន៍​ច្រើន​ពី​ក្មេង​ធ្វើ​ឱ្យ​ខួរក្បាល​អន់ថយ​ពេល​ចាស់​ទៅ​

​ការមើល​ទូរទស្សន៍​ច្រើន​ពី​ក្មេង​ធ្វើ​ឱ្យ​ខួរក្បាល​អន់ថយ​ពេល​ចាស់​ទៅ​

​អត្ថបទ​មួយ​របស់ HealthDay News កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥​បាន​និយាយថា យុវជន​ដែល​មិនសូវ​បាន​ចេញ​ទៅ​ហាត់ប្រាណ​ទេ តែ​ចំណាយពេល​ច្រើន​អង្គុយ​នៅលើ​សា​ឡុង​មើល​ទូរទស្សន៍ នឹង​មាន​សតិ​អន់​ខ្សោយ​ដល់​ពេល​ឈាន​ចូល​វ័យ​ពាក់កណ្តាល​មនុស្ស​។​

​វិទ្យាស្ថាន the Northern California Institute for Research and Education របស់​មជ្ឈមណ្ឌល the Veterans Affairs Medical Center នៅ San Francisco បាន​ធ្វើ​ការសិក្សា​លើ​មនុស្ស​ក្នុង​វ័យ​ជា​មធ្យម​២៥​ឆ្នាំ ចំនួន​៣,២០០​នាក់​(​ស្ត្រី​៥៧%) ភាគច្រើន​ជា​អ្នក​ដែល​បានបញ្ចប់​មធ្យមសិក្សា អស់​ពេល​២៥​ឆ្នាំ​។ លទ្ធផល​នៃ​ការសិក្សា​នេះ​មាន​ចុះផ្សាយ​ជា​សាធារណៈ​នៅក្នុង​ព្រឹត្តិប័ត្រ JAMA Psychiatry កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​កន្លង​ទៅ​។​

នាង Tina Hoang អ្នកដឹកនាំ​ស្រាវជ្រាវ​ម្នាក់​បាន​និយាយថា​៖ ការ​មិនសូវ​ធ្វើ​សកម្មភាព​ខាង​រាងកាយ​ហើយ​និង​ការមើល​ទូរទស្សន៍​ច្រើនពេក​នៅក្នុង​យុវវ័យ​ធ្វើ​ឱ្យ​គេ​មាន​សតិ​អន់​ខ្សោយ​ដល់​ពេល​ចូល​ដល់​មជ្ឈឹម​វ័យ ជាពិសេស​គឺ​មាន​អាយុ​៥០​ឆ្នាំ​។​

នៅក្នុង​ការសិក្សា​នេះ គេ​បាន​កំណត់​ថា​ជា​ការមើល​ទូរទស្សន៍​ច្រើនពេក​កាលណា​គេ​មើល​លើសពី​៣​ម៉ោង​ក្នុង​១​ថ្ងៃៗ​។ ចំពោះ​សកម្មភាព​ខាង​រាងកាយ​វិញ គេ​បាន​កំណត់​សកម្មភាព​ជា​ឯ​កតា​ដែល​អាស្រ័យ​ទៅតាម​រយៈពេល​និង​អាំង​តង់​ស៊ីតេនៃ​សកម្មភាព​។ ចំណែកឯ​របៀប​វាស់វែង​សតិ គេ​គិត​ទៅលើ​ការចងចាំ​ពាក្យសំដី​ដែល​និយាយ និង​សមត្ថភាព​នៅក្នុង​ការលើក​ផែនការ រៀបចំ និង​អនុវត្ត​កិច្ច​ខាង​ស្មារតី​ណាមួយ​។​

​នៅ​ចុងបញ្ចប់​នៃ​ការសិក្សា មាន​អ្នក​ដែល​គេ​តាមដាន​ចំនួន​១១%​ដែល​ត្រូវបាន​ចាត់ទុក​ថា​មើល​ទូរទស្សន៍​ច្រើន និង​១៦%​ដែល​ត្រូវបាន​ចាត់ទុក​ថា​មិនសូវ​ធ្វើ​សកម្មភាព​ខាង​រាងកាយ​។ អ្នក​ដែល​មើល​ទូរទស្សន៍​ច្រើន​មាន​ការបាត់បង់​មុខងារ​របស់​ស្មារតី​ច្រើន​ជាង​អ្នក​ដែល​មើល​ទូរទស្សន៍​តិច ហើយ​អ្នក​ដែល​មិនសូវ​ធ្វើ​សកម្មភាព​គិតគូរ​មិនបាន​លឿន​ដូច​ជា​អ្នក​ដែល​សកម្មភាព​ច្រើន​ទេ​។ ចំពោះ​អ្នក​ដែល​មើល​ទូរទស្សន៍​ច្រើន​ផង​ហើយ​មិន​សូវ​ធ្វើ​សកម្មភាព​ផង​វិញ គឺ​មាន​ការ​ឱនថយ​ខាង​សតិ​ស្មារតី​ទ្វេដង​។​

​នាង Hoang បាន​និយាយថា ក្រៅ​ពី​មូលហេតុ​ទាំងពីរ​នេះ វា​អាច​នៅ​មាន​កត្តា​ផ្សេងៗ​ទៀត​ដែល​គួរតែ​យក​មក​ពិចារណា​ថែម​ទៀត ដូចជា​កម្រិត​នៃ​ការអប់រំ សន្ទស​ន៍​ម៉ាស់​រាងកាយ ចំណីអាហារ ការជក់បារី ហើយ​និង​សុ​រា ជាដើម​។​

​នាង Susan Albers ចិត្តវិទូ​នៃ​ផ្នែក​ចិត្ត​វិកល​វិទ្យា​និង​ចិត្ត​វិទ្យា​របស់ the Cleveland Clinic in Wooster នៅ Ohio បាន​បញ្ជាក់បន្ថែម​ថា វា​ពិតជា​មាន​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត​ដែលនាំឱ្យ​ការមើល​ទូរទស្សន៍​ច្រើន​និង​ភាព​អសកម្ម​ក្នុងការ​ធ្វើ​សកម្មភាព​ធ្វើឱ្យ​សតិ​ស្មារតី​ចុះខ្សោយ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរឱ្យកត់សំគាល់​គឺ​ថា​កត្តា​ទាំងអស់​នោះ​វា​ហាក់ដូចជា​មក​ផ្តុំគ្នា​យ៉ាងនេះ​។

​អ្វី​ដែល​យុវវ័យ​ត្រូវ​ដឹង​ហើយ​ជៀសវាង​កុំឱ្យ​មាន​ផល​អាក្រក់​ដល់​ពេល​ដែល​ចាស់​ទៅ គឺ​កុំ​មើល​ទូរទស្សន៍​ច្រើន​ពេក​ពី​ក្មេង ហើយ​ឧស្សាហ៍​ធ្វើ​សកម្មភាព​ផង ដូចជា​ហាត់ប្រាណ​ជាដើម​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។