ជនជាតិ​ដើម​ភាគ​តិច​ផ្ដិត​មេដៃ​ប្ដឹង​មេ​ភូមិ​នៅ​ខេត្ត​ស្ទឹងត្រែង​ចោទ​ថា​ឲ្យ​ឈ្មួញ​កាប់​ព្រៃ​យក​ដី

ពលរដ្ឋ​រស់នៅ​ភូមិ​វាលពោធិ៍ ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ចំនួន ៩៤​នាក់ បាន​ផ្ដិត​មេដៃ​ប្ដឹង​អាជ្ញាធរ​ភូមិ ពី​បទ​បើក​ដៃ​ឲ្យ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដើម្បី​យក​ដី។ ការ​ដាក់​ពាក្យ​ប្ដឹង​នេះ បន្ទាប់​ពី​មេ​ភូមិ​វាលពោធិ៍ យក​តួនាទី​ជា​អាជ្ញាធរ កំណត់​ព្រំ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​លក់​ឲ្យ​ឈ្មួញ​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន​ជាច្រើន​ហិកតារ បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខ​របរ​ជនជាតិ​ដើម​ភាគ​តិច​កួយ ជាច្រើន​គ្រួសារ។ ចំណែក​មេ​ភូមិ​វាលពោធិ៍ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ជនជាតិ​ដើម​ភាគ​តិច​កួយ ជាង ១០​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៩០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ សុំ​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង ទាក់ទង​នឹង​រឿង​អាជ្ញាធរ​មូលដ្ឋាន ផ្តល់​សិទ្ធិ​ឲ្យ​ឈ្មួញ​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​ចម្ការ។

តំណាង​ពលរដ្ឋ លោក រស់ ឡាច ចោទ​ប្រកាន់​មេ​ភូមិ​វាលពោធិ៍ លោក អឿន ខន ថា​យក​តួនាទី​ជា​អាជ្ញាធរ លក់​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ឲ្យ​ឈ្មួញ​ប្រមាណ​ជាង ៥០​ហិកតារ កាល​ពី​ដើម​ខែ​ធ្នូ ដោយ​ពុះ​ច្រៀក​ដី​ដើម្បី​លក់ ជាន់​លើ​ដី​អាស្រ័យ​ផល​របស់​អ្នក​ភូមិ​ជាច្រើន​គ្រួសារ ដែល​ជា​ប្រភេទ​ដី​ពនេចរ ឬ​ដី​ចម្ការ​វិល​ជុំ និង​បាន​កាប់​ព្រៃ​អស់​ជាង ៥​ហិកតារ។ លោក​បន្ត​ថា ជនជាតិ​ដើម​ភាគ​តិច​កួយ ច្រើន​ធ្វើ​ចម្ការ​វិល​ជុំ​ក្នុង​ព្រៃ​ជា​រូបមន្ត​ស្បែក​ខ្លា​ជា​យូរ​មក​ហើយ តែ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ មុខ​របរ​នេះ​អ្នក​ភូមិ​កំពុង​រង​ហានិភ័យ​ធ្ងន់ធ្ងរ ខណៈ​អាជ្ញាធរ​មូលដ្ឋាន ផ្តល់​សិទ្ធិ​ឲ្យ​ឈ្មួញ​កាប់​រាន​ដី​ព្រៃ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក​ថា មេ​ភូមិ​វាលពោធិ៍ បាន​រាន​យក​ដី​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ ត្រង់​ចំណុច​ភ្នំ​ដាច់ និង​ចំណុច​ព្រៃ​ប្រឡាយ​ឡាវ និង​ប្រឡាយ​ត្រពាំង​ត្បាល់ ជាង ៥០​ហិកតារ និង​នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​ភូមិ​វាលពោធិ៍។ រហូត​បច្ចុប្បន្ន ដី​ទាំង​នោះ​ភាគ​ច្រើន​បាន​ក្លាយ​ជា​វាល មាន​ដំណាំ​ដំឡូង និង​ស្វាយ ជាដើម។ លោក​ជឿជាក់​ថា បើ​មន្ត្រី​ជំនាញ ឬ​រដ្ឋាភិបាល​បណ្តែតបណ្តោយ​ឲ្យ​ករណី​នេះ​កើត​ឡើង​ទៀត វា​នឹង​ប៉ះពាល់​ដល់​ជីវភាព​អ្នក​ភូមិ​ធ្ងន់ធ្ងរ ដែល​រស់​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ។

លោក រស់ ឡាច សង្កត់​ធ្ងន់​ថា បន្ទាប់​ពី​ពលរដ្ឋ​ជាច្រើន​ស្ម័គ្រ​ចិត្ត​ផ្ដិត​មេដៃ​ទាមទារ​ព្រៃ​ឈើ​គ្រប់គ្រង​ជា​សមូហភាព​វិញ ពួក​គេ​ត្រូវ​បាន​មេ​ភូមិ​វាលពោធិ៍ គំរាម​កំហែង៖ «ត្រួសត្រាយ​ព្រៃ​ទាំងអស់​ដើម្បី​ទុក​លក់​ឲ្យ​អ្នក​ផ្សេង។ អ្នក​ភូមិ​គេ​ថា គេ​បាន​លក់​ហើយ ដូច្នេះ​អ្នក​ណា​ហ៊ាន​ប្ដឹង អ្នក​ណា​ហ៊ាន​តវ៉ា នឹង​ទទួល​ផល​ប៉ះពាល់​នៅ​ពេល​ក្រោយ ព្រោះ​គេ​ថា គេ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ មិន​អាច​មាន​អ្នក​ណា​ចង់​ប្ដឹង​គេ​បាន​ទេ មិន​អាច​អ្នក​ណា​យក​ជ័យជម្នះ​លើ​គេ​បាន​ទេ ដោយសារ​គេ​ជា​មេ​ភូមិ​ផង បង​គេ​ជា​មេ​ឃុំ​ផង»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​វាលពោធិ៍ លោក អៀន ខន បដិសេធ​ការ​លើក​ឡើង​របស់​ពលរដ្ឋ ដោយ​អះអាង​ថា គឺ​ជា​ការ​មួលបង្កាច់​គ្មាន​មូលដ្ឋាន។ លោក​ទទួល​ស្គាល់​ថា លោក​ពិត​ជា​ធ្លាប់​កាប់​រាន​ដី​ព្រៃ​មែន តែ​ព្រៃ​នោះ គឺ​ជា​ព្រៃ​បុស្ស មាន​ដើម​ឈើ​តូចៗ​ដើម្បី​យក​ដី​ដាំ​ដំណាំ៖ «មិន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ ដូចជា បោកប្រាស់​សម្រាប់​ខ្ញុំ​ទៅ​វិញ​ទេ។ វា​អត់​ប្រាកដ​ប្រជា​ទេ ជា​រឿង​ដែល​បំផ្លើស»

ឃុំ​អន្លង់ភេ នៃ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង មាន​ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ឋិត​នៅ​ទិស​ខាង​លិច​ឆៀង​ខាង​ជើង​នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង។ ពលរដ្ឋ​រស់នៅ​ទីនោះ ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ។ ចំណែក​ព្រៃ​ឈើ​នៅ​តំបន់​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​ព្រៃ​ឡង់។

មេ​ឃុំ​អន្លង់ភេ លោក អឿន ខែម ថ្លែង​បញ្ជាក់​ថា ការ​ផ្ដិត​មេដៃ​របស់​ពលរដ្ឋ គឺ​ជា​ការ​រៀបចំ​ឡើង​ដោយ​បក្ស​នយោបាយ​ប៉ុណ្ណោះ។ លោក​អះអាង​ថា ក្រុម​ពលរដ្ឋ​ដែល​ប្រមូល​ស្នាម​មេដៃ​អ្នក​ភូមិ គឺ​ជា​ក្រុម​មនុស្ស​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង និង​មាន​មនុស្ស​មួយ​ចំនួន​ជា​អាជ្ញាធរ​មូលដ្ឋាន​មក​ពី​បក្ស​ប្រឆាំង​ដែរ។ លោក​បដិសេធ​ដែរ​ថា ពុំ​មាន​ករណី​កាប់​ព្រៃ​រាន​យក​ដី ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «ខ្ញុំ​មិន​មែន​កាន់​ជើង​មេ​ភូមិ​ទេ តែ​ការងារ​ហ្នឹង​មិន​មែន​ជាក់ស្តែង​សោះ។ សួរ​ថា​ពលរដ្ឋ​ផ្ដិត​មេដៃ​ធ្វើ​អី ផ្ដិត​មេដៃ​ការពារ​ព្រៃ​ឡង់ ផ្ទុយ​ទៅ​វិញ​ផ្ដិត​មេដៃ​ប្ដឹង​មេ​ភូមិ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល លើក​ឡើង​ថា សមាគម​បាន​ទទួល​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ដែល​មាន​ស្នាម​មេដៃ ៩៤​គ្រួសារ ករណី​អាជ្ញាធរ​ផ្តល់​សិទ្ធិ​ឲ្យ​ឈ្មួញ​កាប់​ព្រៃ។ លោក​បញ្ជាក់​ថា មុន​នឹង​សមាគម​អន្តរាគមន៍​ករណី​នេះ​ទៅ​តុលាការ និង​អាជ្ញាធរ តំណាង​ពលរដ្ឋ​ត្រូវ​ប្រមូល​ស្នាម​មេដៃ​ជា​ថ្មី​ទៀត ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​ស្នាម​មេដៃ​ទាំង​នេះ។ លោក ហូ សំអុល ជឿជាក់​ថា ពលរដ្ឋ​មាន​កង្វល់​ពី​ការ​បាត់បង់​ព្រៃ​ឈើ​ធ្លាប់​អាស្រ័យ​ផល​កន្លង​មក ខណៈ​ព្រៃ​ឈើ​មួយ​ចំនួន​ត្រូវ​គ្រប់គ្រង​ដោយ​ឯកជន៖ «ព្រោះ​ពួក​គាត់​យល់​ថា ករណី​កាប់​ព្រៃ​នៅ​ក្នុង​តំបន់​ពួក​គាត់​ហ្នឹង​នៅ​មាន​សកម្មភាព​ខ្លាំង ដែល​មិន​មាន​អ្នក​ណា​ទប់ស្កាត់ ដោយ​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ។ នេះ​គ្រាន់​តែ​សំណូមពរ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ បើ​សិន​ជា​ទទួល​ដំណឹង ពួក​គាត់​ត្រូវ​តែ​ចុះ​អន្តរាគមន៍»

ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង មាន​ពលរដ្ឋ​ជាង ៨០​ភាគរយ​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​ពឹង​អាស្រ័យ​ផល​ព្រៃ​ឈើ ដូចជា ដង​ជ័រ​ទឹក បរបាញ់​សត្វ បេះ​បន្លែ​ផ្លែ​ឈើ បោច​វល្លិ និង​រក​ឃ្មុំ ជាដើម។

សមាគម​អាដហុក រក​ឃើញ​ថា ជុំវិញ​ការ​កាប់​រាន​ដី​ព្រៃ​ដើម្បី​យក​ដី​នេះ ពុំ​មែន​កើត​មាន​ឡើង​តែ​នៅ​ឃុំ​អន្លង់ភេ ប៉ុណ្ណោះ​ទេ គឺ​នៅ​គ្រប់​ស្រុក​ទាំង​៥ នៃ​ខេត្ត​ស្ទឹងត្រែង ខណៈ​ការ​បង្ក្រាប និង​ទប់ស្កាត់​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ហាក់​មាន​តិចតួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។