កម្ពុជា-ចិន ធ្វើការចរចរ លក្ខខណ្ឌឥណទាន លើគម្រោងធ្វើ ឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ និងគម្រោងសាងសង់ ខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់

ភ្នំពេញ  ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមលោកបណ្ឌិត រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥ នេះបានដឹកនាំគណៈប្រតិភូ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការចរចាអំពី លក្ខខណ្ឌឥណទានជាមួយក្រសួងពាណិជ្ជកម្មចិន ដើម្បីស្នើសុំភាគីចិន បន្តរក្សាកម្រិតសម្បទាន នៃឥណទានសម្បទាន របស់ចិន ក្នុងខណៈដែលកម្ពុជា បានក្លាយខ្លួនពីប្រទេស ចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ក៏ដូចជា ដើម្បីស្របទៅតាមយុទ្ធ សាស្រ្តគ្រប់គ្រង បំណុលសាធារណៈរបស់កម្ពុជា។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានជម្រាបជូនភាគីចិនថា ចំណងមិត្តភាពកម្ពុជា-ចិន មានចំណាស់រាប់ សតវត្សមកហើយ ហើយចំណងមិត្តភាពជាប្រពៃណីនេះ កំពុងត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ រហូតមកទល់នឹង ពេលនេះ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ហិរញ្ញប្បទានសហប្រតិការពីប្រទេសចិន មិនត្រឹមតែបាន ជួយគាំទ្រដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានជួយពង្រឹងគោលជំហរ និងឯករាជ្យភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ គិតចាប់ពីឆ្នាំ២០០១ រហូតទល់នឹងខែវិច្ឆិកា ឆ្នាំ២០១៥ នេះ មិត្តចិនបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាប្រមាណជាង ៣ ៧២០ លានដុល្លារអាមេរិក ដែលប្រការនេះបានធ្វើឱ្យប្រទេសចិនក្លាយជាដៃគូអភិវឌ្ឍធំជាងគេរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ន។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការពិភាក្សាជាមួយភាគីចិន អំពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នៅក្នុងរយៈពេលមធ្យម និង វែងទៅខាងមុខ ដោយផ្អែកលើគោលនយោបាយការបរទេសថ្មីរបស់ចិន ជាពិសេសគំនិតផ្តួចផ្តើមរបស់ចិនស្តីពីខ្សែ ក្រវ៉ាត់មួយផ្លូវមួយ (One Belt One Road) ។នៅក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើការលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព នៃការអនុវត្តគម្រោងនានា ក្នុងក្របខណ្ឌហិរញ្ញប្បទានប្រតិបត្តិការពីចិន ជាពិសេសយន្តការក្នុងការធានានូវនិរន្តភាពរបស់គម្រោង និងលទ្ធភាពនៃការបំពេញឱ្យគ្នាទៅវិញទៅមករវាង គម្រោងដែលហិរញ្ញប្បទានដោយមិត្តចិន ជាមួយនឹងគម្រោង ដែលកម្ពុជាប្រើប្រាស់ថវិកាជាតិខ្លួនឯងផ្ទាល់ ព្រមទាំងជាមួយដៃគូផ្សេងទៀត។

លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនភាគីចិនផងដែរ អំពីស្ថានភាពនៃការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់ វិស័យ ដែលកម្ពុជាសម្រេចបាននៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ជាពិសេសការសម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់ក្នុងអត្រាមធ្យមប្រមាណជាង៧% ក្នុងមួយឆ្នាំ ក្នុងខណៈដែលអតិផរណាមានកម្រិតទាប ហើយ អត្រាប្តូរប្រាក់មានស្ថេរភាព។ទន្ទឹមនឹងនេះភាពក្រីក្ររបស់ប្រជាជនក៏ត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័ស ពោលគឺពីប្រមាណ ៥៣ ,២ % នៅក្នុងឆ្នាំ២០០៤ មកត្រឹម ១៣,៥ % នៅឆ្នាំ២០១៤ ក្នុងខណៈដែលវិសមភាព សង្គម កាន់តែរួមក្តោបតូចជាលំដាប់ ដែលប្រការនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាមិនត្រឹមតែសម្រេច បាននូវ មូលដ្ឋានសេដ្ឋកិច្ចមួយដែលមានកំណើនខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែកំណើននេះក៏កាន់តែមានគុណ ភាពផងដែរ។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក្នុងនាមលោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏បានចុះហត្ថលេខាជាមួយភាគីចិន លើលិខិតប្តូរសារសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើង នូវកំណាត់ ផ្លូវជាតិលេខ ៧ ជំហានទី១ ដែលមានទឹកប្រាក់ប្រមាណ ៤៥ លានដុល្លារអាមេរិកផងដែរ។

បន្ទាប់មក នៅរសៀលនាថ្ងៃដដែលនោះដែរ លោក វង្សី វិស្សុត ក៏បានបន្តដឹកនាំគណៈប្រតិភូ ធ្វើការពិភាក្សា ការងារជាមួយ ធនាគារនីហរ័ណ-អាហរ័ណចិន អំពីបេក្ខភាពគម្រោងឆ្នាំ ២០១៦ និងបណ្តាឆ្នាំបន្ទាប់នៅក្នុង ក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ នៅក្នុងឱកាសនោះដែរលោក វង្សី វិស្សុត ក្នុងនាមឯកឧត្តមបណ្ឌិតអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាជាមួយតំណាងធនាគារ នីហរ័ណ-អាហរ័ណចិន លើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោង សាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ជំហានទី ១ ដែលទឹកប្រាក់ប្រមាណជាង ១៦៧ លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នេះ មានគោលដៅគាំទ្រដល់ការអនុវត្តគោល នយោបាយអគ្គីសនីភាវូបនីយកម្មជនបទ របស់រាជរដ្ឋាភិបាលដើម្បីពង្រីកវិសាលភាព នៃការផ្គត់ផ្គង់អគ្គិសនី និងបញ្ចុះតម្លៃអគ្គិសនីនៅជនបទ ៕

កម្ពុជា-ចិន ធ្វើការចរចរ លក្ខខណ្ឌឥណទាន លើគម្រោងធ្វើ ឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ និងគម្រោងសាងសង់ ខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់

កម្ពុជា-ចិន ធ្វើការចរចរ លក្ខខណ្ឌឥណទាន លើគម្រោងធ្វើ ឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ និងគម្រោងសាងសង់ ខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់

កម្ពុជា-ចិន ធ្វើការចរចរ លក្ខខណ្ឌឥណទាន លើគម្រោងធ្វើ ឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ និងគម្រោងសាងសង់ ខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់

កម្ពុជា-ចិន ធ្វើការចរចរ លក្ខខណ្ឌឥណទាន លើគម្រោងធ្វើ ឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ និងគម្រោងសាងសង់ ខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់