ពលរដ្ឋជាង២០០នាក់ បន្តឡោមព័ទ្ធ ផ្ទះមេតុងទីន ឲ្យចៅសង្កាត់ ជួយអន្តរាគមន៍

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋ ជាង២០០នាក់ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ បាននាំគ្នាទៅឡោម ព័ទ្ធផ្ទះមេតុងទីន ក្រោយពីមេបានប្រមូល លុយជាង២លានដុល្លារ រត់គេចខ្លួនបាត់ កាលពីពេលថ្មីៗនេះ ក្នុងគោលបំណងឲ្យ ចៅសង្កាត់ស្វែងរកស្រ្តី ជាមេតុងទីន ដើម្បីមកដោះស្រាយនិងសងលុយទៅពួកគេវិញ។

ទោះបីជាពួកគេបានប្រើពេលវេលា ក្នុងការទាមទារអស់រយៈ ពេលជាច្រើនម៉ោង ក៏ដោយប៉ុន្តែមិនទទួល បានលទ្ធផលអ្វីនោះទេ។

ទឹកប្រាក់ប្រមាណជាង២លានដុល្លារ ត្រូវបានមេតុងទីនប្រមូលពីកូនៗ ដែលបានលេងជាមួយគ្នាជាង ២០០នាក់នោះ រត់គេចខ្លួនបាត់ បន្ទាប់មកក៍មានការភ្ញាក់ផ្អើលដល់កូនៗរហូតមកចោមរោមនៅមុខផ្ទះ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងក្រុម៧ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មេតុងទីនដែលរត់បាត់នោះត្រូវបានគេស្គាល់ឈ្មោះ ហ៊ុយ ហួច (ហៅម៉ែអចិន) ភេទស្រី អាយុ៥៧ឆ្នាំ ប្រកបមុខរបរធ្វើជាមេតុងទីននិងដើចងការប្រាក់ ដែលមានប្តីឈ្មោះ លឹម ស៊ីណាត (ហៅជាង) ជាប្រធានក្រុម ទៀត ផងហើយមានកូនក្នុងបន្ទុក៥នាក់ស្រី៣នាក់។

ប្រភពពីកូនតុងទីនបានឲ្យដឹងថា ពួកគាត់មកប្រមូលផ្តុំនៅមុខផ្ទះមេតុងទីននេះព្រោះមេ បានប្រមូលលុយពីពួក គាត់សរុបទៅជាង២លានដុល្លាហើយរត់ទៅបាត់។ តុងទីនដែលពួកគាត់លេងនោះមានច្រើននាក់ និងច្រើន ក្បាល ហើយក្នុង១ក្បាល១០០ដុល្លារ  , ៦០ដុល្លារ ៥០ដុល្លារ និង ៣០ដុល្លារ ក្នុង១ខែ។ គ្រាន់តែលុយអ្នកលេង តុងទីនដែលមេប្រមូលបាននោះក្នុងម្នាក់ៗអស់រាប់ពាន់រាប់ម៉ឺនដុល្លារ។ ក្នុងនោះក៍មានអ្នកខ្លះបានចាញ់ បោក ដោយ សារតែប្រាក់ចងការដោយឲ្យប្លង់ដី ទៅមេតុងទីននោះដាក់ដើម្បីបានការប្រាក់ និងអ្នកខ្លះទៀត បានឲ្យ លុយទៅមេតុងទីននោះយកប្រាក់ទៅដាក់ចងការឲ្យគេព្រោះចង់បានការប្រាក់ស៊ីនោះក៍អស់រាប់ពាន់ រាប់ម៉ឺនដុល្លាដែរ។

ប្រភពពីកូនតុងទីនខ្លះបាននិយាយថា មូលហេតុដែលពួកគាត់ជឿទុកចិត្ត ហើយបានលេងតុងទីន ជាមួយនោះ ព្រោះគាត់ ជាមនុស្សរស់នៅក្នុងភូមិ ហើយប្តីរបស់មេតុងទីនជាប្រធាន ក្រុមទៀត។ពួកគាត់ប្រាប់ថាកន្លង មកការលេងតុងទីននិងដាក់ប្រាក់ចងការជាមួយគាត់ជាង១០ឆ្នាំមកហើយពុំដែលមានបញ្ហាអីកើតឡើងទេ។

ពួកគាត់បានបន្តថា មុនថ្ងៃដែលមេតុងទីនរត់នោះគឺថ្ងៃទី១១ ធ្នួ ២០១៥ មេតុងទីននោះបានដើរប្រមូលលុយពី កូនៗ បានប្រមាណជាជាង១ម៉ឺនបន្ថែមទៀតទើបរត់គេចខ្លួនបាត់ ហើយពួកគាត់ក៍ត្រៀមប្តឹងទៅតុលាការផងដែរ ៕

ពលរដ្ឋជាង២០០នាក់ បន្តឡោមព័ទ្ធ ផ្ទះមេតុងទីន ឲ្យចៅសង្កាត់ ជួយអន្តរាគមន៍

ពលរដ្ឋជាង២០០នាក់ បន្តឡោមព័ទ្ធ ផ្ទះមេតុងទីន ឲ្យចៅសង្កាត់ ជួយអន្តរាគមន៍