អ្នក​ជំនាញ​ថា​កម្ពុជា​បណ្តុះ​ពលរដ្ឋ​កាន់​តែ​ច្រើន​ពី​ការ​ថែរក្សា​វត្ថុបុរាណ

អ្នក​ជំនាញ​ថា​កម្ពុជា​បណ្តុះ​ពលរដ្ឋ​កាន់​តែ​ច្រើន​ពី​ការ​ថែរក្សា​វត្ថុបុរាណ

វត្ថុបុរាណ​ក្នុង​សម័យ​អង្គរ​ ជា​ព្រះកេស​នៃ​ទេវ​ និង​វត្ថុ​សិល្បៈ​​ផ្សេងទៀត ត្រូវ​បាន​គេដាក់​តាំង​​​ក្នុង​ពិធី​ប្រគល់​​​វត្ថុបុរាណ​ទាំង​នេះ​ពី​ជនជាតិ​ន័រវែស​ ​លោក Morten Bosterud នៅ​សារមន្ទីរ​ជាតិ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៥។ វត្ថុ​បុរាណ​ទាំង​នេះ​ត្រូវ​បាន​គេ​លួច​ពី​កម្ពុជា​ក្នុង​អំឡុង​សង្គ្រាម​ជាង​៣​ទសវត្សរ៍។​លោក​ស្រី​ស្រ្តេហ៊ែន (Donna Strahan) ​ការអប់រំ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់ដឹង​អំពី​តម្លៃ​នៃ​កេរដំណែល​វប្បធម៌​គឺ​ជា​ជំហាន​សំខាន់​បំផុត​ក្នុង​ការ​អភិរក្ស​វត្ថុបុរាណ។​​​ វ៉ាស៊ីនតោន—

អ្នក​ជំនាញ​ខាង​វត្ថុបុរាណ​អាម៉េរិកាំង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បណ្តា​ប្រទេស​ដែល​មាន​កេរដំណែល​វប្បធម៌​បន្ត​អភិរក្ស​ស្នាដៃ​ទាំង​នោះ​និង​ចែករំលែក​បទពិសោធន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​ ជា​ពិសេស​ប្រទេស​ដែល​មាន​កេរដំណែល​វប្បធម៌​យូរ​លង់​ដូចជា​ប្រទេស​កម្ពុជា។

​លោក​ស្រី ដនណា ស្ត្រេហ៊ែន (Donna Strahan) ដែល​ជា​ប្រធាន​ផ្នែក​អភិរក្ស​និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​នៃ​វិចិត្រសាល​ Freer-Sackler ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​ បាន​មាន​ប្រសាសន៍​ថា ការ​អភិរក្ស​វប្បធម៌​គឺ​ជា​ការចាំបាច់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ជាតិ​នីមួយៗ​ ពីព្រោះ​ក្មេង​ជំនាន់​ក្រោយ​អាច​យល់​ដឹង​និង​រៀន​សូត្រ​អំពី​ប្រភព​របស់ដូនតា​របស់​ខ្លួន​បាន​តាមរយៈ​ស្នាដៃ​សិល្បៈ​ពី​បុរាណ​ទាំងអស់​នេះ។

«ខ្ញុំ​គិត​ថា​ វា​មាន​សារៈសំខាន់​ណាស់ក្នុង​ការ​ថែរក្សា​វប្បធម៌​របស់​អ្នក គឺ​វប្បធម៌​អាស៊ី​របស់​អ្នក​នេះ​តែ​ម្តង ព្រោះ​ថា​ តាមរយៈ​ការ​ធ្វើ​ដូច្នេះ កូន​ចៅ​ជំនាន់​ក្រោយ​អាច​រៀន​និង​មើល​ឃើញ​ថា តើ​ដូនតា​របស់​មាន​ប្រភព​មក​ពី​ណា»។

លោក​ស្រី​ស្ត្រេហ៊ែន​បាន​ថ្លែង​យ៉ាង​ដូច្នេះ បន្ទាប់​ពី​បទ​បង្ហាញ​របស់​លោកស្រី​ស្តី​ពី ​«ការ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទៅ​លើ​ទេវរូប​ធ្វើ​អំពី​សំរិទ្ធ​របស់​ខ្មែរ​នៅ​ក្នុង​សារមន្ទីរ៖ ​ការ​ស្ល​សំរិទ្ធ​នៅ​សម័យ​អង្គរ​និង​គំនិត​ច្នៃប្រឌិត​នានា​ក្នុង​សតវត្សរ៍​ទី​១១» កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។​

យ៉ាង​ណា​មិញ​ ប្រទេស​មួយ​នឹង​បាត់បង់​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ បើ​សិន​ជា​គេ​មិន​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែរក្សា​វប្បធម៌ដែល​ជា​កេរមរតក​របស់​បុព្វបុរស​របស់​គេ​ទេ​នោះ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី​ស្ត្រេហ៊ែន។

«អ្នក​នឹង​បាត់បង់​មរតក​វប្បធម៌ ​ហើយ​អ្នក​នឹង​មិន​ដឹង​ទេ​ថា ​តើ​ដូនតា​របស់​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ខ្ញុំ​គិត​ថា វា​ពិត​ជា​ទុក្ខសោក​ដ៏​ធំធេងក្នុង​ការបាត់បង់​វប្បធម៌​ជាតិ ​ដូច្នេះ​ប្រទេស​ជាតិ​មួយ​គួរ​តែ​អភិរក្ស​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ឲ្យ​បាន​គង់វង្ស»។

លោក​ស្រី​ស្រ្តេហ៊ែន​យល់​ថា​ វា​ជា​ការ​លំបាក​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​កម្ពុជា​ធ្លាប់​ជួប​ប្រទះ​នឹង​សង្គ្រាម​ស៊ីវិល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​លោក​ស្រី​មើល​ឃើញ​នូវ​ការ​យកចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​មុន​របស់​កម្ពុជា​ក្នុង​ការ​ថែរក្សា​ស្នាដៃ​សិល្បៈ​ទាំង​អស់​នោះ​។

«បច្ចុប្បន្ន​នេះ ​ពួកគេ ​[កម្ពុជា​] ហាក់​ដូចជា​មាន​ការ​ព្រួយ​បារម្ភ​និង​ចាប់អារម្មណ៍​លើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ឲ្យ​យល់​ដឹង​អំពី​ការ​ថែរក្សា​វត្ថុបុរាណ​ក្នុង​សារមន្ទីរ​ វិធី​អភិរក្ស​វប្បធម៌ ​វិធី​ថែរក្សា​សារមន្ទីរ ​និង​វិធី​អភិរក្ស​វត្ថុបុរាណ​ប្រកប​ដោយ​សុវត្ថិភាព»។ ​

ក្នុង​បទ​បង្ហាញ​ដែល​បាន​ធ្វើ​ឡើង​នៅ​វិចិត្រសាល​ Freer-Sackler លោក​ស្រី​ស្ត្រេហ៊ែន​ដែល​ជា​អ្នក​ជំនាញ​ខាង​អភិរក្ស​វត្ថុ​បុរាណ​រូប​នេះ ​បាន​បង្ហាញ​ពី​ភាព​បែក​បាក់​នៃ​ទេវរូប​សំរិទ្ធ​ខ្មែរ​ ដែល​មាន​តាំង​ពី​សតវត្សរ៍​ទី​១១​និង​ការ​ខិតខំ​អភិរក្ស​នានា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

ចំពោះ​លោក​ស្រី​ស្រ្តេហ៊ែន ​ការអប់រំ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់ដឹង​អំពី​តម្លៃ​នៃ​កេរដំណែល​វប្បធម៌​គឺ​ជា​ជំហាន​សំខាន់​បំផុត​ក្នុង​ការ​អភិរក្ស​វត្ថុបុរាណ។​

«ខ្ញុំ​គិត​ថា ​ការអប់រំ​គឺ​ជា​កត្តា​ទី​១។ ខ្ញុំ​គិត​ថា​ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​រៀន​សូត្រ​អំពី​សារៈសំខាន់​នៃ​មរតក​វប្បធម៌​របស់​ពួកគេ ដូច្នេះ​ពួកគេ​នឹង​រៀន​គោរព​និង​ឲ្យ​តម្លៃ​វត្ថុ​បុរាណ​ទាំង​នោះ​ ហើយ​តាមរយៈ​ការអប់រំ ​ខ្ញុំ​សង្ឃឹម​ថា ​ពួកគេ​នឹង​មិន​គាស់​ លួច​ និង​លក់​វត្ថុបុរាណ​ទាំង​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ​ ពួកគេ​នឹង​ជួយ​អ្នក​បុរាណវិទ្យា​ធ្វើ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ដើម្បី​ស្វែង​រក​វត្ថុបុរាណ​ទាំង​អស់​នោះ ​និង​សិក្សា​អំពី​វប្បធម៌​ជាជាង​បំផ្លិចបំផ្លាញ​វប្បធម៌»។

លោក​ចេង​ ណេរូ ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ជា​ហិរញ្ញិក​នៃ​សមាគម​មិត្ត​របស់​វប្បធម៌​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​ដែល​បាន​មាន​វត្តមាន​នៅ​ក្នុង​បទ​បង្ហាញ​នោះ​ដែរ​ ​យល់​ឃើញថា កម្ពុជា​នៅ​មិន​ទាន់ផ្តោតលើ​ការ​អភិរក្ស​វត្ថុបុរាណ​ឲ្យ​បាន​ពេញ​ទំហឹង​នៅ​ឡើយ​ទេ។ ជាទូទៅ ​សមាគម​របស់​លោក​តែងតែ​រក​ម្ចាស់​ជំនួយ​ពី​បរទេស​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ការ​ថែរក្សា​ស្នាដៃ​សិល្បៈ​នៅ​កម្ពុជា​ទៅ​វិញ។

«ខ្ញុំ​គិត​ថា ប្រទេស​យើង​នៅ​មិន​ទាន់​យក​ចិត្ត​ទុកដាក់​និង​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព​ក្នុង​ការ​ឲ្យ​តម្លៃ​ខ្ពស់​លើ​វត្ថុបុរាណ​រហូត​ឈាន​ដល់​ការ​ផ្តល់​ជា​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​អភិរក្ស​វត្ថុបុរាណ​ទាំងអស់នោះ​ទេ។ នៅ​ទីនេះ[អាមេរិក​] យើង​មាន​ម្ចាស់​ជំនួយ​ដែល​យកចិត្ត​ទុកដាក់​លើ​ការ​អភិរក្ស​វត្ថុ​បុរាណ​និង​វប្បធម៌​ខ្មែរ​យើង​ ជាង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ទៀត»។​

លោក​ណេរូ​ក៏​យល់​ស្របថា​ ការអប់រំ​គឺ​ជា​ជំហាន​ទី​១​ក្នុង​ការ​ជួយ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​វប្បធម៌​របស់​ខ្លួន។ ​សម្រាប់​លោក​ណេរូ ​ប្រព័ន្ធ​អប់រំនៅ​កម្ពុជា​មិន​ទាន់​បាន​បញ្ចូល​នូវ​កម្មវិធី​សិក្សា​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​យល់​និង​មាន​មោទនភាព​ចំពោះ​សិល្បៈ​វប្បធម៌​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ​

«ខ្ញុំ​គិត​ថា ​ជំហាន​ដំបូង​គឺ​ការអប់រំ។ យើង​ត្រូវ​ចាប់​ផ្តើម​ពី​ក្មេង​ជំនាន់​ក្រោយ​ ដោយ​ត្រូវ​អប់រំ​ពួកគេ​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​វិទ្យាល័យ»។

កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​អរិយធម៌​រុងរឿង​និង​សម្បូរ​ទៅ​ដោយ​ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ​ជា​ច្រើន​ដែលពិភព​លោក​ទទួល​ស្គាល់។ ជាក់​ស្តែង ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​អប់រំ​ វិទ្យាសាស្ត្រ​ និង​វប្បធម៌​ដែល​ហៅ​កាត់​ថា​យូណេស្កូ ​(UNESCO) ​បាន​ដាក់បញ្ចូល​ប្រាសាទ​អង្គរវត្ត​ជា​បេតិកភណ្ឌ​ពិភព​លោក​នៅ​ឆ្នាំ​១៩៩២ ​និង​ប្រាសាទ​ព្រះវិហារ​នៅ​ឆ្នាំ​២០០៨៕