កម្ពុជា​បរាជ័យ​ក្នុង​ការ​នាំ​អង្ករ​ចេញ​បាន​១​លាន​តោន

កម្ពុជា​បរាជ័យ​ក្នុង​ការ​នាំ​អង្ករ​ចេញ​បាន​១​លាន​តោន

រូបឯកសារ៖​អ្នក​លក់​ដូរ​អង្ករ​ម្នាក់​កំពុង​អ៊ុំអង្ករ​នៅ​មុខ​ហាង​អង្ករ​របស់​គាត់​នៅ​ផ្សារ​មួយ​នៅ​ទី​ក្រុងភ្នំពេញ​កាលពី​ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០០៨។ (AP/ហេង ស៊ីនិត)លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ទទួល​ស្គាល់​បរាជ័យ​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១លាន​តោន​ នៅ​ឆ្នាំ​២០១៥ ​ដោយ​សារ​តែ​ការ​នាំ​ចេញ​គឺ​បាន​តែ​៥០​%​ប៉ុណ្ណោះ​នៃ​ផែនការ។​ ភ្នំពេញ—

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ទទួល​ស្គាល់​បរាជ័យ​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១លាន​តោន​ នៅ​ឆ្នាំ​២០១៥ ​ដោយ​សារ​តែ​ការ​នាំ​ចេញ​គឺ​បាន​តែ​៥០​%​ប៉ុណ្ណោះ​នៃ​ផែនការ​នាំ​ចេញ​ដែល​បាន​កំណត់។​

ការ​ទទួល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កើត​មាន​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​ជាតិ​ នៃ​លទ្ធ​ផល​ចុងក្រោយ​ជំរឿន​កសិកម្ម​នៅ​កម្ពុជា​ ដែល​ធ្វើ​ឡើង​នៅ​ឯ​វិមាន​សន្តិភាព​ នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

ថ្លែង​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ និងអ្នក​ចូលរួម​ផ្សេង​ទៀត​នៅ​ក្នុង​ពិធី​នោះ​ លោក ​ហ៊ុន សែន ​ដែល​បាន​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​ មាន​ប្រសាសន៍​ថា​ កង្វះ​ខាត​ទុន​ក្នុង​ការ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ខ្មែរ និង​រោងចក្រ​សម្រាប់​កែ​ច្នៃ​ ក៏​ដូច​ជា​ការ​ប្រកួត​ប្រជែង​ពី​ក្រៅ​ប្រទេស​ ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​សម្រេច​គោល​ដៅ​របស់​ខ្លួន​បាន។​

«គោល​ដៅ​ប្រកប​ដោយ​មហិច្ឆតា​លើ​បញ្ហា​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ​ ចំនួន​១លាន​តោន​ គោល​ដៅ​ទី​មួយ​ គឺ​ការ​ផលិតកម្ម​ស្រូវ​គឺ​ជោគ​ជ័យ​ ប៉ុន្តែ​គោលដៅ​ទី​ពីរ​ការនាំ​ចេញ​អង្ករ​គឺ​មិន​សម្រេច​ គឺ​មិន​សម្រេច​ជោគ​ជ័យ​នោះ​ទេ។​ ប៉ុន្តែ​យើង​នឹង​ប្រឹង​បន្ត​ អ្វី​ដែល​មាន​យើង​មាន​ក្នុង​ដៃ​រួច​ហើយ​ គឺ​មិន​ឲ្យ​របូត​ទេ​ ប៉ុន្តែ​ត្រូវ​ពង្រឹង​សមត្ថភាព​របស់​យើង​ ហើយ​ត្រូវ​កាត់​បន្ថយ​នូវ​តម្លៃ​ដើម​ផលិត​ ចំពោះ​រាល់​កសិករ​របស់​យើង»។

​អ្នក​នាំ​ចេញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ក៏​ធ្លាប់​បាន​ថ្លែង​ថា​ ពួក​គេ​មិន​អាច​សម្រេច​បាន​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​មួយ​លាន​តោន​ផងដែរ​ ដោយ​ពួក​គេ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ទៅ​លើ​គ្រឿង​ចក្រ​ធុន​ធ្ងន់​ ដើម្បី​បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ​សម្រាប់​ការ​នាំ​អង្ករ​ចេញ​ ប៉ុន្តែ​ពួក​គាត់​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​អ្នក​បញ្ជា​ទិញ​មក​ពី​ប្រទេស​វៀតណាម​ ដែល​បាន​ទិញ​ស្រូវ​ពី​កសិករ​ដោយ​ឲ្យ​តម្លៃ​ខ្ពស់​នោះ​ទេ។

ប្រទេស​កម្ពុជា​អាច​ផលិត​ស្រូវ​បាន​៥​លាន​តោន​ជា​រៀងរាល់​ឆ្នាំ​ ប៉ុន្តែ​ទិន្នផល​ភាគ​ច្រើន​ត្រូវការ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក ​ឬត្រូវ​បាន​ឈ្មួញ​កណ្តាល​ទិញ​ ឬ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​ និង​វៀតណាម​ ហើយ​ត្រូវ​កែច្នៃ​ និង​លក់​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នៃ​ក្រសួង​កសិកម្ម​កាល​ពី​ពេល​កន្លង​មក។​

បើ​យោង​ទៅ​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ខុមហ្រ្វែល​កាល​ពី​ដើម​ឆ្នាំ​២០១៥​នេះ​ បាន​រក​ឃើញ​ថា​ មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៥៦,៦%​មិន​ពេញ​ចិត្ត​នឹង​គោល​នយោបាយ​រដ្ឋាភិបាល​អណត្តិ​ទី៥​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ទេ​ ​ហើយ​មាន​តែ​ប្រជា​ពលរដ្ឋ​ប្រមាណ​៤៤,៤%​តែ​ប៉ុណ្ណោះ​ ដែល​បាន​និយាយ​ថា ​បាន​ពេញ​ចិត្ត​ខ្លះ​ និង​មិន​ពេញ​ចិត្ត​ខ្លះ។​

រាជ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ពេញ​លេញ​នូវ​ការ​បំពេញ​ និង​ការ​អនុវត្ត​គោល​នយោបាយ​ចំនួន​៦​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​១៦​នៃ​គោល​នយោបាយ​ដែល​មាន​សូចនាករ​ច្បាស់​លាស់។ គោល​នយោបាយ​ដែល​អនុវត្ត​បាន​ពេញ​លេញ​នោះ​គឺ​កំណើន​សេដ្ឋកិច្ច​៧%​ក្នុង​មួយ​ឆ្នាំ​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​អត្រា​១%​ក្នុង​មួយ​ឆ្នាំ​ ការ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ដើម។

គោល​នយោបាយ​ចំនួន​៣ ​គឺ​គោល​នយោបាយ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ការ​រក្សា​ផ្ទៃ​ដី​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ និង​ការ​ដាក់​ឲ្យ​ដំណើរការ​របប​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​ឯក​ជន​នោះ​ រដ្ឋាភិបាល​អនុវត្ត​មិន​បាន​សម្រេច​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ៕