កំពូល​អ្នក​ប្រដាល់​៨​រូប តំណាង​ឲ្យ​៣​សញ្ជាតិ​ ជួប​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ PNN

កំពូល​អ្នក​ប្រដាល់​៨​រូប តំណាង​ឲ្យ​៣​សញ្ជាតិ​ ជួប​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ PNN

ជើង​ខ្លាំង ៨ រូប​ដែល​មាន​កម្ពុជា ៤ រូប ថៃ ២ រូប និង​ឡាវ ២ រូប នឹង​ប៉ះ​គ្នា​ដណ្ដើម​ខ្សែ​ក្រវាត់​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រាបៀ​លីអូ ​វគ្គ ២ ក្នុង​ប្រភេទ​​ទម្ងន់ ៦០ គីឡូ​ក្រាម​​​របស់​​ស្ថានីយ​ទូរទស្សន៍​ PNN ចាប់​ពី​ថ្ងៃ​សៅរ៍​ទី ១៩ ខែ​​ធ្នូ​។

 

កំពូល​អ្នក​ប្រដាល់​៨​រូប តំណាង​ឲ្យ​៣​សញ្ជាតិ​ ជួប​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ PNN

 

ក្នុង​សន្និសីទ​បង្ហាញ​ខ្លួន​ នា​សណ្ឋាគារ​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​ទី ​១៤ ​ខែ​ធ្នូ គេ​សង្កេត​ឃើញ​មាន​សមាសភាព ​របស់​កម្ពុជា​ទាំង ៤រូ​ប​ដូច​ជា ឡៅ ចន្ទ្រា របស់​ទ័ព​ពិសេស​ឆត្រ​យោង ៩១១ សូត្រ ប៊ុនធី សិស្ស​គុន​ក្លឹប​បក្សី​ស្លាប​ដែក​ ឃីម បូរ៉ា មកពី​រស្មី​ភូមិ​ភាគ ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ សេក គីម​ផៃ​ នៃ​ក្លឹប​អង្គរ​មានជ័យ​ខេត្ត​សៀម​រាប​​។ ចំណែក អ្នក​ប្រយុទ្ធ​ឆ្លងដែន​ពី​ថៃ​មាន Jack Nondagyim និង Kongprachin Sitsojolay ខណៈ​កីឡាករ​ឡាវ​មាន Nawna Chopadcharaphon និង Chhlam Khaw។

 

លោក សំណព្វ អ្នក​គ្រប់​គ្រង​​កម្ម​វិធី​កីឡា ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ PNN បាន​ឲ្យ​ដឹង​ថា ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ​ពី​មហាជន ក្រុមហ៊ុន​ស្រាបៀ​លីអូ ​ដែល​ជា​អ្នក​ឧបត្ថម្ភ​ផ្ដាច់​មុខ បាន​ស្នើ​​ឲ្យ​មាន​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែ​ក្រវាត់ ​អន្តរជាតិ​សាជាថ្មី​។
សម្រាប់​​​​​​​លក្ខន្តិកៈ​នៃ​ការប្រកួត គឺ​កីឡាករ​​កម្ពុជា​ស្ថិត​ក្នុង​ពូល​ជាមួយ​គ្នា ខណៈ​អ្នក​ប្រដាល់​ថៃ​នៅ​ពូល​ជាមួយ​ឡាវ ហើយ​ត្រូវ​ប្រកួត​ឆ្លង​ពូល​។ អ្នក​លេខ​១ និង លេខ ២ ប្រចាំ​ពូល​នីមួយ​ៗ នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ​គ្នា ក្នុង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ស្វែង​រក​ជើង​ខ្លាំង ដើម្បី​ទៅ​រក​ជើង​ឯក​ទឹក​ប្រាក់ ៥ ពាន់​ដុល្លារ​អាម៉េរិក នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ រួម​ទាំង​ប្រាក់​ខែ​បំប៉ន ២៥០ ដុល្លារ​ក្នុង ១ ខែ​ចំនួន​៣​ខែ​​។​ ចំណែក​ជើង​ឯក​រង​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៣ ពាន់​ដុល្លារ​ លេខ​​៣​បាន ២ ពាន់​ដុល្លារ និង​លេខ​៤ បាន ១ ពាន់​ដុល្លារ​។

 

គួរ​រំលឹក​ថា សមរភូមិ​អ្នក​ប្រយុទ្ធ​​ស្រាបៀ​លីអូ​​វគ្គ ០១ បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​តុលា ដែល​មាន សៀវ ង៉ុយ ជ​​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់ ៥៤ គីឡូ​ក្រាម​ សែ​ន រ៉ាឌី ម្ចាស់​ខ្សែ​ក្រវាត់ ៥៧ គីឡូក្រាម​ ខណៈ​កីឡាករ​ថៃ​ មង្គុនពេជ្រ ចរប្រាឌិត ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់៦៣ គីឡូក្រាម៕