ការ​កាត់​បន្ថយពន្ធ​ជំរុញ​កំណើន​លក់​រថយន្ត​ខ្លាំង​បំផុត​នៅ​ទីផ្សារ​ចិន

ប្រទេស​ចិន ៖ សមាគម​រថយន្ត​ទេសចរណ៍​ចិន កាលពី​ថ្ងៃ​ទី​៨ ធ្នូ ឲ្យ​ដឹង​ថា ការ​លក់​រថយន្ត​ប្រភេទ​ទេសចរណ៍​កាលពី​ខែ​មុន មាន​កំណើន​ខ្លាំងក្លា​ជាង​ពេល​ណា​ៗ​ទាំងអស់​ក្នុងឆ្នាំនេះ ព្រោះតែ​មានការ​ជួយ​ជ្រោមជ្រែង​តាម​រយៈ​ការ​កាត់​បន្ថយពន្ធ និង​លក្ខខណ្ឌ​អាកាសធាតុ ។

ការ​ចែកចាយ​រថយន្ត​ប្រភេទ​ស៊ី​ដាន SUV រថយន្ត​ប្រើប្រាស់​ពហុ​វិស័យ (MPV) និង​រថយន្ត​ដឹក​ទំនិញ​ខ្នាត​តូច បាន​កើនឡើង​១៧,៦% ក្នុង​ខែវិច្ឆិកា​ធៀប​នឹង​ឆ្នាំទៅ ឬ​ស្មើនឹង​២,០២​លាន​គ្រឿង ។ ចំណែក​ការ​លក់​រថយន្ត​ទេសចរណ៍​ទាំងអស់​សម្រេច​បាន​ចំនួន​១៨,២​លាន​គ្រឿង គិត​ត្រឹម​ខែវិច្ឆិកា កើនឡើង​៧,៥% ធៀប​នឹង​ឆ្នាំទៅ ។

យោង​តាម​លេខាធិការ​សមាគម លោក Cui Dongshu មាន​ប្រសាសន៍​ថា​៖ « ចាប់តាំងពី​ខែ តុលា​មក ប្រទេស​ចិន​បាន​កាត់​ពន្ធ​ទិញ​រថយន្ត​ប្រភេទ​ទេសចរណ៍ ដែល​បំពាក់​ម៉ាស៊ីន​ក្រោម​១.៦​លី​ត្រ​ពាក់កណ្តាល​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​រថយន្ត​រើប​ឡើង​វិញ ។ ចំណែក​ការ​កាត់​៥% ចេញ​ក្នុង​តម្លៃ​លក់រាយ​នៃ​រថយន្ត​អាច​ជ្រើសរើស​បាន​ដោយ​មិន​រាប់​បញ្ចូល​ពន្ធ​បន្ថែម​លើ​តម្លៃ ។ ម្យ៉ាងទៀត ការ​កាត់​ពន្ធ​ត្រូវ​គេ​រំពឹង​ថា នឹង​ជំរុញ​ការ​លក់​បាន​រាប់​ប៊ី​លាន​យន់ » ។

សមាគម​លើក​ឡើង​ទៀត​ថា ក្រៅពី​នេះ កត្តា​ដែល​ជំរុញ​ឱ្យ​ទីផ្សារ​លក់​រថយន្ត​កើនឡើង​ខ្លាំងក្លា​ក្នុង​ខែវិច្ឆិកា​នេះ គឺ​កត្តា​អាកាសធាតុ​ត្រជាក់​លាយ​លំ​ជាមួយ​អ័ព្ទ ទើប​ប្រជា​ជន​ទិញ​រថយន្ត​មក​ធ្វើ​ជា​មធ្យោបាយ​ប​ម្លា​ស់​ទី ។

កាលពី​ថ្ងៃ​ចន្ទ រដ្ឋធានី​ប៉េ​កាំ​ង​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជា​លើក​ដំបូង​ដែល​ពុំ​ធ្លាប់​មាន​ជាមួយ​កម្រិត​ប្រកាស​អាសន្ន​ខ្ពស់​បំផុត​នៃ​ការ​បំពុល​អាកាសធាតុ ។ វិធានការ​បន្ទាន់​រួម​មាន ការ​ដាក់​កម្រិត ឬ​លក្ខខណ្ឌ​លើ​រថយន្ត​ជិត​ពាក់កណ្តាល​នៅ​តាម​ដងផ្លូវ​ក្នុង​ក្រុង ដោយ​ផ្អែក​លើ​ស្លាក​លេខ​រថយន្ត​របស់​ពួក​គេ​លេខ​គូ ឬ​សេស ។

រដ្ឋាភិបាល​ចិន​កំពុង​ឈរ​លើ​ការ​រឹតត្បិត​នូវ​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ក្នុង​ឧស្សាហកម្ម​រថយន្ត និង​ការ​គ្រប់គ្រង​ការ​បញ្ចេញ​ឧស្ម័ន​របស់​យានយន្ត ដែល​ជា​ប្រភព​សំខាន់​នៃ​ការ​បំពុលបរិយាកាស ។

សមាគម​ឱ្យ​ដឹង​ថា សម្រាប់​គម្រោង​៥​ឆ្នាំ លើក​ទី​១៣​របស់​ចិន ដែល​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៦ គឺជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ការ​ដើរទៅ​រក​ថាមពលបៃតង ។ ការ​លក់​រថយន្ត​ប្រើ​ថាមពល​ថ្មី (​អគ្គិសនី​) នឹង​បន្ត​ផ្តោត​ទៅ​លើ​ទីផ្សារ​ពាណិជ្ជកម្ម​តាម​រយៈ​ការ​បន្ថយ​មាត្រដ្ឋាន​ជួយ​ទំនុកបម្រុង​សម្រាប់​អ្នកទិញ​ឯកជន​ចំពោះ​រថយន្ត​បៃតង (​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​) ៕