បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​ជំរុញ​ឱ្យ​ថៃ​ចូល​ជា​សមាជិក TPP

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​ប្រទេស​ថៃ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ដើម្បី​ធានា​បាន​នូវ​លទ្ធភាព​នាំ​ចេញ​រថយន្ត​របស់​ប្រទេស​នេះ​លើ​ដំណើរការ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ ។ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​បណ្តា​ប្រទេស​ក្នុង​តំបន់​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ចំនួន​១២ រួច​មក​ហើយ កាលពីដើម​ខែតុលា កន្លង​មក ។

លោក Pitak Pruittisarikorn នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Honda Automobile (Thailand) មាន​ប្រសាសន៍​ថា ៖ « កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ចំនួន មិន​ថា​ទ្វេភាគី ឬ​ក្នុង​តំបន់​នោះ​ទេ វា​នឹង​ផ្តល់​គុណប្រយោជន៍​ដល់​ឧស្សាហកម្ម​យានយន្ត​របស់​ថៃ ដែល​នាំ​ចេញ​៧០% នៃ​ផលិតកម្ម​សរុប​ទាំងអស់ » ។ លោក​បាន​ថ្លែង​បែប​នេះ​ក្នុង​សិក្ខាសាលា​មួយ​នៃ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​រថយន្ត​អន្តរជាតិ​របស់​ថៃ លើក​ទី​៣២ ប្រចាំឆ្នាំ​២០១៥  ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Honda Automobile បន្ត​ថា ៖ « បច្ចុប្បន្ន ថៃ​នៅ​មិន​ទាន់​បាត់បង់​ភាព​ប្រកួតប្រជែង​ច្រើន​ឡើយ បើ​ធៀប​នឹង​បណ្តា​ប្រទេស​អាស៊ាន​ដែល​បាន​ចូល​ជា​សមាជិក​របស់ TPP  ដូច​ជា ព្រុយ​ណេ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​វៀតណាម » ។

កិច្ចព្រមព្រៀង​នេះ​នឹង​នាំ​ឱ្យ​ប៉ះពាល់​ដ៏​ធំធេង​ដល់​ប្រទេស​ថៃ នៅ​ពេល​ដែល​ពួក​គេ​អភិវឌ្ឍន៍​ឧស្សាហកម្ម​រថយន្ត​ផ្ទាល់ខ្លួន​ដើម្បី​គាំទ្រ​ដល់​សមាជិក TPP ឬ​នៅ​ពេល​ឥណ្ឌូ​ណេ​ស៊ី​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Honda Automobile បាន​គូសបញ្ជាក់​ដោយ​ប្រៀបធៀប​ពី​កម្រិត​ខ្សោយ​នៃ​ការ​ប្រើប្រាស់​សមត្ថភាព​តិច​ជាង​៧០% ស្រប​ពេល​ការ​ចុះ​ខ្សោយ​ក្នុង​ឧស្សាហកម្ម​យានយន្ត​របស់​ថៃ ។ ចំណែក​សមត្ថភាព​ផលិតកម្ម​សរុប​ទាំងអស់​នៃ​ឧស្សាហកម្ម​នេះ​មាន​ចំនួន​២,៩​លាន​គ្រឿងក្នុង​មួយ​ឆ្នាំ ។

លោក​បន្ត​ថា ៖ « ប្រទេស​ថៃ​សម្រេច​បាន​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​នាំ​ចេញ ប៉ុន្តែ​នៅ​តែ​ត្រូវការ​ទិស​ដៅ​ច្រើន​ថែម​ទៀត​ដើម្បី​ជំរុញ​ការ​នាំ​ចេញ និង​ការ​សម្រេច​បាន​នូវ​សមត្ថ​ភាព​ផលិតកម្ម​ពេញលេញ ។ យើង​មិន​រំពឹង​លើ​គម្រោង​មួយ​ចំនួន​ឡើយ​ក្រោម​ដំណាក់កាល​ទី​២ នៃ​គោលការណ៍​រថយន្ត​ដែល​ជួយ​សន្សំ​សំចៃ ដើម្បី​ផលិត​ឡើង​នូវ​រថយន្ត​ដែល​អាច​មើលឃើញ​ជា​មុន​នៅ​ថ្ងៃ​អនាគត ស្រប​ពេល​ដែល​ផលិតកម្ម​បច្ចុប្បន្ន​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់ » ។

ចំណែក​លោក Ong-arj Pongkifworasin ប្រធាន​ក្លិប​ឧស្សាហកម្ម​រថយន្ត​ក្រោម​ចំណុះ​សហព័ន្ធ​ឧស្សាហកម្ម​ថៃ បាន​ថ្លែង​ថា ៖ « សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) ដែល​ចូល​ជា​ធរមាន​នៅ​ដំណាច់ឆ្នាំ​នេះ នឹង​ផ្តល់​នូវ​កត្តា​វិជ្ជមាន​សម្រាប់​ថៃ​ក្នុង​ការ​បង្កើន​ការ​នាំ​ចេញ ជា​ពិសេស រថយន្ត​ដែល​បាន​ផលិត និង​គ្រឿងបន្លាស់​ផ្សេង​ៗ​សម្រាប់​នាំ​ចេញ​ដោយ​មិន​យកពន្ធ » ។

គួរ​រំឭក​ថា ប្រទេស​ថៃ​មាន​ឧស្សាហកម្ម​រថយន្ត​ខ្លាំងក្លា​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ាន​នេះ ដែល​តំណាង​ឲ្យ​១៨% នៃ​ការ​នាំ​ចេញ​រថយន្ត ។

បច្ចុប្បន្ន អាស៊ាន​ជាប់​លំដាប់ថ្នាក់​ទី​៦ ក្នុង​ផ្នែក​ផលិតកម្ម​រថយន្ត គឺ​ផលិត​បាន​៣,៩​លាន​គ្រឿងក្នុង​មួយ​ឆ្នាំ ចំណែក​ថៃ​តំណាង​ឲ្យ​៤៩%​នៃ​ផលិតកម្ម​ទាំងអស់ ។

ការ​លក់​រថយន្ត​របស់​អាស៊ាន ក៏​ជាប់​លំដាប់​ទី​៦​ដែរ​នៅ​លើ​ពិភពលោក ដែល​លក់​ចេញ​បាន​៣,២​លាន​គ្រឿង ។ រីឯ​ការ​លក់​របស់​ឥណ្ឌូ​ណេ​ស៊ី ស្មើនឹង​៣៥% តាម​ពីក្រោយ​ដោយ​ថៃ​ដែល​លុកលុយ​ទីផ្សារ​លក់​បាន​តែ​២៦% ប៉ុណ្ណោះ ។

សម្រាប់​ថៃ ទិន្នផល​រថយន្ត​នឹង​មាន​ចំនួន​១,៩៥​លាន​គ្រឿងក្នុង​ឆ្នាំ​២០១៥ គឺ​ជាប់​លំដាប់​ទី​១២ ក្នុង​ចំណោម​ប្រទេស​ផលិត​រថយន្ត​នៅ​លើ​ពិភពលោក ហើយ​ក៏​គ្មាន​អ្វី​ប្រែប្រួល​ទេ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។

ដោយឡែក ការ​លក់​រថយន្ត​ក្នុងស្រុក​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្លាក់​ចុះ​ប្រមាណ​ជា​១៥% ឬ​ស្មើនឹង​៧៥​ម៉ឺន​គ្រឿង ខណៈ​ការ​នាំ​ចេញ​រថយន្ត​នឹង​កើនឡើង​៦,៤% ដែល​លើស​ពី​១,២​លាន​គ្រឿង ។

តាម​ការ​អះអាង​ពី​លោក Ong-arj Pongkifworasin ឱ្យ​ដឹង​ថា ៖ « ប្រតិបត្តិការ​របស់ AEC មិន​ទំនងជា​ជំរុញ​ការ​ប្រកួតប្រជែង​ទីផ្សារ​រថយន្ត​ក្នុង​តំបន់​ឡើយ ដរាបណា​សមាជិក​អាស៊ាន​កំពុង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​ទៀត ដើម្បី​ធានា​បាន​នូវ​កំណើន​ដែល​អាច​ទ្រទ្រង់​រួច​ក្នុង​តំបន់ ក៏​ដូច​ជា​ភាព​ប្រកួតប្រជែង​រយៈពេល​វែង​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​ពិភពលោក​នីមួយ​ៗ ដែល​មិន​គួរ​កំណត់​មូលដ្ឋាន​ផលិតកម្ម​ត្រួត​លើ​គ្នា​នៅ​ក្នុង​បណ្តា​ប្រជាជាតិ​អាស៊ាន​ដទៃ​នោះ​ឡើយ » ៕